ភ្នំពេញ៖ តារា​ចម្រៀង​ទម្រង់​មុខ​បែប​ឃ្យូត​អ្នកនាង ពេជ្រ សូលីកា ថ្មីៗ​នេះ​បាន​បង្ហោះ​រូប​ឧបករណ៍​តេស្ត​មាន​គភ៌​អម​ជា​មួយរូប​សញ្ញា​លើក​ដៃ​សំពះ សញ្ញា​ពេញ​ចិត្ត និង​រូប​ក្មេងស្រី ដែល​ធ្វើ​ឱ្យ​​មហាជន និង​អ្នក​គាំទ្រ​នាង​សង្ស័យ ថា តារា​ស្រី​រូប​នេះ កំពុង​តែ​ពពោះ​កូន​ទី២។

ការ​បង្ហោះ​រូបភាព​របស់​តារា​ចម្រៀង​កូន ១ អ្នកនាង ពេជ្រ សូលីកា បាន​ទាក់ទាញ​ចម្ងល់​ជា​ច្រើន ដោយ​ក្នុង​នោះ​សូម្បី​តែ​មិត្ត​រួម​អាជីព​សិល្បៈ អ្នកនាង ម៉ាក់ សែនសូនីតា ហៅ តូតា ក៏​បាន​ឈ្លេច​សួរ​ថា «មែន​អី?»។

[img[

អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់​​ក៏​បាន​បញ្ចេញមតិ​ថា៖ «នេះ​ហើយ​លទ្ធផល​កូវីដ​នៅ​តែ​ផ្ទះ ចេញ​ពី​បន្ទប់​ញ៉ាំ​បាយ ញ៉ាំ​បាយ​ចូល​បន្ទប់​ឥឡូវ ២ កាំ»។

ទោះ​ជា​មាន​អ្នក​គាំទ្រ​ជា​ច្រើន​សាទរ​នឹង​ដំណឹង​ពី​តម្រុយ​ពពោះ ក៏​មាន​មតិ​ដទៃ​ទៀត​សង្ស័យ​ថា ការ​បង្ហោះ​រូប​ឧបករណ៍​តេស្ត​មានគភ៌​កូន​ស្រី​របស់​អ្នកនាង ពេជ្រ សូលីកា នោះ​ត្រឹមតែ​ជា​ការ​លេង​សើច​ប៉ុណ្ណោះ ស្រប​ពេល​ដែល​ថ្ងៃទី ១ ខែ​មេសា ជា​ថ្ងៃ April Fools'' Day ជា​ទិវា​លេង​សើច និយាយ​កុហក​បែប​សប្បាយៗ​តាម​ប្រពៃណី​បស្ចិម​ប្រទេស។

ទិវា​លេង​សើច​នេះ ត្រូវ​បាន​គេ​ជឿថា កកើត​តាំង​ពី​ឆ្នាំ ១៥៨២ ដោយ​អនុញ្ញាត​ឱ្យ​មាន​ការ​លេង​សើច ឬ​និយាយ​កុហក ​ដើម្បី​ពញ្ញាក់​អារម្មណ៍ និង​បង្ក​ភាព​សប្បាយ​រីករាយ​ដល់​មិត្តភក្ដិ​បងប្អូន តែ​យ៉ាងណា​ពុំ​មាន​បង្ក​ផល​ប៉ះពាល់ ឬ​គ្រោះ​ថ្នាក់​ដល់​នរណា​ឡើយ។

ដោយ​ការ​បង្ហោះ​តម្រុយ​ពពោះ​កូន​ទី២ នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ចំ​ទិវា April Fools'' Day អ្នក​បញ្ចេញមតិ​ជាច្រើន​បាន​លើក​ឡើង​ថា អ្នកនាង ពេជ្រ សូលីកា គ្រាន់​តែ​លេង​សើច​ប៉ុណ្ណោះ។

គួរ​រំឭក​ផង​ដែរ​ថា អ្នកនាង ពេជ្រ សូលីកា បាន​ភ្ជាប់​ពាក្យ​ជាមួយ​លោក គឹម ហាន កាល​ពី​ខែ​តុលា ឆ្នាំ ២០១៩ ហើយ​អ្នក​ទាំង ២ បាន​ស្វាគមន៍​តំណក់​ឈាម​ដំបូង ជា​កូន​ប្រុស​ក្នុង​ខែ​ឧសភា ឆ្នាំ ២០២០។

ជុំវិញ​ដំណឹង​នៃ​ការ​ពពោះ​កូន​ទី២ តារា​ស្រី​ដែល​តែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែម​នឹង​គូស្នេហ៍ និង​មមាញឹក​នឹង​ជំនួញ​លក់​ទឹក​ក្រូច និង​ផលិតផល​ថែ​សម្ផស្ស​រូប​នេះ ពុំ​បាន​ធ្វើ​ការ​បកស្រាយ​ទេ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ៕