ភ្នំពេញ៖ ខ្សែ​ភាពយន្ត​ខ្នាត​ធំ​​ ដែល​ពោរពេញ​​ទៅ​ដោយ​ឈុត​ឆាក​បែប​​​ភ័យ​ ព្រឺព្រួច និង​បង្កប់​​ភាព​​អាថ៌​កំបាំង​ សម្តែង​​​ដោយ​​តារា​ភាពយន្ត​​ចម្រុះ​ជាតិ​សាសន៍ ​រវាង​កម្ពុជា និង​ជប៉ុន​ ​​ដែល​មាន​​ចំណង​ជើង​ថា «​អ្នក​​​ស្នង​អគារ-Tenement​» ​ការ​​និពន្ធ និង​​ដឹក​នាំ​ដោយ​​​​ផលិតករ​ល្បីៗ គឺ​ជា​វណ្ណកម្ម​នៃ​ផលិតកម្ម ​Kongchak Pictures​​​ និង​​ក្រុមហ៊ុន WML+​ នឹង​​​​​មក​បម្រើ​អារម្មណ៍​​​ទស្សនិកជន​​ឆាប់ៗ​នេះ។

ទស្សនិកជន​ទាំង​អស់​ឲ្យ​ជិត​​បាន​ស្គាល់​​ពី​ទេពកោសល្យ​នៃ​ការ​​សម្តែង​របស់​​​តួឯក​ទាំង ២ ​រូប​ ដែល​ចម្រុះ​ជាតិ​សាសន៍​ គឺ​តួ​​ឯក​ប្រុស​ជា​តារា​ជនជាតិ​​​ជប៉ុន​លោក​ Yoshihiko Hosoda ​​ និង​​តួឯក​ស្រី​ជា​តារា​ភាពយន្ត​ខ្មែរ​អ្នកនាង ថន ថាណែត ខណៈ​ក៏​មាន​តួ​​សម្តែង​ស្រី​ខ្មែរ​ល្បី​ ១ ​រូប​ទៀត​ដែរ​ ​គឺ​អ្នក​នាង ស្វែង សុជាតា។

តួ​ប្រុស​ជប៉ុន​លោក Yoshihiko ​Hosoda និង​តួ​ស្រី​ខ្មែរ​អ្នក​នាង ថន ថាណែត(ឆ្វេង) និង​ស្វែង សុជាតា(ស្តាំ)​។ រូបថត ហ្វេសប៊ុក​

បើ​តាម​​សេចក្តី​ប្រកាស​ព័ត៌មាន​ក្នុង​​​ពិធី​សូត្រមន្ត​ និង​សែន​ក្រុង​ពាលី​ សម្រាប់​សុំ​សេចក្តីសុខ​​ចម្រើន​ទៅ​​ដល់​​​ក្រុម​​ការងារ​ ព្រម​ទាំង​​តួសម្តែង​ទាំង​​អស់​​​ក្នុង​ការ​ចាប់​ផ្តើម​ចេញ​ថត​កុន​​ខ្នាត​ធំ​រឿង «អ្នក​ស្នង​អគារ-Tenement» នេះ​ ដែល​ប្រព្រឹត្ត​ទៅ​កាល​​ពី​ព្រឹក​ថ្ងៃទី ១៦ កុម្ភៈ ឆ្នាំ ២០២០ ​នៅ​ទីតាំង​អគារ​ថត​ផ្ទាល់​នោះ​បាន​​ឲ្យ​ដឹង​ថា​៖ «តារា​ភាពយន្ត​ជប៉ុន​រូប​សង្ហា​លោក Yoshihiko Hosoda បាន​​ធ្វើ​ដំណើរ​​មក​ដល់​ប្រទេស ​កម្ពុជា ​កាល​​​ពី​​ថ្ងៃទី ​១២ ខែ កុម្ភៈ ឆ្នាំ ​២០២០ ដើម្បី​ត្រៀម​មក​​ថត​កុន​​ខ្នាត​ធំ​រឿង​​ ​«អ្នក​ស្នង​អគារ-​Tenemen​t» ដែល​​បាន​ធ្វើ​ពិធី​ក្រុង​ពាលី​​ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ​២០២០។​ ក្រោយ​ពី​ឆ្លង​កាត់​ការ​ធ្វើ​​​តេស្ត​​​ជា​ច្រើន​​ដំណាក់កាល​មក ​នៅ​ពេល​នេះ​​​យើង​សូម​បង្ហាញ​ទស្សនិកជន​ទាំង​អស់​​​ឲ្យ​បាន​ស្គាល់​អំពី​​តួឯក​​ទាំង​ ​២ របស់​យើង​​ក្នុង​ការ​សម្តែង​ភាព​យន្ត​ខ្នាត​ធំ​នេះ​ ​គឺ​លោក Yoshihiko Hosoda និង​​​អ្នកនាង ថន ថាណែត។ លោក Yoshihiko ​Hosoda​ គឺ​​​ជា-​​​តារា​​ភាព​យន្ត​ជន​ជាតិ​ជប៉ុន ​១ រូប​ ដែល​​​ទទួល​បាន​ការ​គាំទ្រ​​ច្រើន​ពី​ទស្ស​និកជន​​ ​មិន​ថា​ ភាពយន្ត​ភាគ​ ឬ ភាពយន្ត​ខ្នាត​​ធំ​នោះ​ឡើយ។ ខ្សែ​ភាពយន្ត​​​ដែល​ធ្វើ​ឲ្យ​លោក​​ទទួល​បាន​​ប្រជាប្រិយភាព​ជាង​គេ​នោះ ​រួម​​​មាន​​​ដូច​ជា​រឿង Peers (2019) រឿង​Musashi (2019) និង​ភាពយន្ត​បែប​​​​វិទ្យាសាស្ត្រ​រឿង Ultraman X the movie (2016) ជាដើម។​​ ចំណែក​ឯ​​តួឯក​ស្រី​ខ្មែរ​វិញ ​គឺ​ជា​តារា​​ភាពយន្ត​ខ្មែរ​អ្នកនាង ថន ថាណែត​ ត្រូវ​​បាន​ទស្សនិកជន​ខ្មែរ​ កោត​សរសើរ​ពី​សមត្ថភាព​​សម្តែង​នៅ​​ក្នុង​ខ្សែ​ភាពយន្ត​​ខ្នាត​​ធំ​ខ្មែរ​រឿង «ចងពៀរ-The Spell» ថត​នៅ​ឆ្នាំ ​២០១៨ ខ្សែ​ភាពយន្ត​​បរទេស​រឿង «The Gate» ថត​នៅ​​ឆ្នាំ ​២០១៤ និង​ខ្សែ​​ភាពយន្ត​អប់រំ​ជា​ច្រើន​ទៀត។ អ្នកនាង ​ក៏​ធ្លាប់​ទទួល​បាន​​ពាន​រង្វាន់​ផ្នែក​​សម្តែង នៅ​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​​​អន្តរជាតិ​កម្ពុជា​ផង​ដែរ​»៕​