
តារាសម្តែងមាឌធំ និងសាច់ដុំធំលោក សន ពិសិដ្ឋ ដែលកំពុងត្រូវចិត្តផលិតករក្នុងរឿង «អន្ទាក់ស្នេហ៍»។ រូប សហការី
ភ្នំពេញ: លេចវត្តមានតារាសម្តែងប្រុសមាឌឌាំងគ្រោងដំណែងតួឯកប្រុសក្នុងភាពយន្តថ្មី«អន្ទាក់ស្នេហ៍» ត្រៀមនឹងចាក់បញ្ចាំងនៅគ្រប់រោងកុន ពីថ្ងៃទី ២០ ខែ កុម្ភៈ នេះ សន ពិសិដ្ឋ ធ្វើឲ្យអ្នកទស្សនាភ្ញាក់ផ្អើលនឹងសម្រស់សាច់ដុំ ដែលបង្ហាញនៅក្នុងរឿងតាមរបៀបបុរសស្រុកស្រែ ដោះអាវបញ្ចេញសាច់ពេលកំពុងធ្វើការ។
ជំនួបក្នុងថ្ងៃសម្ភោធភាពយន្ត «អន្ទាក់ស្នេហ៍» កាលពីថ្ងៃទី ១៧ ខែ កុម្ភៈ កន្លងមកនេះ នៅរោងភាពយន្ត Major Cineplex ផ្សារទំនើបអ៊ីអន ២ លោក សន ពិសិដ្ឋ បានផ្តល់បទសម្ភាស៍មកកាន់ភ្នំពេញប៉ុស្តិ៍ថា៖ «ក្នុងរឿងនេះ «អន្ទាក់ស្នេហ៍» ខ្ញុំសម្តែងជាតួឯកប្រុស ដោយចាប់ដៃគូជាមួយអ្នកនាង សុខ សោម៉ាវត្តី។ ខ្ញុំសម្តែងជាតួអង្គដែលមានអត្តចរិកសុភាពរាបសារ ជាពិសេសមានស្នេហ៍ស្មោះ ហើយក៏សុខចិត្តឈឺចាប់ ដើម្បីឲ្យមនុស្សដែលខ្លួនស្រលាញ់មានក្តីសុខ និយាយទៅចរិកតួឯកប្រុសក្នុងរឿងល្អពេក ល្អលើសចរិកខ្ញុំនៅក្រៅបន្តិច»។
គួរបញ្ជាក់ថា រឿង «អន្ទាក់ស្នេហ៍» ជាខ្សែភាពយន្តបែបស្នេហាស្រុកស្រែ របស់ផលិតកម្ម Space SP ដែលស្តែងចេញពីស្នេហារបស់កំលោះក្រមុំមួយគូ ដែលត្រូវម្តាយខាងស្រីបំបែក ទៅរៀបការជាមួយបុរសពោះម៉ាយចំណាស់ ដោយសារទឹកលុយ និងការតស៊ូរហូតបានជួបជុំគ្នាវិញ ដោយមានបង្កប់អត្ថន័យស្នេហាស៊ីសជម្រៅលាយឡំនឹងកំប្លែង និងកំសត់។
ក្រៅពីសាច់រឿងបែបថ្មី និយាយពីស្នេហាកំសត់បែបស្រុកស្រែ ដែលជារសជាតិថ្មីមួយបង្កប់ដោយអត្ថន័យអប់រំនេះហើយ អ្នកទស្សនាក៏មានការភ្ញាក់ផ្អើល តាមរយៈ ឆុតឆាកខ្លីរបស់ភាពយន្តនេះ ដោយបង្ហាញវត្តមានតួឯកប្រុស (សន ពិសិដ្ឋ) បង្ហាញសាច់ដុំធំៗ សាកសមជាបុរសពេញលក្ខណៈ លីបាវស្រូវយ៉ាងរឹងមាំផងដែរ។

ទាក់ទងជាមួយភាពទាក់ទាញនៃសាច់ដុំនេះ តារាសម្តែងប្រុស ដែលមានរូបរាងសមនឹងកម្ពស់លោក សន ពិសិដ្ឋ ក៏បានបង្ហើបដែរថា៖ «តាមពិតពេលកំពុងសម្តែងរឿង «អន្ទាក់ស្នេហ៍» រាងស្រកសាច់ហើយ ដោយសារការងាររវល់ពេក មិនសូវបានថែសុខភាព ប៉ុន្តែគ្រប់ពេលដែលទំនេរពីការងារបន្តិច ដឹងតែទៅហាត់ប្រាណហើយ ព្រោះយើងជាមនុស្សម្នាក់ដែលស្រលាញ់រូបរាងបែបនេះ និងសុខភាព»។
សន ពិសិដ្ឋ ក៏បានបញ្ជាក់ពីមូលហេតុដែលការទទួលបានការសម្តែងក្នុងភាពយន្តភាគ និងដុំជាបន្តបន្ទាប់ដូច្នេះដែរថា៖ «វាអាចមកពីមូលហេតុ ៣ យ៉ាង ទី ១ ទាក់ទងជាមួយទេពកោសល្យក្នុងការសម្តែង ទី ២ សំលេងយើងអំណោយផល ដោយសារភាពយន្តយើងឥឡូវគេប្រើសំលេងផ្ទាល់ និងចុងក្រោយអាចមកពីខ្ញុំមានមាឌធំ ខ្ពស់ ហើយក៏ទាក់ទងជាមួយសាច់ដុំនេះដែរ ព្រោះថាបើថតរឿងបែបស្រុកស្រែ រឿងបែបបុរាណ គឺផលិតករតែតែនឹកដល់ខ្ញុំ ព្រោះតែខ្ញុំមានរូបរាងសមនឹងខ្សែភាពយន្ត ពេលខ្លះគេក៏ហៅខ្ញុំថា តារាសាច់ដុំ ទៀតផង»។

បន្ទាប់ពីសម្ភោធខ្សែភាពយន្តដែលខ្លួនបានសម្តែងជាតួឯកប្រុសនេះ សន ពិសិដ្ឋ ក៏បានបង្ហើបថា កំពុងត្រៀមខ្លួនថតនៅក្នុងខ្សែភាពយន្តខ្នាតធំមួយទៀតនៅដើមខែ ៤ រឿង «The Clock ឬ នាឡិកា ដាស់វិញ្ញាណ» វគ្គ ២ ផងដែរ៕