ភ្នំពេញៈ ពេលថ្មីៗនេះក៏ស្រាប់តែបង្កការភ្ញាក់យ៉ាងខ្លាំងទៅនឹងដំណឹងដ៏អស្ចារ្យមួយ ដែលវាក៏ជាមោទនភាពសម្រាប់ជាតិខ្មែរ ខណៈល្បីថាតួសម្តែងក្បាច់គុនល្បុក្កតោខ្មែរលោក អ៊ូ តារា ត្រូវបានផលិតកម្មធំរបស់ហូលីវូដហៅទៅថតកុន ហើយរឿងនោះក៏ជិតចាក់ផ្សាយទៀតផង។
ជាមួយរូបភាព Poster ដែលមានរំលេចរូបតួសម្តែងឆ្នើមខ្មែរខាងក្បាច់គុនល្បុក្កតោ គឺលោក អ៊ូ តារា ដែលមហាជនបានស្គាល់អំពីទេពកោសល្យលោករួចហើយ តាមរយៈខ្សែភាពយន្ត បែបវាយតប់យ៉ាងសាហាវមិនសូវចាញ់កុនចិនគឺរឿង «ការពារជនឧក្រិដ្ឋ ឬ Jailbreak» ក៏លេចចេញជាព័ត៌មានតាមរយៈគេហទំព័ររបស់ Legend Cinemas បង្ហោះសារថា៖ «មានប្រភពដំណឹងមួយបានឲ្យដឹងថា តារាសម្តែងលោក អ៊ូ តារា ត្រូវបានក្រុមហ៊ុនរឿងនៅហូលីវូដ ទាក់ទងក្នុងការសម្តែងជាតួអង្គមួយក្នុងរឿង Jurassic Cambodia ដែលជាវគ្គ ៣ ចេញនៅឆ្នាំ ២០២១ ក្រោយពីរឿង Jurassic World វគ្គអាណាចក្រដួលរលំ ដែលរៀបនឹងចាក់បញ្ចាំងនៅខែមិថុនាខាងមុខនេះ។ រីឯទីតាំងនៃការថត គឺមានការកំណត់គោលដៅនៅខេត្តមណ្ឌលគិរី ឧទ្យានជាតិគិរីរម្យ និងខេត្តកោះកុងផងដែរ។ ចាំមើលថា តើតួគាត់ជាតួសំខាន់យ៉ាងណានៅវគ្គបន្ទាប់នេះ?»។
ខុសបំណងឲ្យស្រឡះតែម្តងទៅនឹងដំណឹងខាងលើនោះ ដោយសារតែតារាសម្តែងប្រុសរូបនេះ បានបកស្រាយប្រាប់វិញថា៖ «អូ!តាមពិត ខ្ញុំជឿថា ខាងបងប្រាកដជា ចាញ់បោកគេនឹងព័ត៌មានមួយដែលគេហៅ April Fools'' Day នោះហើយមើលទៅ!ព្រោះថា នេះជាវប្បធម៌របស់បណ្តាបស្ចិមប្រទេស និងអាមេរិក ដែលគេនិយមលេងនៅថ្ងៃទី ១ ខែ មេសា ដើម្បីជាការកម្សាន្តលេងជាមួយនឹងព័ត៌មានបែបមិនពិត ឬជាការពញ្ញាក់អារម្មណ៍បែបណាមួយនោះ។ តាមពិត ខ្ញុំមិនបានថតរឿង Jurassic Cambodia នោះឡើយ»។
កាលដើមឡើយសូម្បីតែខ្លួនឯងក៏មានការងឿងឆ្ងល់ដែរចំពោះការលើកឡើងថា៖ «កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំត្រូវបានខាងរោងកុន សុំការអនុញ្ញាតសុំប្រើប្រាស់រូបថតសម្រាប់ការផ្សព្វផ្សាយ ហើយខ្ញុំក៏បានយល់ព្រមជាមួយគេភ្លាមៗដែរ។ តែនៅថ្ងៃទី ១ ខែមេសា កន្លងមកនេះ ខ្ញុំក៏ភ្ញាក់ខ្លួនផងដែរជាមួយនឹងដំណឹងដូចខាងបងបានឃើញនោះ ហើយក៏ឃើញព័ត៌មានថ្ងៃ April Fools'' Day នេះតែម្តង»។
តារាសម្តែងប្រុសវ័យ ២៨ ឆ្នាំ រូបនេះ ក៏បានប្រាប់ពីដំណឹងថតកុនបែបវាយតប់ទី ២ ដែរថា៖ «ឥឡូវនេះ ខ្ញុំកំពុងតែត្រៀមថតបញ្ចប់រឿងទី ២ គឺរឿង «THE PREY» ក្រោមការដឹកនាំសម្តែងរបស់ផលិតករលោក Jimmy Henderson ក្នុងផលិតកម្មថ្មីមួយទៀតឈ្មោះថា Altered Vision Films បន្ទាប់ពីរឿង «ការពារជនឧក្រិដ្ឋ ឬ JAILBREAK» របស់ផលិតកម្មកងចក្រភីចឈ័រ។
រឿង «THE PREY» កំពុងតែចាប់ផ្តើមថតក្នុងអំឡុងខែមីនា ឆ្នាំ ២០១៨ នេះ ក៏បានកំណត់ជ្រើសរើសយកទីតាំងថតរួចទៅហើយដែរ គឺនៅក្នុងរាជធានីភ្នំពេញ និងខេត្តកោះកុង ខណៈគម្រោងចាក់បញ្ចាំងវិញទំនងនៅចុងឆ្នាំ ២០១៨ ឬដើមឆ្នាំ ២០១៩៕