ភ្នំពេញៈ ទើបតែបានចូលរួមសកម្មភាពមនុស្សធម៌ជួយសង្គមតាមរយៈការស្ម័គ្រចិត្តដើរបង្ហាញម៉ូដបានស្ម័គ្រចិត្តគ្រងឈុតសម្លៀកបំពាក់បែបប្រពៃណីជនជាតិភាគតិចទំពួន នៅឯតំបន់ភូមិភាគឦសានគឺខេត្តរតនគិរីនាឱកាសប្រារព្ធបើកពិធីរៃអង្គាសប្រាក់មូលនិធិការអភិរក្សសត្វដំរីជារបស់សមាគមអភិរក្សដំរីអៃរាវត្តាសោះ ថ្មីៗនេះក៏លេចវត្តមានក្នុងការងារសង្គមមួយទៀតគឺការកៀរគរមូលនិធិដាំ និងថែរក្សាកូនឈើ ១០ ម៉ឺនដើមជាមួយនឹងក្រុមលោក តាន់ គឹមសួរ។
កញ្ញា ចាន់ គង្គា ស្រាប់តែលេចមុខនៅក្នុងឈុតពាក់អាវយឺតពណ៌សដែលរំលេចជាអក្សរភាសាខ្មែរថា «ខ្ញុំបានចូលរួមព្យាបាលដំបៅផែនដី ចុះអ្នកវិញ?» នៅខាងក្រោយ និងនៅខាងមុខមាននិមិត្តរូបឡូហ្គោនៃក្រុមខ្លួនមានឈ្មោះ «បៃតងវ៉ររៀរស៍» ឈរបញ្ច្រាសទិសដៅគ្នាជាមួយនឹងតារាសម្តែងស្រីមានរាងខ្ពស់ដែលទើបតែនឹងស្ងប់នូវរឿងអាស្រូវស្នេហាត្រីកោណនឹងថៅកែផលិតកម្ម LD គឺកញ្ញា សាឡាត់ ស្រីឡាង បង្ហើរសារថា៖ «ចូលរួមជាមួយនឹងពួកយើងបានទេ? មូលនិធិដាំកូនឈើ»។
ការចូលរួមរបស់តារាម៉ូដែលកំពុងស្ថិតនៅក្នុងវ័យទើបតែ ២២ ឆ្នាំមានកម្ពស់ ១,៦៩ ម៉ែត្ររាងស្ល៊ីម ស្រលូន សម្បុរស្រអែមត្រូវប៉ាន់ក្រសែភ្នែកនៃអ្នកបស្ចិមប្រទេស ជាពិសេសនៅក្នុងពិភពដើរបង្ហាញម៉ូដតែម្តង កញ្ញា ចាន់ គង្គា ក៏មិនបានបង្ហើបឲ្យដឹងពីយុទ្ធនាការយ៉ាងណានោះទេ ខណៈនាងបានលើកទូរស័ព្ទមួយភ្លែតថា៖ «សុំទោសផងបង!ពេលនេះរវល់ចូលប្រជុំ ហើយចាំពេលប្រហែលជាកន្លះម៉ោងក្រោយទៀត នាងខ្ញុំនឹងទូរស័ព្ទទៅបងវិញ» ក្រោយពីភ្នំពេញប៉ុស្តិ៍ទំនាក់ទំនងសួរនាំរឿងការចូលការងារជួយសង្គមបែបណាមក។
គួរបញ្ជាក់ដែរថាតារាស្រីម៉ូដែលមានសម្បុរស្រអែមស្រស់កញ្ញា ចាន់ គង្គា គឺជាម្ចាស់ជយលាភីនៃការប្រកួតបង្ហាញម៉ូដឈ្មោះថា Cambodia''s Next Top Model នារដូវកាលទី ១ កាលពីឆ្នាំ ២០១៥ របស់ទូរទស្សន៍ MyTV ខណៈបច្ចុប្បន្ននេះនាងកំពុងតែមានឈ្មោះល្បីក្នុងពិភពដើរម៉ូដ និងជាតារាសម្តែងផ្នែកថតស្ប៉តពាណិជ្ជកម្មនានា។
សម្រាប់យុទ្ធនាការកៀរគរមូលនិធិដាំ និងថែរក្សាកូនឈើ ១០ ម៉ឺនដើម ជាមួយនឹងក្រុមលោក តាន់ គឹមសួរ ក្រោមរូបភាពក្រុមមួយមានឈ្មោះ «បៃតងវ៉ររៀរស៍» នេះបើតាមគេហទំព័ររបស់ខ្លួនបានឲ្យដឹងថា បានដំណើរការចាប់តាំងពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០១៩ មកដោយមានគោលដៅនៅទូទាំងខេត្តក្រុងនានាមានប្រមាណ ២៣-២៤ ឯណោះ ហើយនឹងត្រូវបញ្ចប់យុទ្ធនាការរបស់ខ្លួននៅត្រឹមថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៩ ខាងមុខនេះដោយគេឃើញមានការចូលរួមពីក្រុមសិល្បករ និងសិល្បការិនីជាច្រើនរូប សឹងតែគ្រប់ទម្រង់ផងដែរ៕