ក្រុងប៉ារីស៖ ក្រុមហ៊ុនផលិតផលប្រណីតដ៏ល្បីល្បាញក្នុងលោក LVMH បានឱ្យដឹងពីថ្ងៃចន្ទថា ខ្លួនបានព្រមព្រៀងទិញប៊្រេន Armand de Brignac ជាឈ្មោះស្រាសាំប៉ាញ ក្រោមកម្មសិទ្ធិរបស់តារារ៉េប និងជាផលិតករចម្រៀងដ៏ល្បីល្បាញលោក Jay-Z។
ក្រុមហ៊ុនបានឱ្យដឹងថា ការទិញភាគហ៊ុន ៥០ ភាគរយ ក្នុងតម្លៃមិនត្រូវបានទម្លាយនេះ គឺត្រូវបានធ្វើឡើងតាមរយៈក្រុមហ៊ុន Moet Hennessy ដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការចែកចាយ និងភាពជាដៃគូរវាងតារាចម្រៀងស្វាមី Beyonce និងក្រុមហ៊ុន LVMH។
ស្រាសាំប៉ាញរបស់តារាចម្រៀង Jay-Z ដែលត្រូវបានគេហៅឈ្មោះកាត់ថា Ace of Spades (អាត់ប៊ិក) ទទួលបានជោគជ័យខ្លាំងលើទីផ្សារ។ នេះបោហើងតាមសម្ដីរបស់អគ្គនាយកក្រុមហ៊ុន Moet Hennessy លោក Philippe Schaus។

លោកបានបញ្ជាក់ទៀតថា៖ «Armand de Brignac បានទម្លាយឧបសគ្គ និងបង្ហាញពីភាពជាផលិតផលប្រណីតនៃសហសម័យ ខណៈវាក៏បានថែរក្សាប្រពៃណីផលិតស្រានៃទឹកដីសាំប៉ាញផងដែរ»។
តារាចម្រៀងវ័យ ៥១ ឆ្នាំ ដែលមានទ្រព្យសម្បត្តិសរុបខ្ទង់មួយពាន់លានដុល្លាររូបនេះ ក៏បានចេញសេចក្ដីប្រកាសថា៖ «នេះគឺជាការសហការ ដែលយើងទទួលបានអ្វីស្របគ្នាតរហូតមក»។
សេចក្ដីថ្លែងការនោះក៏បានបន្តទៀតថា៖ «អំណាចដ៏មានអានុភាពនៃការចែកចាយទូទាំងសកលលោករបស់ក្រុមហ៊ុន Moet Hennessy គួបផ្សំនឹងភាពខ្លាំង និងគ្រឹះដ៏រាំងមាំក្នុងការកសាងកំណត់ត្រាល្អឥតខ្ចោះនៃប៊្រេនផលិតផលប្រណីត នឹងធ្វើឲ្យស្រាសាំប៉ាញ Armand de Brignac បង្កើនអានុភាពពាណិជ្ជកម្មរបស់ខ្លួនឲ្យកាន់តែរីកចម្រើនរុងរឿង»៕ AFP/HR