ភ្នំពេញ : ក្រោយពីសម្រិតសម្រាំងផលិតអស់រយៈពេលយ៉ាងយូរ ទីបំផុតផលិតកម្មរ៉ុក បានដាក់សម្ពោធខ្សែភាពយន្តរឿង «កែវវេទមន្ត» នៅរោងភាពយន្ត Prime Cineplex ផ្សារទំនើបសុវណ្ណា កាលពីល្ងាចថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ។
ជាមួយវត្តមានតារាសិល្បៈល្បីៗ អ្វីដែលការបំផុសចំណាប់អារម្មណ៍ទស្សនិកជននោះ គឺសកម្មភាពសម្ដែងថើបមាត់គ្នាលើវេទិកា ដែលទោះជាយ៉ាងណាបបូរមាត់តារាសិល្បៈស្រីប្រុសយើង ត្រូវបានខណ្ឌចែកដោយក្រដាសរូបបេះដូង ផ្ដិតជាប់នូវស្នាមក្រែមដ៏ផ្អែមល្ហែម បន្ថែមរសជាតិដល់កម្មវិធីសម្ពោធរឿង កែវវេទមន្ត នាល្ងាចនោះ។
ខ្សែភាពយន្តបែបមនោសញ្ចេតនារយៈពេល ១ ម៉ោង ២៨ នាទីនេះ មានការចូលរួមសម្ដែងដោយ អ្នកមេម៉ាយ សុខ សោម៉ាវត្តី លោក វី យ៉ារ៉ូ កញ្ញា ស៊ឹម ស្រីនិច និងលោក ទឹម វាយុ ព្រមទាំងតារាភាពយន្តជាច្រើននាក់ទៀត។
រឿង កែវវេទមន្ត និយាយពីស្នេហា ដែលបេះដូងបានភ្លក្សរសជាតិគ្នា និងភាគីទាំងសងខាងចេះយល់ចិត្ត ផ្ដល់កិត្តិយស និងផ្ដល់ឱកាសឲ្យគ្នា។ ស្នេហាក្នុងរឿង កែវវេទមន្ត កើតឡើងមកពីកែវកាហ្វេ ដែលមានអំណាចវេទមន្ត ឲ្យប្រុសស្រីពីរនាក់បានជួបគ្នា ស្រលាញ់គ្នា រហូតខ្វះគ្នាមិនបាន ប្រៀបដូចកាហ្វេ និងទឹក។ បើកាហ្វេមានតែគ្រាប់ ទឹកនៅតែជាទឹក ស្ករនៅដោយស្ករ ទឹកដោះគោនៅទីផ្សេង មិនបានរលាយចូលគ្នា តើធ្វើបែបណាទើបកាហ្វេឆ្ងាញ់បាន?
ប្រាកដណាស់លុះត្រាតែយកកាហ្វេលាយជាមួយស្ករ លាយជាមួយទឹកដោះគោ លាយជាមួយទឹក ហើយក៏មានកែវវេទមន្តសម្រាប់ដាក់កាហ្វេជូនអ្នកញ៉ាំ ទើបធ្វើឲ្យកាហ្វេមានរសជាតិពិសេសសម្រាប់អ្នកញ៉ាំ។
តើធ្វើបែបណាឲ្យស្នេហាឆ្ងាញ់ផ្អែមបានដូចកាហ្វេឆុងរួច?
ចម្លើយមាននៅក្នុងសាច់រឿង «កែវវេទមន្ត» ដែលនឹងចាក់បញ្ចាំងនៅថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែតុលា ឆ្នាំ២០១៨ នៅគ្រប់រោងភាពយន្តទូទាំងរាជធានីភ្នំពេញ និងខេត្តសៀមរាប៕
វីដេអូ៖