ភ្នំពេញៈ ស្ងាត់ៗក៏​ស្រាប់តែ​លេចចេញ​ខ្សែ​វីដេអូ​មួយ​បកស្រាយ​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា «បេះដូង​គ្រូ» ដោយ​តារា​សម្តែង និង​ពិធីការិនី រាង​ស្រលូន កញ្ញា ណាក់ ស្រីណា បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​មជ្ឈដ្ឋាន​មហាជន ហើយ​ក៏បាន​រំលេច​នូវ​ដំណឹង​ថា នាង​ចង់​ដើរ​តាម​គន្លង​បង​ស្រី​ជា​តារា​ចម្រៀង​ល្បី​នៅ​ទ្រនំ ហង្សមាស សុគន្ធ នីសា។

ក្រៅពី​ចុច Likes និង​ចូល Comments ជា​ហូរហែ​កោតសរសើរ​ពី​សំនៀង​នៃ​ទឹក​ដម​បក​ស្រាយ​បទ​ចម្រៀង​របស់​កញ្ញា ណាក់ ស្រីណា នោះ ក៏មាន​អ្នក​ជជីក​សួររក​ហេតុ​ផល​ចង់​ដឹង​ការ​ពិត​ផង​ដែរ។ អ្នក​ងឿង​ឆ្ងល់​ក៏បាន​លាន់​មាត់​ថា៖ «អី​យា!​ស្រីណា​កំពុង​តែ​អភិវឌ្ឍ​ជំនាញ​សិល្បៈ​ខ្លួន​ដើម្បី​ពង្រីក​ទីផ្សារ​សិល្បៈ​មែន​ខណៈ​មាន​អាជីព​ជា​តារា​សម្តែង​ផង និង​ពិធីការិនី​ទូរទស្សន៍​ទៅ​ហើយ​នោះ ឬ​មួយ​ក៏​កញ្ញា ចង់​ដើរ​តាម​គន្លង​សាច់​ញាតិ​ដែល​ជា​តារា​ចម្រៀង​ល្បី​នៅ​ទ្រនំ ហង្សមាស​គឺ​អ្នក​នាង សុគន្ធ នីសា?»។

ផ្ទុយ​ពី​ការ​ស្មានខាងលើ​នោះ តារា​សម្តែង​ស្រី​ដែល​ឧស្សាហ៍​លេច​មុខ​នៅ​ក្នុង MV ហង្សមាស ជា​ពិសេស MV បទ​របស់ សុគន្ធ នីសា គឺ​កញ្ញា ណាក់ ស្រីណា បាន​បក​ស្រាយ​លាយ​ឡំ​នឹង​សំណើច​តិចៗ​ថា៖ «អូ!​តាម​ពិត​ទៅ ការ​បក​ស្រាយ​បទ​ចម្រៀង​នោះ គឺ​ខ្ញុំ​គ្រាន់​តែ​ច្រៀង​សម្រាប់​ឱកាស​ចូលរួម​ថ្ងៃ​រំឭក​គុណគ្រូ​ប៉ុណ្ណោះ ហើយ​បទ​នោះ​ដែរ ខ្ញុំ​ថត​តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ។

តារា​សម្តែង​ស្រី​ដែល​បាន​ហក់​ចូល​តៅ​ក្នុង​វិស័យ​សិល្បៈ​ប្រមាណ ៧-៨ ឆ្នាំ និង​ជា​ពិធីការិនី​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ដ៏​ស្រស់​ស្អាត រាង​ស្រលូន កញ្ញា​ណាក់ ស្រីណា បន្ត​ថា៖ «ទោះបី​ជា​ការ​ច្រៀង ក៏​ជា​ចំណូល​ចិត្ត​របស់​ខ្ញុំ​មួយ​ទៀត​មែន​ក្តី តែ​ការ​អភិវឌ្ឍ​ខ្លួន​ឯង​ឲ្យ​ទៅ​ជា​តារា​ចម្រៀង​នោះ​ក៏ត្រូវ​មើល សមត្ថភាព​ខ្លួន​ឯង​ថា ទៅ​រួច ឬ​មិន​រួច​ផង​ដែរ។ ជា​ការ​ពិត​នាង​ខ្ញុំ​ក៏​ចង់​ក្លាយ​ជា​តារា​ចម្រៀង​ដែរ ប្រសិន​បើ​អាច​ទៅ​រួច​នោះ តែ​មិន​អាច​ទេ!»។

ដោយសារ​ធ្លាប់​បានឮ​នឹង​ត្រចៀក​ចំពោះ​ពាក្យ​មហាជន​តែង​និយាយថា នាង​ជា​ប្អូនស្រី​របស់​តារា​ចម្រៀង​កំពូល នៅ​ទ្រនំ​ហង្សមាស តាមរយៈ​វត្តមាន​ស្ទើរ​គ្រប់ MV បទ​ចម្រៀង​របស់​អ្នក​នាង សុគន្ធ នីសា ។

កញ្ញា ណាក់ ស្រី​ណា ជា​បុប្ផា​រូប​ស្រស់​សោភា ដែលមាន​ស្រុកកំណើត មក​ពី​តំបន់​ភូមិ​ឃុំ​ផ្អាវ ស្រុក​ជើង​ព្រៃ ខេត្ត​កំពង់ចាម បាន​ប្រឡូក​ចូល​វិស័យ​សិល្បៈ​ដំបូង​នៅ​ឆ្នាំ ២០១០ និង​បាន​ចាប់​អាជីព​ជា​អ្នក​សិល្បៈ​ជាប់​លាប់​នៅ​ឆ្នាំ ២០១១ រូប​នេះ ក៏​បញ្ជាក់​ដែរ​ថា៖ «តាម​ពិត​ទៅ ខ្ញុំ និង​បង សុគន្ធ នីសា មិន​បាន​ជាប់​សាច់​ឈាម​ជា​បង​ប្អូន​នោះ​ឡើយ គឺ​គ្រាន់​តែ​យើង​រាប់​អាន​គ្នា​មើល​ទៅ​ដូចជា​បងប្អូន​បង្កើត។ អ៊ីចឹង​ហើយ! បាន​បងប្អូន​ខ្លះ​ម៉ៃ​ថា​យើង​ជាប់​សាច់​ឈាម​នឹង​គ្នា»៕