ភ្នំពេញ៖ ក្រោយពីបានផ្តាច់និស្ស័យស្នេហ៍ពីអតីតគូស្នេហ៍ជាប់ខ្សែសាច់ថ្លៃឧកញ៉ា ទ្រី ភាព អស់រយៈពេលប៉ុន្មានឆ្នាំមកនេះ តារាសម្តែងស្រីសិចស៊ី សាច់សខ្ចីដូចបណ្តូលចេកកញ្ញា ពេជ្រ អាវីហ្សា ស្រាប់តែបង្ហើបថា នាងចង់មានម្ចាស់បេះដូងថ្មី ដែលមានស្នេហ៍ស្មោះ មិនប្រាថ្នាជាអ្នកមានទ្រព្យស្តុកស្តម្ភនោះឡើយ។
បើតាមមើលទៅទំនងជាស្រីស្រស់រូបនេះ មានភាពរអាចិត្ត និងខ្លាចជួបនឹងរឿងស្នេហាដូចមុន ដែលប៉ះចំអ្នកមានទ្រព្យស្តុក តែត្រូវរងរបួសលើរាងកាយយ៉ាងដំណំ ព្រោះអតីតគូស្នេហ៍ប្រើអំពើហិង្សា និងចែកផ្លូវគ្នាទាំងចម្រូងចម្រាស។
ដោយសារស្នេហាជាមួយអ្នកមាន មិនសមបំណងនេះហើយ ទើបស្រីស្រស់ អាវីហ្សា វ័យ ២៩ ឆ្នាំ ខណៈពេលនេះ ក៏លេចឮមានបុរសថ្មីតាមស្រឡាញ់ដែរ ទាំងនៅក្នុងស្រុក និងក្រៅស្រុក ប៉ុន្តែនៅមិនទាន់ច្បាស់លាស់ ១០០% ទើបនាងមិនទាន់អាចបញ្ចេញឈ្មោះ និងមុខពិត ដោយគ្រាន់តែបង្ហើបពីការតាំងចិត្តថា៖ «ខ្ញុំនឹងមិនប៉ងចង់បានសង្សារជាកូនអ្នកមាន ឬអ្នកធំទៀតទេ ដែលសំខាន់ឲ្យតែជាបុរសស្រឡាញ់ ហើយមានភាពច្បាស់លាស់ជាមួយខ្ញុំ។ ចំណែករឿងរៀបការវិញ ក៏មិនទាន់អាចកំណត់បានថា ពេលណានឹងអាចតែងខ្លួនជាកូនក្រមុំមែនទែនដូចគេបានឡើយ»។
តារាស្រីសិចស៊ីរូបនេះ ក៏បន្លឺថែមទៀតថា៖ «ពេលនេះ គ្មានអ្នកណាគេឲ្យលុយកាក់ចិញ្ចឹមខ្ញុំទេ ព្រោះខ្លួនទីពឹងខ្លួន។ ខ្ញុំក៏មិនត្រូវការនូវសេចក្តីស្នេហាក្លែងក្លាយដែរ ដោយសារធ្លាប់ជួបស្នេហាមិនសមប្រកបកាលពីមុននោះអី អ៊ីចឹងចង់បានអ្នកណាដែលស្រឡាញ់ពិតប្រាកដ ហើយច្បាស់លាស់ជាមួយគ្នា មិនមែនជាស្នេហាលេងសើចនោះទេ»។
ដោយឡែកអាជីពសិល្បៈវិញទៀតសោត ក៏ធ្លាប់រងការព្រមានពីសមាគមសិល្បៈ និងខាងក្រសួងវប្បធម៌ដែរ ក៏ព្រោះតែនាងហ៊ានសម្តែងបញ្ចេញភាពសិចស៊ីខ្លាំង និងមានថតឈុតស្រើបស្រាលជាមួយតួប្រុស ដែលជះឥទ្ធិពលប៉ះពាល់ដល់តម្លៃវប្បធម៌ជាតិ តែក្រោយមកក៏តាំងចិត្តខ្ពស់ មិនថតសម្តែងសិចស៊ីជ្រុលដូចលើកមុនទៀតឡើយ។
ថ្មីៗនេះតារាសម្ដែងសិចស៊ី ពេជ្រ អាវីហ្សា និងតារាមួយចំនួនទៀត សុទ្ធតែជួបវិបត្តិសេដ្ឋកិច្ចដូចគ្នា អំឡុងពេលដែលមានជំងឺកូវីដ ១៩ ព្រោះម្នាក់ៗសម្ងំនៅតែផ្ទះរៀងៗខ្លួន មិនហ៊ានចេញក្រៅ ទោះបីមានការងារថតកុន ឬសម្តែង MV ក៏ត្រូវផ្អាកដែរ ព្រោះតែខ្លាចរអែងនឹងការឆ្លងមេរោគដ៏កាចសាហាវនេះ។
ដូច្នេះហើយទើបកញ្ញា ពេជ្រ អាវីហ្សា ចេញវាចាថា៖ «អត់មានប្រាក់ចំណូលអំពីសិល្បៈទេបងអើយ! មួយរយៈនេះនៅតែផ្ទះហ្នឹង។ កាលមុនផ្ទុះកូវីដ ១៩ ហ្នឹង ក៏មានគេហៅថតកុនថត MV ដែរ តែដោយសារខ្ញុំឈឺ ទើបព្យាបាលជា នាពេលថ្មីៗហ្នឹងហើយ អ៊ីចឹងក៏មិនបានថតសម្ដែងដូចគេ។ ឥឡូវរឿងលុយគឺវាពិបាកបន្ដិចហើយទាំងខ្ញុំ ទាំងគេ រកលុយមិនសូវបានដូចជាកាលមុនទេ ចាប់តាំងពីមានជំងឺកូវីដ ១៩ ហ្នឹងមក៕