ក្រុង​ស៊ាង​ហៃ : តារា​ភាពយន្ដ​កំពូល​បំផុត​ម្នាក់​របស់ចិន និង​ជា​សេដ្ឋីនី​ទ្រព្យ​ស្ដុក​បំផុត​ម្នាក់ នាង ហ្វាន ពីងពិង ធ្វើ​ឲ្យ​អាប់​ឱន​មុខ​មាត់​ ខណៈ​ពេល​ក្រុម​អាជ្ញាធរ​បាន​រកឃើញ​ការ​គេច​ពន្ធ​ដែល​ចោទ​ប្រកាន់​ឡើង​ដោយ​ក្រុមហ៊ុន​កម្សាន្ដ​នានា​ ដោយ​វា​បង្ក​ជា​មន្ទិល​សង្ស័យ​ចំពោះ​ជោគ​វាសនា​អនាគត​របស់​នាង​។

តារា​ភាពយន្ដ ម៉ូដែល និង​ផលិតករ​ វ័យ ៣៦ ឆ្នាំ​រូប​នេះ ក្លាយ​ជា​បុគ្គល​ល្បី​ក្នុង​ប្រទេ​ស​ចិន​ជា​ច្រើន​ឆ្នាំ និង​បាន​បោះ​ជំហាន​ចូល​ទីផ្សារ​សម្ដែង​ហូលីវូដ​ក្នុង​ភាពយន្ដ​រឿង «X-Men: Days of Future Past» ឆ្នាំ​២០១៤​។

ប៉ុន្ដែ​ហ្វាន ពីងពីង តែងតែ​សកម្ម​នៅ​លើ​បណ្ដាញ​សង្គម​ លែង​បង្ហោះ​​លើ​អនឡាញ និង​មិន​ចេញ​មុខ​ជា​សាធរណៈ​ជា​ច្រើន​សប្ដាហ៍​។ សំណេរ​មួយ​ក្នុង​ចំណោម​រាប់​រយ​រាប់​ពាន់​ដែល​បង្ហោះ​អំពី​តារា​ភាពយន្ដ​ល្បី​នេះ​នៅលើ​ Weibo បាន​ឲ្យ​ដឹងថា​​ «​ហ្វាន ពីង​ពីង អាច​ដេក​គុក​ឬទេ? ខណៈ​អ្នក​ខ្លះ​ទៀត​សង្ស័យ​ថា តើ​នាង​ត្រូវជាប់​បំរាម​ថត​ភាពយន្ដ​ ឬ​ត្រូវ​ឃុំ​ឃាំង​ក្នុង​ផ្ទះ​។

បញ្ហា​របស់​ ហ្វាន ពីងពីង បាន​កើត​ឡើង​ក្នុង​ខែ​ឧសភា ពេល​អតីត​ពិធីការិនី​ឲ្យ​ទូរទស្សន៍​រដ្ឋ​ CCTV លោក Cui Yongyuan បាន​បង្ហោះ​កុង​ត្រា​​តាម​អនឡាញ​ថា នាង​បាន​ទទួល​ចំណូល​ខុស​ច្បាប់​។

ឯកសារ​របស់​លោក Cui ដែល​បង្ហោះ​នោះ បាន​បង្ហាញ​ថា ហ្វាន ពីងពីង ទទួល​បាន​ទឹក​ប្រាក់ ១០ លាន​យ័ន (១,៤៥ លាន​ដុល្លារ) ចំពោះ​គម្រោង​មួយ ខណៈ​ទទួល​ប្រាក់​បន្ថែម​ក្រៅ​ផ្លូវ​ការ ៥០ លាន​យ័ន​ទៀត​ ចំពោះ​ការងារ​ចំនួន ៤ ថ្ងៃ​។

ក្រោយ​ពី​ឯកសារ​ទាំង​នោះ​ត្រូវបាន​បង្ហោះ​ដោយ​លោក Cui ល្បី​ពេញ​បណ្ដាញ​សង្គម រដ្ឋបាល​ពន្ធ​ដារ​ជាតិ បាន​ប្រកាស​ថា ខ្លួន​បាន​ណែនាំ​ដល់​អាជ្ញាធរ​នៅ​ភាគ​ខាង​កើត​ខេត្ដ​ជៀស៊ូ បើក​ការ​ស៊ើប​អង្កេត​ចំពោះ​ការ​ចោទ​ប្រកាន់​លើ​កុង​ត្រា​ទាំងពីរ​នោះ​។

សេចក្ដី​ថ្លែង​ការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​ស្ទូឌីយូ​នាង ហ្វាន ពីងពីង បាន​ឲ្យ​ដឹង​ថា នាង​ជា​ជន​រង​គ្រោះ​ចំពោះ​ការ​ចោទ​ប្រកាន់​គ្មាន​មូល​ដ្ឋាន​នោះ តែ​មិន​សំដៅ​លើ​ឯកសារ​របស់​លោក Cui ឡើយ​។

តារា​ភាពយន្ដ​ ហ្វាន ពីង​ពីង ស្រាប់​តែ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ខុស​ប្រក្រតី​លើ​បណ្ដាញ​សង្គម ដោយ​អត់​មាន​បាន​បង្ហោះ​អ្វី​ទាល់​តែ​សោះ​លើ​ Weibo តាំងពី​ចុង​ខែ​ឧសភា​មក​៕ AFP/HR