ភ្នំពេញៈ ចាប់ពី​ម៉ោង ៤ រសៀល​ដល់​ម៉ោង ៩ យប់ នៅ​ថ្ងៃទី​ ៨ ខែ​មីនា ឆ្នាំ​ ២០១៩ នេះ​នឹង​មាន​ការប្រគំ​តន្ត្រី​ដ៏ធំ​មួយ​មាន​ការ​ចូលរួម​យ៉ាង​សស្រោកសស្រាំ​ពី​សំណាក់​ក្រុម​សិល្បការិនី​ល្បីៗ​នៃ​ប្រទេស​កម្ពុជា​មកពី​ចម្រុះ​នៃ​ផលិតកម្ម និង​អង្គភាព​នានា​នៅ​អគារ​វិចិត្រសាល Phnom Penh Factory ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ស្មាត​។

នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ដែល​ជា​អ្នក​ឧបត្ថម្ភ​ធំ​នៃ​កម្មវិធី​មួយ​នេះ​ដែរ​បាន​ឲ្យ​ដឹងថា​៖ «​ព្រឹត្តិការណ៍​នេះ​នឹង​រួមបញ្ចូល​នូវ​ទីផ្សារ​ដ៏ធំ​មួយ​ដែល​មាន​បណ្តា​ក្រុមហ៊ុន​អាជីវកម្ម​ជាង​ ៤០ ដោយ​ក្នុង​នោះ​មាន​ជាង​ពាក់កណ្តាល​កាន់កាប់​ដោយ​ស្ត្រី​ខ្មែរ​។ កម្មវិធី​នេះ​ក៏​មាន​ការសម្តែង​សិល្បៈ តាំងពិព័រណ៍​សិល្បៈ សកម្មភាព​គ្រួសារ អាហារ និង​កម្មវិធី​ជាច្រើន​ទៀត​ដោយ​យើង​ដំណើរការ​ចាប់​តាំងពី​ម៉ោង ៤ រសៀល​បន្ត​ដល់​ម៉ោង ៩ យប់​។ ដោយឡែក​ចាប់ពី​ម៉ោង ៦ ល្ងាច​ទៅ​នឹង​មាន​ការប្រគំ​តន្ត្រី​ចាប់ផ្តើម​ជាមួយ​នឹង​ការ​ច្រៀង​ចម្រៀង​សម័យបុរាណ​ដ៏ល្បីល្បាញ​នា​សម័យកាល​លោកស្រី រស់ សិរីសុធា និង​លោកស្រី ប៉ែន រ៉ន មាន​ការ​សម្តែង​ក្បាច់​របាំ​របស់​ក្រុម​របាំ​សហសម័យ NCA and OMG Girls Dance Crew ក្រុម​ចម្រៀង Vartey Ganiva Band ក្រុម Smallword Smallband ក្រុម​ក្មេង​ខ្មែរ និង​ក្រុម​តារាចម្រៀង​ស្រី​ល្បីៗ​មាន​អ្នកនាង មាស សុខសោភា កញ្ញា អេដា កញ្ញា ឡូរ៉ា ម៉ម កញ្ញា សុខ ពិសី និង​មាន​ការបញ្ចប់​កម្មវិធី​ជួប​ជាមួយ​ឌីជេ រ៉ូស (DJ Rose)»​។

តារាចម្រៀង​ស្រី​កំពូល​ទ្រនំ​ថោន អ្នកនាង មាស សុខសោភា​។ហុង មិនា

អ្នកស្រី តេង សុផាន់ណា ប្រធាន​ធនធាន​មនុស្ស​នៃ​ក្រុមហ៊ុន​ស្មាត​ក៏​បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​ពិតជា​មាន​ក្តីរំភើប​ខ្លាំង​ណាស់​ដែល​ឃើញ​ព្រឹត្តិការណ៍​ដ៏អស្ចារ្យ​មួយ​នេះ​កើតឡើង​ដែល​អាច​ធ្វើឲ្យ​យើង​ផ្លាស់ប្តូរ​ការគិត​ថា ស្ត្រី​មិន​អាច​ទៅ​ណា​ឆ្ងាយ​បាន​។ ព្រឹត្តិការណ៍​នេះ​នឹង​បង្កើត​ឲ្យ​មាន​ភាព​វិជ្ជមាន​សម្រាប់​ស្ត្រី​នៅក្នុង​សង្គម​មាន​ភាពជឿជាក់​លើ​ខ្លួនឯង​»​។

ចំណែក​កញ្ញា ឡូរ៉ា ម៉ម ដែល​ជា​តារាចម្រៀង និង​ជា​នាយកប្រតិបត្តិ​នៃ​ផលិតកម្ម​បារមី​ក៏​បង្ហាញ​ចំណាប់អារម្មណ៍​ខ្លួន​ដែរ​ថា​៖ «​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏ពិសេស​មួយ​ដែល​ប្រារព្ធ​ឡើង​បង្ហាញ​ពី​កម្លាំង និង​អំណាច​របស់​ស្ត្រី​»​។

ខណៈ​លោកស្រី Pauline Tamesis អ្នក​សម្របសម្រួល​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​មាន​ប្រសាសន៍​ថា​៖ «​ការប្រគំ​តន្ត្រី​នេះ​គឺជា​ចក្ខុវិស័យ​ដ៏សំខាន់​មួយ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការផ្លាស់ប្តូរ និង​ធានា​ថា សិទ្ធិ និង​សំឡេង​របស់​ស្ត្រី និង​យុវតី​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ពេញលេញ​។ យើង​ពិតជា​មាន​មោទនភាព​ណាស់​ដែល​បាន​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិនារី​អន្តរជាតិ​ឆ្នាំ​ ២០១៩ ជាមួយ​នឹង​ក្រុម​ស្ត្រី​អ្នកដឹកនាំ​វ័យក្មេង​របស់​កម្ពុជា​»​។

គួរ​បញ្ជាក់​ដែរ​ថា​ការប្រគំ​តន្ត្រី​អបអរសាទរ​ទិវា​សិទ្ធិនារី​នេះ​រៀបចំ​ដោយ​ផលិតកម្ម​បារមី និង​ The Sound Initiative សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ស្មាត​។ ខណៈ​ម្ចាស់​ជំនួយ​សប្បុរស​នានា​ដែល​ចូលរួម​នៅក្នុង​ការរៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​នេះ​រួម​មាន​ស្ថានទូត​ស៊ុយអែត​ប្រចាំ​ប្រទេស​កម្ពុជា ក្រុម​បណ្តាញ​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា (UNDP, OHCHR, WFP, UNFP,UNAIDS) ក្រុមហ៊ុន​ Vivo ក្រុមហ៊ុន Mekong Homes កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ស្វ៊ីស ស្ថានទូត​ចក្រភព​អង់គ្លេស ស្ថានទូត​អូស្ត្រាលី និង​ក្រុមហ៊ុន​តូយ៉ូតា​ផង​ដែរ​៕