ភ្នំពេញ៖​ កុន​ភាគ​រឿង ​«អ្នក​ម៉ាក់​វ័យ​​​ក្មេង» ​វគ្គ ២ ដែល​មាន​តារា​សម្តែង​រលក​​ក្រោយ ​២ ដួង ជា​តួ​ឯក គឺ​លោក នូ ឧសភា និង​កញ្ញា ឈិន មុន្នីនាថ ​និង​​កុមារី ម៉ានីកា ក៏​ជា​តួឯក​កូន​ស្រី​ មាន​​ទេពកោសល្យ​ទាំង​នៅ​ជា​តារា​សម្តែង​ពន្លក​ខ្ចី បាន​ធ្វើ​ពិធី​ក្រុង​ពាលី​ កាល​ពី​ចុង​​សប្តាហ៍​កន្លង​មក ក្រោយ​ពី​​រឿង​កុន​​ភាគ​វគ្គ ​១ ​បាន​ទទួល​នូវ​ការ​គាំទ្រ​យ៉ាង​ច្រើន​សន្ធឹក​ពី​ទស្សនិកជន​មក​​​នោះ។

ប្រធាន​គ្រប់គ្រង​ផ្នែក​កម្មវិធី​នៅ​ទូរទស្សន៍​ភីអិនអិន កញ្ញា ទូច បុប្ផា បាន​ឲ្យ​​​​ដឹង​ចំពោះ​ការ​សម្រេច​ចិត្ត​ថត​កុន​​ភាគ​វគ្គ​នេះ​ដែរ​ថា៖ «ចំពោះ​រឿង​ភាគ «​​​អ្នក​​​​ម៉ាក់​វ័យ​ក្មេង» កាល​ពី​វគ្គ ១ ​គឺ​យើង​​​​ផលិត​ឡើង​​ក្នុង​ន័យ​នាំ​​អារម្មណ៍​​ទស្សនិកជន​ឲ្យ​មើល​ឃើញ​ពី​ភាព​ខ្វះ​ចន្លោះ​នៅ​ក្នុង​ការ​ចិញ្ចឹម​បី​បាច់​ថែរក្សា​ និង​កង្វះ​ខាត​នៃ​ការ​ផ្តល់​ភាព​កក់ក្តៅ​ដល់​កូនៗ នា​សម័យ​ឌីជីថល​ ហើយ​យើង​ក៏​ទទួល​បាន​ការ​គាំទ្រ លើស​ពី​ការ​​​​​រំពឹង​ទុក​ពី​ទស្សនិកជន​ ទាំង​នៅ​ទីក្រុង​ភ្នំពេញ និង​នៅ​តាម​បណ្តា​​ខេត្ត​ ដែល​​​វីដេអូឃ្លីប​ភាគ​ជា​ច្រើន​នៃ​រឿង​​នេះ ទទួល​បាន​អ្នក​ចូល​ទៅ​ទស្សនា​រហូត​​ដល់​ជាង​ ១០ លាន ​(10 M)។​ យើង​ក៏​ទទួល​បាន​នូវ​សំណូមពរ​ជា​ច្រើន​ពី​​សំណាក់​ទស្សនិកជន​ឲ្យ​មាន​រឿង​នេះ សម្រាប់​វគ្គ ២ ខណៈ​ដូច្នេះ​ហើយ​ទើប​ក្រុម​ការងារ​​យើង​​​សម្រេច​​​​​​​និពន្ធ​រឿង​ «អ្នក​ម៉ាក់​វ័យ​ក្មេង​» វគ្គ ២ ដោយ​​បាន​ធ្វើ​ពិធី​ក្រុង​ពាលី​ នៅ​ពេល​​នេះ។ ចំពោះ​សាច់​រឿង​ក្នុង​​វគ្គ ​​២ ​ នេះ​​​ ​គឺ​​យើង​ចង់​​បង្ហាញ​​ពី​តម្លៃ​​សុភមង្គល​​​​​​គ្រួសារ ​តួនាទី​ភរិយា ​និង​​ស្វាមី ដែល​បាន​ប្រើ​​ដំណើរ​ជីវិត​រួម​គ្នា​ទៅ​​​ដល់​វ័យ​ចាស់​​រៀងៗ​ខ្លួន។​ ខ្ញុំ​ក៏​សូម​ចិត្ត​​​ទៅ​ដល់​​​គូ​ស្នេហ៍​ ភរិយា​ស្វាមី ទាំង​អស់​ឲ្យ​​​ចូលរួម​ទស្សនា និង​គាំទ្រ​ខ្សែ​ភាពយន្ត​​​ភាគ​នេះ​​​បាន​គ្រប់ៗ​គ្នា​ផង!​»។

កញ្ញា ទូច បុប្ផា បាន​បន្ត​ថា៖ «កាល​ពី​វគ្គ ១​ ទស្សនិកជន​ប្រហែល​ជា​នៅ​ចាំ​សាច់​រឿង​ខ្លះៗ ពី​តួអង្គ ​លោក នរៈ ​ដែល​ជា​​​បុរស​ពោះម៉ាយ ​មាន​កូន​ស្រី​ឈ្មោះ ​នីរ័ត្ន  បាន​រៀប​ការ​ជាមួយ​នឹង​​ក្មេង​​ស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​ឈ្មោះ លីតា។ ​​ហើយ​ឈាន​មក​ដល់​វគ្គ ២ នេះ ទស្សនិកជន ​នឹង​បាន​ទស្សនា​នូវ​សាច់​រឿង​បន្ត​ពី​ជីវិត​រស់នៅ​របស់​តួអង្គ​​​ទាំង ៣ នេះ ​ថា​តើ​ពួក​គេ ​នឹង​​ជួប​រឿង​​​​រ៉ាវ​អ្វី​ខ្លះ​ជា​បន្ត​ទៀត​។ ​ទូរ​ទស្សន៍-​​ភីអិនអិន​ ក៏​ដូចជា​ផលិតកម្ម​​អិលឌី ​សង្ឃឹម​​​ជឿជាក់​ថា ​ការ​នាំ​យក​នូវ​សាច់​រឿង​​វគ្គ ​២​ នៃ​កុន​ភាគ​រឿង «អ្នក​ម៉ាក់​វ័យ​​ក្មេង» នេះ នឹង​ទទួល​បាន​នូវ​ការ​គាំទ្រ​កាន់​​តែ​ខ្លាំង​ជាង​វគ្គ​មុន ហើយ​ស្ថានីយ​​​​​ទូរទស្សន៍​​ នឹង​ព្យាយាម​ធ្វើ​យ៉ាង​​ណា ​ដើម្បី​ឲ្យ​ទទួល​បាន​ការ​ផលិត​​ខ្សែ​ភាពយន្ត​នេះ ​ឲ្យ​មាន​គុណភាព​​ខ្ពស់​បន្ថែម​ទៀត​ផង​ដែរ​»។ 

​ពិធី​ក្រុង​ពាលី​កុនភាគ​រឿង «អ្នកម៉ាក់វ័យក្មេង» វគ្គ ២ នៅ​​ទូរទស្សន៍ភីអិនអិន កាលពី​ចុងសប្តាហ៍កន្លងមក​។ហ៊ាន រង្សី

កុន​ភាគ​រឿង​​ ​«អ្នកម៉ាក់​វ័យ​ក្មេង​» ​កាល​ពី​វគ្គ ​១ បាន​​អង្រួន​អារម្មណ៍​ទស្សនិកជន​ជាច្រើន ឲ្យ​ជក់​ចិត្ត និង​ស្រឡាញ់​រឿង​ភាគ​មួយ​នេះ ជា​ខ្លាំង ព្រោះ​មាន​ឈុត​ឆាក​ប្លែកៗ ​ល្អ​មើល ជា​ពិសេស​នោះ​គឺ​មាន​តួ​សុទ្ធ​តែ​ពូកែ​សម្ដែង​។​ ខណៈ​​ទស្សនិកជន​ធ្លាប់​ដឹង​រួច​​មក​ហើយ​ថា​ កុន​ភាគ​រឿង ​«អ្នក​ម៉ាក់​វ័យ​ក្មេង» សម្ដែង​ដោយ​តួ​ប្រុស​មាន​រាង​​ខ្ពស់​ស្រឡះ​ រូប​សង្ហា​ លោក​ នូ ឧសភា និង​តួឯក​ស្រី​យុវតី​ដែល​មាន​​រូប​សម្ផស្ស​​ស្រស់​សោភាវ័យ​ ១៨ ឆ្នាំ​ កញ្ញា​​ ឈិន មុន្នីនាថ ដែល​ជា​កូន​ស្រី​​បង្កើត​​​អតីត​តារា​ចម្រៀង​ប្រុស​​លោក ឈិន កុសល​  ហើយ​តួឯក​ជា​កូន​​​ស្រី ​គឺ​កុមារី ម៉ានីតា ក៏​នឹង​ត្រឡប់​មក​ជួប​ទស្សនិកជន​ម្ដង​ទៀត​ដែរ នៅ​ក្នុង​​ការ​ថត​រឿង​វគ្គ ២ នេះ​។

នា​​ព្រឹក​ថ្ងៃ​សុក្រ ទី ១៧ ខែ កក្កដា ឆ្នាំ ​២០២០ កន្លង​មក​នេះ ក្នុង​ពិធី​ក្រុង​​ពាលី​ថត​កុន​រឿង «អ្នក​ម៉ាក់់​វ័យ​​ក្មេង​» ​វគ្គ ​២ ក្រៅ​​ពី​​មាន​ការ​ចូលរួម​ពី​​សំណាក់​ភ្ញៀវ​កិត្តិយស​ច្រើន​​​​កុះករ គេ​ក៏​ឃើញ​មាន​តារា​សម្តែង​ប្រុសស្រី​ដែល​ជា​តួឯក​ និង​តារា​​កិត្តិយស​នានា​ផង​ដែរ​​ក្នុង​​នោះ​​រួម​មាន​​លោក នូ ឧសភា ជា​តួឯក​ប្រុស កញ្ញា ​ឈិន​ មុន្នីនាថ គឺ​ជា​តួឯក​ស្រី​ កុមារី ម៉ានីកា ជា​​តួឯក​កូន​​ស្រី​ លោក​ អុំ ​សុវណ្ណគិរី តារា​ម៉ូដែល​ស្រី​កញ្ញា ​ស៊ុយ បូណាវីន ​តារា​សម្តែង​ល្បុក្កតោ​ ពេជ្រ ចរណៃ ​លោក ណារ៉ាឌី លោក សុភ័ក្រ ​លោក ស៊ីនី ​អ្នក​ស្រី សក្ខណា អ្នកស្រី រ៉េត រ៉ូស ​អ្នកស្រី​ ឡាញ់​ សូនី ​អ្នកស្រី វ៉ាន់ ថង​​ លោក​ វុធ ថាណាក់ ​រួម​ទាំង​មាន​​​​​​វត្តមាន​តារា​​សម្តែង​ប្រុសស្រី​ជា​​ច្រើន​​រូប​​​​​​ទៀត​​៕