ភ្នំពេញៈ ថ្មីៗនេះ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយសារ​ការ​បែកធ្លាយ​រូប​លែង​ខ្លួន​ល្វែង​លើ​ដ៏​កម្រ​របស់​តារា​សម្តែង​ស្រី និង​ពិធី​ការិនី​រូប​ស្រស់ កូន​កាត់​អាស៊ី-អឺរ៉ុប វ័យ ២២ ឆ្នាំ គឺ​កញ្ញា ខាហ្គឺ​ម៉ៃយ៉ា សូរ៉ៃ​យ៉ាម៉ា​ថា ហៅ ម៉ៃ​យ៉ា បាន​ក្លាយ​ជា​ប្រធាន​បទ​សួរ​ដេញ​ដោល​គ្នា​យ៉ាង​ពុះ​កញ្ជ្រោល​នៅ​តាម​បណ្តាញ​សង្គម។

ជាមួយ​រូប​ឈរ​ចំហៀង​ខ្លួន ទម្លាក់​សក់​ប្រះ​ស្មា បែរមុខ​ចំ បង្ហាញ​សាច់​ស្មា​សខ្ចី យក​ផ្កា​កុលាប​ធ្វើ​រនាំង​បិទ​បាំង​តំបន់​កូន​ភ្នំ​ទាំង​គូ ក្នុង​ទឹកមុខ​បែប​ស្លុង​អារម្មណ៍​នោះ ក៏ត្រូវ​បាន​ខាង​មជ្ឈដ្ឋាន​មហាជន​លាន់​មាត់​សរសើរ​បែប​ភ្ញាក់​ផ្អើល​ថា៖ «អីយ៉ា!​ឥឡូវ​នេះ កញ្ញា ម៉ៃ​យ៉ា ហ៊ាន​ថត​ឈុត​បែប​លែង​ខ្លួន​ល្វែង​លើ​ទៀត​ហ្ន!​តើ​នាង​កំពុង​តែ​ថត​ដាក់​ទស្សនា​វដ្តី​ណា​មួយ​ទេ​ដឹង? ឬក៏​ជា​ការ​សម្តែង​ក្នុង​ឈុត​ឆាក​មាន​លក្ខណៈ​បែប​ពិសេស​អ្វី​មួយ​ទេ​ដឹង?»។

តារា​ស្រី​ដែល​កំពុង​តែមាន​រាសី​ឡើងក្រឺតៗ បន្ទាប់ពី​នាង​ក្តាប់បាន​តំណែ​ង​ជា​តួឯក​ស្រី​ក្នុង​កុន​ភាគ​រឿង «ហង្ស​បាក់​ស្លាប» ក្រោយ​មក​តំណែង​ជា​តួឯក​ស្រី​កុន​ដុំ​ថ្មី​រឿង «ទាយាទ​អាគម» និង​កុន​ភាគ​រឿង «កញ្ញា​អម្ពិល​ផ្អែម» និង​ការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម និង​សម្អាងការ​ផង​ដែរ​នោះ នាង​បាន​បកស្រាយ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​អំពី​រូប​ថត​ខាង​លើ​ថា៖ «អូ!​រូប​នោះ គឺ​គ្រាន់​តែ​ការ​ថត​បែប​លេង​ស្ទីល​ជា Fashion ធម្មតា​ដូច​ជា​តារា​ម៉ូដែល​បរទេស ដែល​នាង​ខ្ញុំ​ថត​ដើម្បី​រក្សាទុក​ផ្ទាល់​ខ្លួន​នាង​ខ្ញុំ​ទេ​បង! មិន​មែន​ជា​ការ​ថត​បែប​ពិសេស ឬ​ការ​ថត​ដាក់​ទស្សនាវដ្តី​អ្វី​ដែរ»។

តារា​ស្រី​ស្រស់​កញ្ញា ម៉ៃ​យ៉ា ក៏​ជា​ពិធី​ការិនី​រូប​សម្ផស្ស​កាន់តែ​ផូរផង់​នៅ​ទូរ-ទស្សន៍ CNC ដែលជា​តារា​សម្តែង​ទើប​តែ​បាន​រះ​ថ្មី​លើ​វិថី​សិល្បៈ​ភាពយន្ត​បាន​រយៈពេល​ប្រមាណ​ជា ២-៣ ឆ្នាំ​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា៖ «រូប​នេះ គឺ​នាង​ខ្ញុំ​ថត បន្ទាប់​ពី​ចូលរួម​កម្មវិធី​សិល្បៈ​មួយ ហើយ​ក៏​ចង់​ថត​លេង​ស្ទីល​នោះ​តែ​ម្តង​ទុក​សម្រាប់​ខ្លួន​ឯង។ ហើយ​ប្រសិន​បើ​ជាក់​ស្តែង​នៅ​ក្នុង​វិស័យ​សិល្បៈ​វិញ​នោះ ការ​ថត​បែប​លេង​ស្ទីល​សិច​ស៊ី​ហួស​ហេតុ ឬ​សម្តែង​ជា​តួ​ស្រី​បញ្ចេញ​នូវ​ភាព​សិច​ស៊ី​ខ្លាំង​នោះ គឺថា​នាង​ខ្ញុំ​មិន​ទទួល​ថត​ជា​ដាច់​ខាត»។

នៅពេលថ្មីៗមុននេះ​បន្តិច​តារា​សម្តែង​ស្រី​ជា​កូនកាត់ ២ សាសន៍​គឺ​ខ្មែរ និង​ជាតិ​អាល្លឺម៉ង់ ដែល​កំពុង​តែ​មាន​ទីផ្សារ​សិល្បៈ​ស្ទុះ​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ បើ​ទោះបី​ជា​រូប​នាង​ជា​តារា​ស្រី​រលក​ក្រោយ​ក៏ដោយ ក៏​ទើប​តែ​បាន​ជម្រះ​រឿង​មន្ទិល​ដល់​មហាជន​ចំពោះ​រឿង​លេច​ឮថា​នាង​ចង់​លា​ឈប់​ពី​សិល្បៈ​ដើម្បី​ទៅ​រស់​នៅ​ជួបជុំ​គ្រួសារ​នៅ​អាល្លឺម៉ង់ ដែល​ជា​ស្រុក​កំណើត​ឪពុក ភ្ជាប់​ជាមួយ​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា៖ «បន្តិច​ទៀត​នេះ លា​សិល្បៈ​ស្រុក​ខ្មែរ​ដែរ! នាង​ខ្ញុំ​ស្រឡាញ់​ណាស់​អាល្លឺម៉ង់​ជួប​គ្នា​ឆាប់»៕