ភ្នំពេញៈ តារាសម្ដែង​ស្រី​វ័យ​ ២៤ ​ឆ្នាំ​សម្បុរ​ស្រអែម​ស្រស់​កញ្ញា ជេស៊ីកា ថ្មីៗ​នេះ​បាន​បង្ហោះ​រូប​បែប​សិចស៊ី​ល្វែងលើ​ធ្វើឲ្យ​មហាជន​មាន​ការភ្ញាក់ផ្អើល​ខ្លាំង ដោយ​ខុស​ពី​ទម្លាប់​ចាស់​របស់​តារាសម្តែង​ស្រី​មាន​រាង​ល្អិត តូច​ច្រឡឹង មុខ​ឃ្យូត​គួរ​ស្រឡាញ់ ញញឹម​ស្រស់​នៅ​តាម​បណ្តាញ​សង្គម​។

តារាសម្តែង​ស្រី​ដែល​បាន​ចូលប្រឡូក​លើ​វិថី​សិល្បៈ​តាំងពី​ឆ្នាំ​ ២០១៤ តែ​នាង​ទើប​ផុស​ភាពល្បី​ប្រមាណ​ជាង ១ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ក្រោយពី​គេ​ឧស្សាហ៍​ឃើញ​នាង​បង្ហោះ​រូប​បែប​សិចស៊ី​នៅ​ល្វែងលើ​ជារឿយៗ​មក​នោះ​ក៏​នាំ​ឲ្យ​មាន​ការលើក​ឡើង​ពី​មជ្ឈដ្ឋាន​អ្នកគាំទ្រ​ថា​៖ «​ទំនង​ជា​កញ្ញា ជេស៊ីកា ចង់​ប្រាប់​ថា នឹង​បង្ហាញ​ស្ទីល​ថ្មី​លើ​វិថី​សិល្បៈ​ទេ​ដឹង ខណៈ​ជា​រឿយៗ​កន្លង​មក​នាង​ច្រើនតែ​បង្ហាញ​រូប​បែប​ស្លៀក​ជិត​ល្វែង​លើ​នោះ​?»​។

ខណៈ​តារាសម្ដែង​ស្រី​ឆ្នាំ​រូប​នេះ​កាលពី​មុន​ក៏​ធ្លាប់​បង្ហោះ​សម្ញែង​រូប​សិចស៊ី​ចំនួន ២-៣ សន្លឹក​ជាមួយ​នឹង​សម្លៀកបំពាក់​ឈុត​ប៊ីគីនី កាច់រាង​បង្អួត​សម្រស់ បញ្ចេញ​ដើមទ្រូង​នៅ​មាត់​អាងទឹក ខៀវស្រងាត់​កណ្តាល​ហ្វូងមនុស្ស​ជាច្រើន​ដោយ​ចំហ​ចោល​មួយ​កំណាត់​ខ្លួន​ស្ទើរ​ទាំង​ស្រុង​។

ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ទាំង​មាន​អារម្មណ៍​រីករាយ​សប្បាយ​ចិត្ត​នៅ​ឡើយ​នឹង​ទីផ្សារ​សម្តែង​ភាពយន្ត​របស់​ខ្លួន​កំពុង​តែ​មាន​រាសី​ឡើង​សន្សឹមៗ​ទៅ​មុខ​នោះ កញ្ញា ជេស៊ីកា បង្ហើប​ប្រាប់​ថា​៖ «​អូ​!​តាមពិត​ទៅ​ការឧស្សាហ៍​ផូស្ត​រូបភាព​បែប​សិចស៊ី​ទាំងនោះ គ្រាន់តែ​ជា​ការបង្ហោះ​រូបថត​ផ្ទាល់​ខ្លួន​ដែល​ស្រឡាញ់​តែប៉ុណ្ណោះ មិន​បាន​ចង់​មាន​ន័យ​អ្វី ឬ​ជា​សារ​អ្វី​ពាក់ព័ន្ធ​ទៅ​នឹង​ភាព​សិចស៊ី​នេះ​ទេ​។ សម្រាប់​នាង​ខ្ញុំ​ផ្ទាល់​ចូលចិត្ត​ថតរូប​បែប​នេះ​សម្រាប់​ផ្ទាល់​ខ្លួន​ទេ តែ​មិន​ចង់​ក្លាយ​ជា​តួសម្តែង​សិចស៊ី​ក្នុង​ខ្សែភាពយន្ត​នោះ​ឡើយ​»​។

ជេស៊ីកា ស្រីស្រស់​ដែល​មាន​បទពិសោធ​សម្តែង​ច្រើន​គួរសម មាន​កុន​ភាគ ៧ រឿង កុនដុំ ១ រឿង ការថតសម្តែង​នៅក្នុង MV បទចម្រៀង​របស់​ផលិតកម្ម​ចម្រៀង​ល្បី​ទាំង​ ៣ ​មាន​ហង្សមាស ថោន និង​សាន់ដេ និង​ថត​ស្ប៉ត​នានា​ជាច្រើន​ទៀត​នោះ​បាន​បន្ត​ថា​៖ «​ការសម្តែង​កុន​នានា នាង​ខ្ញុំ​អាច​សម្តែង​បាន​ទាំង​តួ​កាច​ឆ្នាស និង​តួ​ស្លូត តែ​ចំពោះ​ការសម្តែង​ជា​តួ​បែប​សិចស៊ី​វិញ​នោះ គឺ​នាង​ខ្ញុំ​ពិត​ជា​មិន​អាច​ធ្វើ​បាន​ឡើយ ហើយ​រឿង​នេះ​ក៏​ពុំមែន​ជា​ចំណូលចិត្ត​ក្នុង​ក្តីស្រមៃ​សម្រាប់​ការសម្តែង​របស់​នាង​ខ្ញុំ​ផង​ដែរ​»​។

ទោះបី​ជា​តារាសម្តែង​ស្រី​រាង​តូច​ច្រឡឹង មុខ​ឃ្យូត​គួរ​ឲ្យ​ក្នាញ់​កញ្ញា ជេស៊ីកា បាន​អះអាង​ផង​ដែរ​ថា ខ្លួន​ក៏​ធ្លាប់​ត្រូវ​បាន​ក្រុម​អ្នកដឹកនាំ​រឿង​នៃ​ផលិតកម្ម​កុន​បាន​ព្រលយ​ជា​ពាក្យ​ដំបូន្មាន​សម្រាប់​ការសម្តែង​នេះ​ផង​ដែរ​។

ជេស៊ីកា បន្ថែម​ថា​៖ «​ខ្ញុំ​ផ្ទាល់​ថា ខ្លួនឯង​សម្តែង​សម​នឹង​តួកាច តែ​ខាង​បង​ដឹកនាំ​រឿង​វិញ​ប្រាប់​ថា​ទឹក​មុខ​ខ្ញុំ​សម​នឹង​ការសម្តែង​ជា​តួ​ស្លូត​ជាង​តួ​កាច​ឆ្នាស​។ អ៊ីចឹង​ហើយ​បាន​ជា​ពេល​សម្តែង​កុន​ម្តងៗ គេ​តែងតែ​ឲ្យ​នាង​ខ្ញុំ​សម្តែង​តែ​តួ​ស្លូត​នោះ​»៕