ភ្នំពេញៈ នាពេលថ្មីៗនេះស្រាប់តែលេចវត្តមានតារាម៉ូដែល និងចម្រៀងស្រីអ្នកនាង សម ម៉ាណា ក្នុងកម្មវិធីសិល្បៈនានាជាហូរហែក៏បានបង្កការភ្ញាក់ផ្អើលសាជាថ្មី ក្រោយពីបានបាត់មុខជាង ៤ ឆ្នាំមកនោះ។
បើតាមដឹងនេះគឺការវិលត្រឡប់មករកទ្រនំសិល្បៈវិញជាលើកទី ២ របស់តារាម៉ូដែល និងចម្រៀងស្រី សម ម៉ាណា ផងដែរ ខណៈការវិលចូលសិល្បៈវិញលើកដំបូងនៅចុងឆ្នាំ ២០១០ បន្ទាប់ពីបាត់មុខមួយរយៈធំ ហើយលេចឮថា នាងបែកបាក់ស្នេហាជាមួយឧកញ៉ាម្នាក់ ហើយនាងក៏បានបើកហាងកែសម្ផស្ស និងអ៊ុតសក់ទ្រង់ទ្រាយធំមួយកន្លែងដែលមានតម្លៃជិត ២០ ម៉ឺនដុល្លារ នៅទល់មុខស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍បានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១១ នោះ។
ការចេញមុខសាជាថ្មីនេះគឺអ្នកនាងលេចវត្តមានក្នុងក្រុមសិល្បករជាមួយនឹងលោក យ៉ែម សំអូន ដែលមានឈ្មោះថា Dara Entertainment និងបានកើតនូវការសង្ស័យទៀតដែរថា តើហេតុអ្វីបានជាអ្នកនាង សម ម៉ាណា វិលមករកឆ្នាំងបាយចាស់ទៀតហើយ?
ថ្លែងក្នុងជំនួបផ្ទាល់នៃកម្មវិធីសម្ពោធផលិតផលអេឡិចត្រូនិកនៃបច្ចេកវិទ្យាចុងក្រោយ និងសម្ភារសំណង់មានគុណភាពខ្ពស់ធ្វើនៅសណ្ឋាគារសុខា រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី ៥ មីនា ឆ្នាំ ២០១៩ កន្លងមកអតីតជាតារាចម្រៀងស្រីនៅក្រុមរៃមាស អ្នកនាង សម ម៉ាណា ក៏ប្រាប់ពីហេតុផលវិលវិញនេះដែរថា៖ «ចាស!តាមពិតទៅការវិលមករកសិល្បៈវិញលើកនេះក៏ព្រោះតែមានការនឹករឭកដល់បងប្អូន និងដោយសារស្របពេលដែលខ្លួនខ្ញុំក៏ចង់មកបម្រើវិស័យសិល្បៈតាមចំណូលចិត្តវិញផងដែរ។
ម្យ៉ាងវិញទៀតនៅពេលបានជួបនឹងបង យ៉ែម សំអូន គាត់សួរនាំរឿងនេះក៏សម្រេចចិត្តចូលមកវិញ និងចូលរួមជាមួយក្រុមគាត់តែម្តងទៅ។
តារាស្រីស្រស់អ្នកនាង សម ម៉ាណា បានបន្តថា៖ «ការវិលមកកាន់វិថីសិល្បៈវិញលើកនេះ នាងខ្ញុំនឹងវិលមកប្រឡូកគ្រប់ទម្រង់សិល្បៈតែម្តងដូចដែលខ្លួនធ្លាប់បានចាប់ពីមុនអ៊ីចឹង តែអ្វីដែលអាចឲ្យខ្ញុំប្រឡូកច្រើននោះគឺការបង្ហាញម៉ូដ ក៏ព្រោះថានាងខ្ញុំបានវិវត្តខ្លួនចេញពីពិភពបង្ហាញម៉ូដនេះផងដែរ»។
តារាម៉ូដែល និងសម្ដែង សម ម៉ាណា បានរសាត់ខ្លួនពីការងារសិល្បៈគ្រប់ទម្រង់រហូតដល់ស្ងាត់ឈឹងកាលពីអំឡុងឆ្នាំ ២០១៤។ ការចាកចេញនាពេលនោះសាមីខ្លួនមិនបានបញ្ចេញឲ្យដឹងថា មកពីហេតុអ្វីនោះទេ។ ប៉ុន្តែនៅពេលនេះនាងប្រាប់ថានាងបានចាកចេញ នៅពេលនោះក៏ដោយសារតែនាងមានមុខរបររកស៊ីព្រមទាំងមានការងារផ្ទាល់ខ្លួនផងនោះក៏សម្រេចចិត្តដកឃ្លាចេញពីសិល្បៈសិនទៅ។
តែសម្រាប់មុខជំនួញដ៏ធំមួយកន្លែងមុននោះក៏ត្រូវគេឃើញបានបិទអាជីវកម្មដែរ ហើយផ្ទះមួយជុងក៏ត្រូវប្រកាសលក់ជាហេតុនាំឲ្យមានការនិយាយបែបជាការសន្និដ្ឋានផងដែរថា តារារូបនេះប្រហែលជានឹងត្រូវជំពាក់បំណុលគេមិនតិចទេក្នុងរយៈពេលជិតមួយឆ្នាំនៃដំណើរការហាងកែសម្ផស្សរបស់នាងនោះ៕