The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តារា​អង់គ្លេស​អន្ដរាគមន៍​ជួយ​បេក្ខជន​សិង្ហបុរី​ ឲ្យ​ឈ្នះ​ប្រាក់​រង្វាន់​ឆ្លើយ​សំណួរ​​ ៧ពាន់​ដុល្លារ




តារា​អង់គ្លេស​អន្ដរាគមន៍​ជួយ​បេក្ខជន​សិង្ហបុរី​ ឲ្យ​ឈ្នះ​ប្រាក់​រង្វាន់​ឆ្លើយ​សំណួរ​​ ៧ពាន់​ដុល្លារ

Content image - Phnom Penh Post
កម្មកររថភ្លើងក្រោមដី មូហាមេដ សាឡេហាន ឆ្លើយ​សំណួរ​ត្រូវ​ទាំង​អស់ តែ​ត្រូវ​បានស្ថានីយ​មិនផ្ដល់ប្រាក់​រង្វាន់ ដោយសារ​ការ​ហៅ​ឈ្មោះ​លោក តូនី ហាដលី។ រូបថត AFP

តារា​អង់គ្លេស​អន្ដរាគមន៍​ជួយ​បេក្ខជន​សិង្ហបុរី​ ឲ្យ​ឈ្នះ​ប្រាក់​រង្វាន់​ឆ្លើយ​សំណួរ​​ ៧ពាន់​ដុល្លារ

ក្រុង​សិង្ហបុរី : ​អ្នក​​ប្រកួត​សំណួរ​ចម្លើយ​របស់​សិង្ហបុរី​ ត្រូវ​បាន​ផ្ដល់​រង្វាន់​ជា​សាច់​ប្រាក់​ ក្រោយ​មាន​ជម្លោះ​​ជាមួយ​ស្ថានីយ​វិទ្យុ​ លើ​ការ​បញ្ចេញ​សំឡេង​ហៅ​ឈ្មោះ​ តូនី ហាដលី (Tony Hadley) របស់​ក្រុម Spandau Ballet​ ក្រោយ​តារា​ចម្រៀង​រូប​នេះផ្ទាល់​​ចូល​មក​អន្ដរាគមន៍។

កម្មករ​រថភ្លើង​ក្រោម​ដី មូហាមេដ សាឡេហាន បា​នចូលរួម​ការ​ប្រកួត​លើ​កម្មវិធី​ Gold 905 ដ៏​ពេញ​និយម​នៅ​សិង្ហបុរី ដែល​ក្រុម​អ្នក​ចូលរួម​ត្រូវ​ប្រាប់​ពី​ឈ្មោះ​ម្ចាស់​សំនៀង​ជា​តារា​ល្បីៗ ១៤ នាក់ ​តាម​រយៈ​ការ​ស្ដាប់​សំឡេងរបស់ពួកគេ​។

ស្ថានីយ​​​បាន​បដិសេធ​ការ​ឈ្នះ​ប្រាក់ ៧ ០០០ ដុល្លារ​ ដោយ​បាន​ឲ្យ​ដឹងថា លោក មូហាមេដ ​ទាយ​ត្រូវតែ ១៣ នាក់​ប៉ុណ្ណោះ ហើយ​ចម្លើយ​​ទី ១៤ លោក​បញ្ចេញ​សម្លេង​ហៅ​ឈ្មោះ​តារា​ចម្រៀង​​​ពុំ​បានត្រឹមត្រូវ​។

ប៉ុន្ដែ​មិន​យូរ​ប៉ុន្មាន បេក្ខជន​ម្នាក់​ទៀត​បាន​ផ្ដល់​ចម្លើយ​ដូច​គ្នា​ និង​ត្រូវបាន​ប្រកាស​ជា​ម្ចាស់​ជ័យ​លាភី។

ជាមួយ​អារម្មណ៍​ក្រោតខឹង លោក សាឡេហាន បាន​តវ៉ា តែលោក​​ត្រូវបាន​ប្រាប់​ថា លោក​បញ្ចេញ​សំឡេង​ខុស​​នូវ​ឈ្មោះ​ ហាដលី ដែល​ជាតា​រា​ចក្រ​ភព​អង់គ្លេស ​ល្បី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ក្នុង​ក្រុម Spandau Ballet។

Content image - Phnom Penh Post
តារា​ចម្រៀង​អង់គ្លេសជើង​ចាស់ លោក តូនី ហាដលី (Tony Hadley) របស់ក្រុម Spandau Ballet។ រូបថត AFP

ក្រោយមក លោក​បាន​បញ្ជូន​វីដេអូ​ប្រកួត​របស់​ខ្លួន​ទាំង​ស្រុង​ទៅ​ឲ្យ​តារាចម្រៀង​​ជើង​ចាស់​ ហាដលី ហើយ​វា​ពិត​ជា​គួរ​ឲ្យ​​​ភ្ញាក់​ផ្អើលបំផុត ទី​បំផុត​តារា​ចម្រៀង​រូប​នោះ បាន​ឆ្លើយ​តប​វិញ។

លោក ហាដលី បាន​និយាយ​ក្នុង​វីដេអូ​បញ្ជូន​ទៅ​កាន់​សិង្ហបុរី​ថា​៖ «​ខ្ញុំ​បាន​ស្ដាប់សំឡេង​ក្នុង​វីដេអូ​នោះ​ ហើយ​តាម​ខ្ញុំ​អាច​និយាយ​ថា គាត់​បញ្ចេញ​សំឡេង​ហៅ​ឈ្មោះ​របស់​ខ្ញុំ​បាន​ច្បាស់​ល្អ​ណាស់​»។

ទោះបីជា​មាន​ការ​អន្ដរាគមន៍​ពី​តារា​ចម្រៀង​រូប​នោះ​យ៉ាង​ណា​ក៏​ដោយ ក៏​ស្ថានីយ​​នៅ​តែ​បដិសេធ​ការ​ផ្ដល់​រង្វាន់​ពេញ​លេញ​ដល់​រូប​លោក សាឡេហាន។

ប៉ុន្តែ​ស្ថានីយ​បាន​សម្រេច​ចិត្ដ​ជា​ថ្មី​ក្រោយ​មាន​ការ​រិះ​គន់​ខ្លាំង​លើ​អនឡាញ។

ស្ថានីយ​​​បាន​ឲ្យ​ដឹង​លើ​ទំព័រ​ហ្វេសប៊ុករបស់​ខ្លួន​ថា​៖ «​ដោយសារ​តែ តូនី ហាដលី បាន​និយាយ​ថា លោក សាឡេហាន បាន​ហៅ​ឈ្មោះ​របស់​ខ្លួន​ត្រឹម​ត្រូវ តើ​មាន​នរណា​ថា មិន​ត្រូវ​ទៀត​នោះ? រង្វាន់​ពេញ​តម្លៃ ១ ម៉ឺន​ដុល្លារ​សិង្ហបុរី​ និង​​​រង្វាន់​​ជា​ទឹក​ប្រាក់​ដើរ​ផ្សារទិញ​អីវ៉ាន់ ​​ក៏​នឹង​ត្រូវ​ប្រគល់​ឲ្យ​ឈ្មោះ សាឡេហាន​ នេះ​ផង​ដែរ​»។

បុរស​អាយុ ៣២ ឆ្នាំ​រូប​នេះ បាន​និយាយ​ថា លោក​ពិត​ជា​រីករាយ​ណាស់​ក្រោយ​អ្វី​ៗ​ត្រូវ​បាន​ដោះ​ស្រាយ។

លោក​បាន​ប្រាប់កាសែត Straits Times ថា​៖ «​សំខាន់​បំផុត ស្ថានីយ​​ទទួល​ស្គាល់​ជា​សាធារណៈ​ថា ពួកគេ​សុំ​ទោសខ្ញុំ​​»៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍