The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តាវ៉ិចទ័រ កំណត់​ថ្ងៃ​ចូល​រោងការ​​ វ៉ាន់ នីឡា ឆ្នាំក្រោយ​វ័យ​ ២០ ​ឆ្នាំ

តាវ៉ិចទ័រ កំណត់​ថ្ងៃ​ចូល​រោងការ​​ វ៉ាន់ នីឡា ឆ្នាំក្រោយ​វ័យ​ ២០ ​ឆ្នាំ

Content image - Phnom Penh Post
សូត្រ សក្ការៈ ជា​កូនប្រុស​អតីត​អគ្គរាជទូត​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង​គឺជា​គូស្នេហ៍ នីឡា​។ រូបថត ហ្វេសប៊ុក

តាវ៉ិចទ័រ កំណត់​ថ្ងៃ​ចូល​រោងការ​​ វ៉ាន់ នីឡា ឆ្នាំក្រោយ​វ័យ​ ២០ ​ឆ្នាំ

ភ្នំពេញៈ ថ្មីៗ​នេះ​កញ្ញា វ៉ាន់ នីឡា តារា​កំប្លែង​ស្រី​វ័យ​ ១៩ ​ឆ្នាំ​ដែល​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គូស្នេហ៍​ថ្មី​វ័យក្មេង​ដូចគ្នា​ជាង​ ២ ​ឆ្នាំ​មកហើយ និង​ទើបបាន​នាំ​ឪពុកម្តាយ​ទាំងសងខាង​ជួបជុំគ្នា​សោះ ឥឡូវនេះ​ក៏​លេចឮ​ដំណឹង​ថា នាង​គ្រោង​ចូល​រោងការ​នៅ​ឆ្នាំ​ ២០២០ គឺ​មុនពេល​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​។

គេ​ចាំបាន​ថា វេលា​ចូល​រោងការ​នោះ​ត្រូវ​តារា​កំប្លែង​ស្រី​វ័យក្មេង​មាន​រូប​សម្រស់​កាន់តែ​ស្អាត​ឡើងៗ​កញ្ញា វ៉ាន់ នីឡា ថា​នឹង​កំណត់​ចូល​រោងជ័យ​នៅ​ឆ្នាំ​ ២០២១ តែ​ឥឡូវនេះ​បែរជា​ដូរ​ចិត្ត​មក​រៀបចំ​នៅក្នុង​ឆ្នាំ​ ២០២០ ​វិញ​។

បើ​តាម​លោកតា​វ៉ិចទ័រ​ដែល​ត្រូវជា​ឪពុក​តារាកំប្លែង​ស្រី​កញ្ញា វ៉ាន់ នីឡា នោះ​ក៏បាន​ទទួល​ស្គាល់​ថា ដំណឹង​នេះ​គឺជា​ការ​ពិតមែន​ ប៉ុន្តែ​លោក​មិនទាន់​ប្រាប់​ពី​ថ្ងៃ​ជាក់លាក់​នៃ​មង្គលការ​របស់​កូនស្រី​លោក​នោះ​ឡើយ ដោយ​លោក​គ្រាន់​តែ​បាន​ថ្លែង​ដូច្នេះ​ថា​៖ «​កូនស្រី​ខ្ញុំ​នឹង​ចូល​រោងការ​នៅ​ឆ្នាំ​ ២០២០ ហ្នឹង​មែន​គឺ​មុន​ចូលឆ្នាំ​ខ្មែរ​»​។

លោកតា​វ៉ិចទ័រ ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ហេតុផល​ដែល​មាន​ការផ្លាស់ប្តូរ​ចិត្ត​រៀបចំ​ពិធីមង្គលការ​កូនស្រី​លោក​ឆាប់ៗ​ខុស​ពី​ការអះអាង​របស់​កូនស្រី​លោក​ពេល​មុន​នេះ​ផងដែរ​ថា​៖ «​ដោយសារ​យល់ថា កូនស្រី​ពេញវ័យ​សមល្មម​អាច​រៀបចំ​ពិធី​មង្គល​នេះ​បាន​។

ហើយ​ម្យ៉ាងទៀត​នោះ​គាត់​ក៏​អាច​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​បាន​ប្រសើរ​ជាង​មុន​ដែរ គឺ​នៅ​ឆ្នាំ​ក្រោយ​នេះ​គាត់​នឹង​មាន​វ័យ ២០ ​ឆ្នាំ​»​។

មុននេះ​បន្តិច​ទើបតែ​បាន​បកស្រាយ​ប្រាប់​មហាជន​ឲ្យ​យល់​ពី​រឿង​បាន​នាំ​ឪពុក​-ម្តាយក្មេក​មកលេង​ផ្ទះ គ្រាន់តែ​ជា​ការជួបជុំ​ធម្មតា​ក្នុង​នាម​ចាស់ទុំ​ទាំងសងខាង ហើយ​ក៏​លេច​ឮថា តារា​កំប្លែង​ស្រី​វ័យក្មេង​មាន​ដុង​ពី​កំណើត​កញ្ញា វ៉ាន់ នីឡា បាន​នាំ​គូស្នេហ៍​ថ្មី​ទៅរក​ទិញ​ផ្ទះ​វីឡា​សម្រាប់​ទុក​សាង​នូវ​ទ្រនំ​ស្នេហ៍​មុន​ពេល​រៀបការ បង្ក​ការភ្ញាក់ផ្អើល​ផ្ទួនៗ​គ្នា​តែម្តង​។

តែ​ដំណឹង​នេះ​ក៏​ត្រូវ​បាន​តារា​កំប្លែង​ស្រី និង​ជា​ថៅកែ​លក់​ផលិតផល​រក្សា​សម្រស់​តាម​អនឡាញ​កញ្ញា វ៉ាន់ នីឡា បាន​ចេញមក​បដិសេធ​ភ្លាមៗ ក្រោយពី​នាង​បានឃើញ​ការចុះផ្សាយ​ថា នាង និង​ម្ចាស់​បេះដូង​ថ្មី​គឺ​លោក ​សូត្រ សក្ការៈ បាន​នាំគ្នា​ទៅ​ទិញ​ផ្ទះ​វីឡា​មុនពេល​ចូល​រោងការ​នោះ​។

តារា​កំប្លែង​ស្រី​វ័យក្មេង​មាន​សម្តី​ញ៉ែតៗ មិនសូវ​ជា​ចាញ់​តារា​កំប្លែង​រៀមច្បង​រួម​ក្រុម​ប្រចាំ​នៅ​ទូរទស្សន៍ CTN & CNC ដែល​ជា​កូនស្រី​សំណព្វ​ចិត្ត​លោក សុវណ្ណ ឫទ្ធី ហៅ​តាវ៉ិចទ័រ កញ្ញា នីឡា ធ្លាប់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​ដឹង​ថា​៖ «​ចាស​បង​!​ចំពោះ​រឿង​នោះ គ្រាន់​តែ​យើង​បាននាំគ្នា​ទៅ​មើល​សិន​តែប៉ុណ្ណោះ ហើយ​នោះ​គឺជា​ផ្ទះ​វីឡា​ដែល​ស្ថិត​នៅឯ​បុរី​ប៉េងហួត​មាន​ទីតាំង​នៅ​លើ​ផ្លូវ​ជាតិ​លេខ ៦ អា កាលពី ២-៣ ថ្ងៃ​មុន​។ ហើយ​ពួកយើង​ក៏​នៅ​មិនទាន់​គិត​ទៅដល់​រឿង​ថា​ត្រូវ​ទៅ​ទិញ​ផ្ទះ​នោះ​ទុក​នៅ​ឡើយ​ទេ ព្រោះថា​យើង​ក៏​មិនទាន់​មាន​លុយ​ដែរ​»៕

អត្ថបទគួរចាប់អារម្មណ៍