The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តា​វ៉ិ​ច​ទ័​រ បកស្រាយ​ដំណឹង​កូន​ស្រី​កញ្ញា វ៉ាន់ នីឡា រក​ឃើញ​ម្ចាស់​ចិត្ត​ថ្មី

តា​វ៉ិ​ច​ទ័​រ បកស្រាយ​ដំណឹង​កូន​ស្រី​កញ្ញា វ៉ាន់ នីឡា រក​ឃើញ​ម្ចាស់​ចិត្ត​ថ្មី

Content image - Phnom Penh Post
រូប​ថត​ស្និទ្ធ​ស្នាល​រវាង​តារា​កំប្លែង​ស្រី​វ័យ​ក្មេង​កញ្ញា វ៉ាន់ នីឡា កូនស្រី​តាវ៉ិចទ័រ និង​បុរសដែល​សង្ស័យជាម្ចាស់ចិត្ត​ថ្មី​នាង​។ ហ្វេសប៊ុក​

តា​វ៉ិ​ច​ទ័​រ បកស្រាយ​ដំណឹង​កូន​ស្រី​កញ្ញា វ៉ាន់ នីឡា រក​ឃើញ​ម្ចាស់​ចិត្ត​ថ្មី

ភ្នំពេញៈ ខណៈ​ចំណង​ស្នេហ៍​ពាក់កណ្តាល​អាពាហ៍ពិពាហ៍ កូនស្រី​សំណព្វ​ចិត្ត​របស់​លោកតា​វ៉ិចទ័រ ជាមួយ​កូន​ប្រុស ថៅកែ​ក្រុម​ល្ខោន ភី សុគន្ធី បាន​ដល់​ផ្លូវ​បំបែក​ធ្វើ​ឲ្យ​កក្រើក​ពិភព​សិល្បៈ​កាល​ពី​ចុង​ឆ្នាំ ២០១៧ នោះ ក៏​ស្រាប់​តែ​លេច​ព័ត៌មាន​ថ្មី​ថា តារា​កំប្លែង​ស្រី​វ័យ​ក្មេង​កញ្ញា វ៉ាន់ នីឡា កំពុង​តែ​រក​ឃើញ​ម្ចាស់​បេះដូង​ថ្មី បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​មហាជន​សា​ថ្មី​ម្តង​ទៀត​តាម​បណ្តាញ​សង្គម។

ក្រោយពី​ផ្តាច់ចំណង​ស្នេហ៍​នៅត្រឹម​ពិធី​ភ្ជាប់ពាក្យ​រំលង​បាន​ជិត ១ ឆ្នាំ​មក ក៏​ស្រាប់​តែ​ថ្មីៗ​នេះ មាន​ដំណឹង​លេច​ឮ​ឡើង​ថា កញ្ញា វ៉ាន់ នីឡា កូន​ស្រី​អ្នក​ផលិត​កម្មវិធី​កម្សាន្ត​នៅ​ទូរទស្សន៍​ស៊ីធីអិន លោក​សុវណ្ណ​ឬទ្ធី បាន​ជួប​ម្ចាស់​ចិត្ត​ថ្មី កំពុង​ថ្នាក់​ថ្នម​បេះដូង ដោយ​រំលេច​ចេញ​ជា​រូបថត​ស្និទ្ធស្នាល​បង្ហាញ​មុខ​មាត់​ពិត ជា​ច្រើន​សន្លឹក​ទៀត​ផង។

មើលទៅ​ដំណឹង​ថ្មី​នេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ឪពុក​កញ្ញា វ៉ាន់ នី​ឡា មិនសូវ​សប្បាយចិត្ត​ទេ ថែម​ទាំង​ទទូច​ចង់​ដឹង និង​ឃើញ​បណ្តាញ​សារ​ព័ត៌មាន អន​ឡាញ ដែល​ចុះ​ផ្សាយ​រឿង​កូន​ស្រី​របស់​លោក ដោយ​ភាព​ងឿង​ឆ្ងល់​ផង​ដែរ។

លោក សុវណ្ណ​ឬ​ទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ ដែលជា​អ្នកគ្រប់គ្រង​កម្មវិធី​សប្បាយ​កម្សាន្ត​នៃ​ក្រុមហ៊ុន CBS មាន​ដូចជា​ប៉ុស្តិ៍​ទូរទស្សន៍ CTN ប៉ុស្តិ៍​ទូរទស្សន៍ MyTV និង​ប៉ុស្តិ៍​ទូរទស្សន៍ CNC បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «រឿង​នេះ​ខ្ញុំ​កំពុង​តាម​ដាន​រក​ប្រភព និង​ចង់​មើល​ឃើញ​ឲ្យ​ច្បាស់​ដែរ​ថា តើ​បុរស​ដែល​គេ​ថា ជា​គូស្នេហ៍​កូនស្រី​ខ្ញុំ​នោះ​ជា​អ្នក​ណា ព្រោះ​បើ​តាម​រយៈ​រូបថត​នោះ​គឺ​កូន​ស្រី​ខ្ញុំ​បាន​ថតរូប​ជាមួយ​បង​ប្អូន​ប្រុស​ជា​សាច់​ញាតិ​ខ្ញុំ​ច្រើន​ដែរ»។

តា វ៉ិ​ច​ទ័​រ បន្តថា៖ «និយាយ​ឲ្យពិត​ត្រង់​ទៅ សម្រាប់​ខ្ញុំ​មិនមែន​ជាម​នុស្ស ដែល​ចូលចិត្ត​ទៅ​បំបិទ​សិទ្ធិ​សេរីភាព​កូន​នោះ​ឡើយ ហើយ​នា​ពេល​នេះ​គាត់ [កូនស្រី នីឡា] ក៏មាន​វ័យ​ធំ​អាច​គិតគូរ​រឿង​ផ្ទាល់​ខ្លួន​គាត់​ផង​ដែរ មិន​អាច​ទៅ​តាម​គាត់​គ្រប់​ពេល​វេលា ២៤ ម៉ោង​នោះ​ឡើយ»។ «គ្រាន់​តែ​ខ្ញុំ​តែង​រំឭក​ប្រាប់​គាត់​ថា ចូរ​កូន​ធ្វើ​អ្វី​កុំ​ឲ្យ​ប្រាស​ចាក​ពី​គន្លង​ប្រពៃណី​ជាតិ​ខ្លួន និង​ត្រូវ​គិត​ពី​កិត្តិយស​ឪពុក ដែល​ជា​អ្នក​បង្កើត​កម្មវិធី​អប់រំ​គេ​ម្នាក់​ផង! ចំពោះ​រឿង​ជីវិត​គូ​របស់​គាត់ ខ្ញុំ​ក៏​មិន​ជំទាស់​បំណង​គាត់​ទេ! ហើយ​រឿង​គេ​ថា គាត់​មាន​អ្នក​ថ្មី​នេះ ក៏​ខ្ញុំ​មិន​អាច​ជម្រាប​បាន​ដែរ​ថា វា​ពិត ឬ​យ៉ាង​ណា​ព្រោះ​អី​ខ្ញុំ​ក៏​អត់​ទាន់​ដឹង​ថា បុរស​នោះ​ជា​អ្នក​ណា​នៅ​ឡើយ​ដែរ»។

គួរ​បញ្ជាក់ថា កូនស្រី​អ្នកផលិតកម្ម​វិធី​ល្បី​នៃ​ទូរទស្សន៍ CTN កញ្ញា នី​ឡា នាពេល​មាន​វ័យ ១៩ ឆ្នាំ​បាន​ភ្ជាប់​ពាក្យ​ជាមួយ​នឹង​លោក​ផន រង្សី មាន​វ័យ ២៥ ឆ្នាំ កាល​ពី​ថ្ងៃ​ទី ១៩ ខែ​ឧសភា ឆ្នាំ ២០១៦ កន្លង​មក ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ចំណង​ស្នេហ៍​របស់ ពួកគេ​ត្រូវ​បាន​បញ្ចប់​ទៅ​វិញ​នៅ​ចុង​ឆ្នាំ ២០១៧ ៕

អត្ថបទគួរចាប់អារម្មណ៍