The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តាំងពី​ស្វា​ដល់​ក្ដាម​ សត្វ​ព្រៃ​រងការ​គំរាមកំហែង​ដោយសារ​ម៉ាស​មនុស្ស​




តាំងពី​ស្វា​ដល់​ក្ដាម​ សត្វ​ព្រៃ​រងការ​គំរាមកំហែង​ដោយសារ​ម៉ាស​មនុស្ស​

Content image - Phnom Penh Post
ស្វា​ត្រូវបាន​ប្រទះ​ឃើញ​កំពុង​ខាំ​ទំពារ​ហែក​ម៉ាស​ជា​បំណែក​ៗ​នៅ​លើ​ភ្នំ​នៃ​ទីក្រុង​កំពូល​ភ្នំ​គួឡាឡាំពួ។ រូបថត AFP

តាំងពី​ស្វា​ដល់​ក្ដាម​ សត្វ​ព្រៃ​រងការ​គំរាមកំហែង​ដោយសារ​ម៉ាស​មនុស្ស​

ក្រុង​គួឡាឡាំពួ: ម៉ាសដែល​បាន​ជួយ​សង្គ្រោះ​ជីវិត​អំឡុង​ពេល​ជួប​វិបត្ដិ​សកល​ បាន​បង្ក​ជា​ហានិភ័យ​ដល់​ជីវិត​សត្វ​ព្រៃ​ដោយ​បក្សី​ និង​សត្វ​សមុទ្រ​ជាប់​អន្ទាក់​សំរាម​បិទ​បាំង​ផ្ទៃ​មុខ​ ដែល​រាយ​ប៉ាយ​នៅ​ដែន​ជម្រក​សត្វ។

ម៉ាស​ប្រើ​តែ​ម្ដង​បោះ​ចោល​ទាំង​នោះ​ត្រូវបាន​ប្រទះ​ឃើញ​នៅ​តាម​ផ្លូវ​ដើរ​ ផ្លូវ​ទឹក និង​ឆ្នេរ​នៅ​ទូទាំង​ពិភព​លោក តាំងពី​បណ្ដា​ប្រទេស​នានា​ចាប់​ផ្ដើម​តម្រូវ​ឱ្យ​ពាក់​នៅ​តាម​ទីសាធារណៈ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ

ពាក់​តែ​ម្ដង សម្ភារ​ការពារ​ដ៏​សែន​ស្ដើង​នេះ​ត្រូវ​ការ​ពេល​រាប់​រយ​ឆ្នាំ​ក្នុង​ការ​រលាយ​ទៅ​ជា​ដី។

Content image - Phnom Penh Post
ម៉ាស ដែល​បាន​ជួយ​សង្គ្រោះ​ជីវិត​អំឡុង​ពេល​ជួប​វិបត្ដិ​សកល​ បាន​បង្ក​ជា​ហានិភ័យ​ដល់​ជីវិត​សត្វ​ព្រៃ​ ដោយ​បក្សី​ និង​សត្វ​សមុទ្រ​។ រូបថត AFP

អាសលី ហ្វ្រូណូ មក​ពី​ក្រុម​អង្គការ​សិទ្ធិ​សត្វ PETA បាន​ប្រាប់ AFP ថា​៖ «​ម៉ាស​នឹង​មិន​ទៅ​ណា​ភ្លាម​ៗ​នោះទេ​ តែ​ពេល​យើង​បោះ​វា​ចោល​ វត្ថុ​ទាំង​នេះ​អាច​បង្ក​ហានិភ័យ​ដល់​បរិស្ថាន​ និង​ជីវិត​សត្វ ដែល​រួម​រស់​ជាមួយ​យើង​»។

ស្វា​ត្រូវបាន​ប្រទះ​ឃើញ​កំពុង​ខាំ​ទំពារ​ហែក​ម៉ាស​ជា​បំណែក​ៗ​នៅ​លើ​ភ្នំ​នៃ​ទីក្រុង​កំពូល​ភ្នំ​គួឡាឡាំពួ ជា​សញ្ញា​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​របស់​ពួក​វា។

ឧប្បត្ដិ​ហេតុ​មួយ​ទៀត​ដែល​បាន​ឡើង​ទំព័រ​កាសែត​នៅ​ចក្រ​ភព​អង់គ្លេស សត្វ​រំពេ​មួយ​ក្បាល​ត្រូវ​បាន​សង្គ្រោះ​ដោយ​អង្គការ RSPCA ក្នុង​ទីក្រុង Chelmsford ក្រោយ​ជើង​របស់​វា​បាន​ទាក់​ជាប់​ម៉ាស​គេ​បោះ​ចោល​រហូត​ដល់​មួយ​សប្ដាហ៍។

Content image - Phnom Penh Post
​រូបតតំណាង: ប្រេស៊ីល​បាន​រក​ឃើញ​ម៉ាស​មួយ​សន្លឹក​​ក្នុង​ក្រពះ​​​សត្វ​ភេនឃ្វីន​មួយ​ក្បាល​ ក្រោយ​ខ្មោច​របស់​វា​ងាប់​លើ​ឆ្នេរ​។ រូបថត AFP

យោងតាម​ក្រុម​អង្គការ​បរិស្ថាន Oceans Asia បាន​បង្ហាញ​ថាម៉ាស​ជាង ១,៥​ ពាន់​លាន​សន្លឹក​ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​មហាសមុទ្រ​កាលពី​ឆ្នាំ​មុន ដែល​បាន​បន្ថែម​សំរាម​បំពុល​បរិស្ថាន​ប្រមាណ ៦ ២០០ ​តោន។

ក្រុម​អ្នក​អភិរក្ស​បរិស្ថាន​ក្នុង​ប្រទេស​ប្រេស៊ីល​បាន​រក​ឃើញ​ម៉ាស​មួយ​សន្លឹក​​ក្នុង​ក្រពះ​​​សត្វ​ភេនឃ្វីន​មួយ​ក្បាល​ ក្រោយ​ខ្មោច​របស់​វា​ងាប់​លើ​ឆ្នេរ​ ខណៈ​សត្វ​ក្រពត​មួយ​ក្បាល​ទៀត​ត្រូវ​បាន​រក​ឃើញ​ងាប់​ទាក់​ជាប់​ម៉ាស​ក្បែរ​ឆ្នេរ​សមុទ្រ​ក្រុង​ម៉ៃអាមី។

ក្រុម​ប្រតិបត្ដិ​យុទ្ធនាការ​បរិស្ថាន​បារាំង Mer Propre បាន​រក​ឃើញ​ក្ដាម​ងាប់​មួយ​ក្បាល​ទាក់​សំណាញ់​ម៉ាស​ក្នុង​បឹង​ទឹក​ប្រៃ​ក្បែរ​សមុទ្រ​មេឌីទែរណេ កាលពី​ខែ​កញ្ញា។

Content image - Phnom Penh Post
ស្វា​ត្រូវបាន​ប្រទះ​ឃើញ​កំពុង​ខាំ​ទំពារ​ហែក​ម៉ាស​ ជា​សញ្ញា​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​របស់​ពួក​វា។ រូបថត AFP

លោក ចន ឡេអូណាដ ប្រធាន​ក្រុម​អ្នក​វិទ្យា​សាស្ដ្រ Ocean Conservancy ដែល​មាន​មូល​ដ្ឋាន​នៅ​សហរដ្ឋ​អាមេរិកបាន​និយាយ​ថា​ នៃ​អង្គការម៉ាស និង​ស្រោម​ដៃគឺជា​សត្រូវ​ចម្បង​នៃ​សត្វ​សមុទ្រ។

លោក​បាន​ប្រាប់ AFP ថា​៖ «​ពេល​ប្លាស្ទិក​ទាំង​នោះ​បែក​ខ្ចាត់​ខ្ចាយ​ក្នុង​បរិស្ថាន ពួកវា​បង្កើត​ជា​កម្ទេច​កម្ទី​ក្នុង​បរិយាកាស​»។

លោក​បាន​បន្ថែម​ថា កម្ទេច​កម្ទី​ទាំង​នោះ​ក្រោយ​មក​នឹង​វិល​ចូល​សមាស​ធាតុ​ចំណី​អាហារ​ និង​ប៉ះពាល់​ប្រព័ន្ធ​អេកូឡូស៊ី​ទាំង​មូល។

Content image - Phnom Penh Post
ស្វា​ត្រូវបាន​ប្រទះ​ឃើញ​កំពុង​ខាំ​ទំពារ​ហែក​ម៉ាស​ជា​បំណែក​ៗ​នៅ​លើ​ភ្នំ​នៃ​ទីក្រុង​កំពូល​ភ្នំ​គួឡាឡាំពួ។ រូបថត AFP

យ៉ាង​ណាមិញ នៅ​មាន​វិធី​ដែល​មនុស្ស​អាច​ប្រើ​ម៉ាស​ក្រណាត់​សម្រាប់​ប្រើ​ប្រាស់​ឡើង​វិញ​ ខណៈ​វិបត្ដិ​សកល​កំពុង​បង្ក​ការ​ចលាចល​ដល់​ពិភព​លោក តែ​មនុស្ស​ជា​ច្រើន​នៅតែ​ចង់​ប្រើ​ម៉ាស​ឯក​បំណង​ ដែល​មាន​ទម្ងន់​ស្រាល​ស្រួល​ពាក់។

ក្រុម​យុទ្ធនាការ​បាន​ទទូច​ឱ្យ​ពលរដ្ឋ​ទុក​ដាក់​ម៉ាស​ក្នុង​ធុង​សំរាម​ឱ្យ​បាន​ត្រឹម​ត្រូវ កាត់ផ្ដាច់​ខ្សែ និង​កាត់​វា​ជា​ជម្រៀក​តូច​ៗ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ដល់​សត្វ។

អង្គការ Oceans Asia ក៏​បាន​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​ប្រទេស​នានា​បង្កើន​ប្រាក់​ពិន័យ​សម្រាប់​អ្នក​ពង្រាយ​សំរាម​ និង​លើក​ទឹកចិត្ដ​ឱ្យ​ប្រើ​ប្រាស់​ម៉ាស​បោក​គក់​បាន​ឡើង​វិញ៕ AFP/HR

Content image - Phnom Penh Post
​ជើងរបស់បក្សី​​បាន​ទាក់​ជាប់​ម៉ាស​គេ​បោះ​ចោល​រហូត​ដល់​មួយ​សប្ដាហ៍។ រូបថត AFP

Content image - Phnom Penh Post
បក្សី​​ត្រូវ​បាន​សង្គ្រោះ​ដោយ​អង្គការ RSPCA ដោយ​​​ជើងរបស់បក្សី​​បាន​ទាក់​ជាប់​ម៉ាស​គេ​បោះ​ចោល​រហូត​ដល់​មួយ​សប្ដាហ៍។ រូបថត AFP

អត្ថបទគួរចាប់អារម្មណ៍