កំពង់ឆ្នាំង៖​ លោក Hannes Schmid បាន​ជួប​កុមារី​កម្ពុជា​ម្នាក់​ ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​ដើរ​សុំទាន​នៅ​តាម​ដង​ផ្លូវ​នៃ​ប្រទេស​ថៃ ​ក្នុង​ឆ្នាំ​ ២០១២​។ គ្រា​នោះ លោក​បាន​សង្គ្រោះ​នាង​ដែល​​ជា​ជន​រងគ្រោះ​ពី​ទឹក​អាស៊ីត និង​អំពើ​ជួញ​ដូរ​មនុស្ស​​ ត្រឡប់​មក​មាតុភូមិ​​វិញ​។ នោះ​ជា​វេលា​ដែល​បុរស​ជនជាតិ​ស្វ៊ីស​​រូប​នេះ បាន​មក​ដល់​កម្ពុជា​​ជា​លើក​ដំបូង​។ លោក​ គឺ​ជា​សមាជិក​ក្រុម​ប្រឹក្សា​នៃ​អង្គការ​តុកកែ​ញញឹម​ស្វ៊ីស​។

លោក ងន់ សុខលាភ ជា​នាយក​ប្រតិបត្ដិ​អង្គការ​តុកកែ​ញញឹម​កម្ពុជា (SGC) បាន​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍​ ថា​៖ «​​លោក Hannes បាន​ស្គាល់​កម្ពុជា​ និង​នាំ​នាង​មក​ផ្ទះ​វិញ​។ លោក​មើល​ឃើញ​ថា ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​មិន​រៀប​រយ​ ភាគ​ច្រើន​ជា​ជន​ចំណាក​ស្រុក​ ដែល​ប្រឈម​​នឹង​បញ្ហា​ជា​ច្រើន​»។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ អង្គការ​តុកកែ​ញញឹម​កម្ពុជា​ក៏​ចាប់​កំណើត​ បំណង​ធ្វើ​ឱ្យ​ប្រសើរ​​ឡើង​នៃ​ការ​អប់រំ​ ដែល​ប្រកប​ដោយ​គុណភាព​ប្រចាំ​តំបន់​ តាមរយៈ​ការ​ធានា​មូលនិធិ​គ្រប់គ្រាន់​រយៈពេល​យូរ​អង្វែង​ និង​លើក​ស្ទួយ​ជីវភាព​ពលរដ្ឋ​សហគមន៍​តាមរយៈ​កសិកម្ម​គ្មាន​គីមី​ និង​គម្រោង​តូចៗ​ជា​ច្រើន។

លោក សុខលាភ ជា​សហស្ថាបនិក​អង្គការ​តុកកែ​ញញឹម​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​៖ «​យើង​ចាប់​ផ្ដើម​បង្កើត​អង្គការ​​តុកកែ​ញញឹម​កម្ពុជា ក្នុង​ឆ្នាំ​ ២០១៤ ដែល​បច្ចុប្បន្ន​មាន​បុគ្គលិក​សរុប​ជាង ២៦០ ​នាក់»​។ ស្ថិត​ក្នុង​ស្រុក​សាមគ្គីមានជ័យ​ ​ខេត្ដ​កំពង់ឆ្នាំង គម្រោង​ស្នូល​ដំបូង​​របស់​អង្គការ​​គឺ​ កសិកម្ម​។

លោកក៏បាន​ឱ្យ​ដឹងថា​៖ «​ថ្មីៗ​នេះ យើង​កំពុង​តែ​ប្រើប្រាស់​ដី​ប្រមាណ​ពាក់​កណ្ដាល​​នៃ​ដី​ ១៣០ ​ហិកតា។ ចំពោះ​វិស័យ​កសិកម្ម​ យើង​បាន​បង្កើត​គម្រោង​កសិកម្ម​ចិញ្ចឹម​មាន់​ ចិញ្ចឹមជ្រូក និង​ត្រី​ រួម​ជាមួយ​គម្រោង​កសិកម្ម​គ្រួសារ​ (AFP) លើ​ផ្ទៃដី​ប្រមាណ ៣០ ​ហិកតា​»។

ឆ្នាំ​ ២០១៥ អង្គការ​បាន​បង្កើត​ផ្ទះ​ស្នាក់​ប្រណីត​មួយ​ដើម្បី​ទទួល​ភ្ញៀវ​ និង​សិស្ស ​និស្សិត​ ក៏​ដូច​ជា​ការ​ទទួល​អាហារ​ដែល​ដាំដុះ​នៅ​ក្នុង​កសិដ្ឋាន​ផ្ទាល់​។​លោក​បាន​និយាយ​​អង្គុយ​លើ​កៅអី​មុខ​កន្លែង​ទទួល​ភ្ញៀវ​​រីសត​ផ្ទះ​កសិដ្ឋាន​ថា​៖ «យើង​មាន​ផ្ទះ​ឈើ​សរុប​ ១៧ ខ្នង ស្មើ​នឹង​ ៣៤ ​បន្ទប់​ តម្លៃ​ចាប់​ពី ៤៥ ដល់​ ១៧០ ​ដុល្លារ​»។

គម្រោង​សាលា​រៀន​ក្នុង​ភូមិ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១៥។ SGC អនុវត្ដ​យុទ្ធសាស្ដ្រ​តាមរយៈ​កិច្ច​សហការ​ជាមួយ​ Zurich University of Teacher Education ដើម្បី​សម្រប​សម្រួល​កម្មវិធី​សិក្សា​ឱ្យ​ស័ក្ដិសម​នឹង​បរិបទ​នៅ​កម្ពុជា​ និង​ធ្វើ​ការ​ជាមួយ ETH ដើម្បី​​សង់​អគារ​សិក្សា និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា។

លោក​បន្ត​ថា​៖ «​យើង​មាន​សាលារៀន​ក្នុង​ភូមិ​មួយ​ ដែល​​បច្ចុប្បន្ន​មាន​សិស្ស​ប្រមាណ ៣០០ ​នាក់​។ យើង​ត្រៀម​បើក​​​មជ្ឈមណ្ឌល​អប់រំ​សម្រាប់​​​សិស្ស​ប្រមាណ​ជា​ ១ ១០០ ​នាក់​ ដែល​ជាគំរូ​សម្រាប់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​»។

សិស្ស​ពាក់​ម៉ាស់ និង​​ឯកសណ្ឋាន​យ៉ាង​មាន​របៀប​រៀបរយ​​នៅ​​សាលារៀន​​របស់​​អង្គការ​។ រូបថត សហ​ការី

តុកកែ​ញញឹម​ផ្ដល់​ក្ដី​សង្ឃឹម​ថ្មី​ លោក សុខលាភ បាន​លើក​ហេតុផល​ថា តុកកែ​ជា​ប្រភេទ​សត្វ​ម្យ៉ាងដែល​មាន​ការ​ពុះពារ​បើ​ទោះបី​ជា​វា​រងគ្រោះ​ដោយសារ​ការ​ដាច់​ម្រាម​ដាច់​ជើង​ អី​​ក៏​អវយវៈ​របស់​ពួក​វា​លូតលាស់​ឡើង​វិញ​។

លោក​បន្ដ​ថា​៖ «​យ៉ាង​ណា​មិញ​ចំពោះ​មនុស្ស​ដែល​ជួប​ការ​លំបាក​នៅ​តែ​អាច​បន្ដ​ក្ដី​សង្ឃឹម​ឡើង​វិញ​ ទោះបី​ជា​ជួប​បរាជ័យ​ក្នុង​ឆាក​ជីវិត​។ ចំពោះ​ទស្សនវិស័យ​របស់​អង្គការ​​វិញ​វា​មាន​អត្ថន័យ​ ១ ​ទៀត គឺ​ផ្សារ​ភ្ជាប់​តម្រូវ​ការ (bridging need) រវាង​អ្នក​មាន​លើស​លុប​ និង​អ្នក​ខ្វះ​ខាត​។ យើង​អាច​ផ្ដល់​ស្នាម​ញញឹម​ដល់​អ្នក​ទាំង​នោះ​ឱ្យ​មាន​ទឹក​ចិត្ដ​ក្នុង​ការ​កែ​ប្រែ​ជីវភាព​»។

បច្ចុប្បន្ន​ប្រជាពលរដ្ឋ​មក​ពី​តំបន់​អនាធិបតេយ្យ​តំបន់​គំនរ​សំរាម ១២ ​គ្រួសារ ​ទទួល​បាន​ចំណែក​ដី​កន្លះ​ហិកតា​សម្រាប់​ការ​ដាំដុះ​ដំណាំ​កសិកម្ម​ចិញ្ចឹម​សត្វ និង​ផ្ទះ​មួយ​ខ្នង​ផង​ដែរ​។

អតីត​និស្សិត​ច្បាប់​វ័យ ៣២ ​ឆ្នាំ​រូប​នេះ ​បន្ដ​ថា​៖ «​ចាប់​ផ្ដើម​ពី​ផ្ទៃ​ដី​ដំបូង ៩ ហិកតា ​ក្នុង​ស្រុក​សាមគ្គីមានជ័យ​សម្រាប់​បែង​ចែក​ ១២ ​ប្លង់ ​សម្រាប់ ១២ ​គ្រួសារ​ បច្ចុប្បន្ន​អង្គការ​បាន​ពង្រីក​​វិសាលភាព​ដល់ ១៣០ ​ហិកតា លើ​​វិស័យ​ផ្សេងៗ​ទៀត​ ដូចជា កសិកម្ម​បដិសណ្ឋារកិច្ច រោង​ជាង ជា​ពិសេស​សាលារៀន»​។

ការ​បង្កើត​កញ្ចុំ​គម្រោង​ដើម្បី​ធានា​និរន្ដរភាព​​

លោក សុខលាភ និយាយ​ថា ឆ្នាំ​​សិក្សា​ថ្មី​នេះ សាលា​សហគមន៍​​ចាប់​ផ្ដើម​បង្កើន​ថ្នាក់​ដល់​ឆ្នាំ​ទី៤។ ១ ឆ្នាំ​អង្គការ​បង្កើន​​ ១ ថ្នាក់​តាម​​លទ្ធភាព​​។

លោក ងន់ សុខលាភ សហស្ថាបនិក​អង្គការ​តុកកែ​ញញឹម​កម្ពុជា​។ហុង មិនា

អង្គការ​​កំពុង​តែ​អភិវឌ្ឍ​ក្នុង​វិស័យ​អប់រំ​ ដោយ​ប្រមែប្រមូល​ក្មេងៗ​តាំងពី​តូច​នៅ​អាយុ ៣ ​ឆ្នាំ​​។ អង្គការ​​បាន​ចុះ​អនុស្សរណៈ​ នៃ​ការ​យោគយល់​ជាមួយ​ក្រសួង​អប់រំ​ ដើម្បី​បើក​ដំណើរការ​ជា​លក្ខណៈ​គម្រោង​ និង​​កំពុង​រៀបចំ​ចុះ​បញ្ជី​ជា​សាលា​រៀន​ឯកជន​អន្ដរជាតិ​ ដោយ​​​ប្រើ​​កម្មវិធី​សិក្សា​អន្ដរជាតិ​លាយ​ឡំ​ជាមួយ​កម្មវិធី​សិក្សា​រដ្ឋ​។

សហស្ថាបនិក​អង្គការ​វ័យ​ក្មេង​រូប​នេះ ឱ្យ​ដឹង​ថា​៖ «គោលដៅ​របស់​យើង យើង​កំណត់​ឱ្យ​ដល់​សាកលវិទ្យាល័យ​។» លោក​បញ្ជាក់​ថា៖ «ទោះបី​ជា​មាន​ជំនួយ​ផ្សេងៗ​យ៉ាង​ណា​ក៏​ដោយ ក៏​ចុង​ក្រោយ​បង្អស់​ គឺ​មាន​តែ​ការ​អប់រំ​ដល់​ក្មេងៗ​ជំនាន់​នោះ​ទេ​»។

កិច្ច​សហការ​ពី​ដៃគូ​នានា​អង្គការ​តុកកែ​ញញឹម​ទទួល​មូលនិធិ​ពី​ទូទាំង​ពិភព​លោក​ ដែល​ភាគ​ច្រើន​​ជា​អង្គការ​ផ្សេងៗ​នៅ​​​ស្វ៊ីស និង​អាល្លឺម៉ង់ រួម​ទាំង​​សាកល​វិទ្យាល័យ ​វិទ្យាស្ថាន​អភិវឌ្ឍន៍​នានា​។

លោក​បញ្ជាក់​ថា​៖ «​យើង​មាន​​អ្នក​គ្រប់គ្រង​ជា​ជនជាតិ​ខ្មែរ ​​ទទួល​ការ​បណ្ដុះបណ្ដាល​ពី​អ្នក​បង្ហាត់​បង្ហាញ​ដែល​មក​បម្រើ​ការ​រយៈពេល​ខ្លី​នៅ​ក្នុង​ប្រទេស​យើង​»។

អង្គការ​តុកកែ​ញញឹម​កម្ពុជា ស្ថិត​ក្នុង​ឃុំ​ត្បែង​ខ្ពស់ ស្រុក​សាមគ្គីមានជ័យ ខេត្ដ​កំពង់ឆ្នាំង ចម្ងាយ​ប្រមាណ ៧០ ​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ៕