
វិស្វករធ្វើតេស្តសន្ទនាជាមួយស្រីស្រស់ស៊ីលីកូនសក់ពណ៌ទង់ដែង។ AFP
ក្រុងដាលៀន: ខណៈប្រទេសចិនប្រឈមនឹងការខ្វះមនុស្សស្រី និងកំណើនពលរដ្ឋសក់សកាន់តែច្រើន ក្រុមហ៊ុនមួយកំពុងទាក់ទាញបុរសៗជាពិសេសអ្នកវ័យជ្រេចូលនិវត្តន៍ឲ្យងាកមករកដៃគូជាតុក្កតាសិច ចេះនិយាយ លេងតន្ត្រី និងបញ្ជាបរិក្ខារក្នុងផ្ទះ។
ស្ថិតនៅភាគឦសាននៃទីក្រុងកំពង់ផែដាលៀន ឃ្លាំងក្រុមហ៊ុន EXDOLL មានតុក្កតាសិចដងខ្លួនធ្វើពីស៊ីលីកូន និងសុដន់ធំៗ តម្រៀបគ្នាជាជួររង់ចាំឲ្យក្រុមវិស្វករជប់ពួកនាងឲ្យក្លាយជានារីមានជីវិតសិប្បនិម្មិត។
អ្នកបច្ចេកទេសពាក់អាវពណ៌ស បានធ្វើតេស្តតុក្កតាសក់ទង់ដែង ពាក់អាវសស្ដើង មើលឆ្លុះដើមទ្រូង និងកំពុងអង្គុយលើកៅអី ជាមួយសំណួរថា៖ «តើនាងឈ្មោះអី?»។
កញ្ញាស៊ីលីកូនតម្លៃ ៤០០០ ដុល្លារ បំពាក់ WiFi និងអាចបញ្ជាតាមអ៊ីនធឺណិត រូបនេះបានបន្លឺថា៖ «ខ្ញុំឈ្មោះ ស៊ាវទី ប៉ុន្តែបងអាចហៅខ្ញុំថា អូនសម្លាញ់ក៏បាន។ តែបើធ្វើឲ្យខ្ញុំមិនសប្បាយចិត្ត ខ្ញុំអត់ឆ្លើយទេណា»។
ក្នុងចំណោមប្រជាជន ១,៤ ពាន់លាននាក់ ប្រទេសចិនមានចំនួនមនុស្សប្រុស ៣៣,៦ លាននាក់ ច្រើនជាងស្ត្រី ដោយសារគោលនយោបាយ «គ្រួសារមួយ កូនម្នាក់» និងប្រពៃណីចង់បានកូនប្រុសបន្តត្រកូល។

កន្លែងផលិតតុក្កតាសិចនៅទីក្រុងកំពង់ផែដាលៀន ប្រទេសចិន។ AFP
ដូច្នេះហើយទើបនាយកទីផ្សារ លោក វូ ស៊ីងលាំង បានអះអាងថា ផលិតផលតុក្កតាសិចក្រុមហ៊ុនលោកនឹងចូលមកដោះស្រាយបញ្ហានេះ។
លោកបានលើកឡើងថា៖ «ប្រទេសចិនខ្វះមនុស្សស្រី ដូច្នេះទើបមានតម្រូវការមនុស្សយន្តច្រើន មិនមែនតែក្នុងគោលបំណងរួមភេទទេ»។
លោកអះអាងថា៖ «យើងផលិតពួកនាងឲ្យចេះសន្ទនា និងអាចជួយការងារផ្ទះ។ ពួកនាងថែមទាំងអាចបំពេញការងារជាអ្នកទទួលភ្ញៀវ ឬជំនួយការគ្រូពេទ្យ»។
ឆ្នាំក្រោយក្រុមហ៊ុនដែលលក់តុក្កតាសិចជាង ៤០០ គ្រឿង ក្នុងមួយខែ!នេះរំពឹងថានឹងអាចផលិត តុក្កតាសិចបំពាក់បច្ចេកទេសបញ្ញាសិប្បនិម្មិត អាចលេងទឹកមុខ ធ្វើចលនារាងកាយដូចមនុស្ស មានប្រព័ន្ធស្គាល់សំឡេង និងសន្ទនាដោយប្រើកែវភ្នែកជាមួយមនុស្ស។ យ៉ាងណាមិញ ក្រុមហ៊ុនក៏នៅរក្សាគោលការណ៍រូបសម្រស់ដូចមនុស្ស គឺមុខមាត់ស្អាត គូទ សុដន់ ធំៗ និងដងខ្លួនសិចស៊ី៕