ក្រុង​ប៉ារីស៖ តុលាការ​បារាំង​បាន​សម្រេច​ឲ្យ​ហ្វូង​ទា​នៅ​និរតី​ប្រទេស​អាច​បន្ដ​ស្រែក​កាបៗ​ ​ក្រោយ​​មាន​ការ​ប្ដឹង​ផ្ដល់​ពី​អ្នក​ជិត​ខាង​ចំពោះ​សម្រែក​សំឡេង​របស់​ពួក​វា​ ដោយ​​​យ៉ាង​ហោច​ណាស់​​ត្រូវ​​រង់ចាំ​ការ​ស៊ើប​អង្កេត​ពី​ការ​ធ្វើ​តេស្ដ​កម្រិត​សំឡេង​រំខាន​សិន​​។

ករណី​ហ្វូង​ទា​ដ៏​រំខាន​នៅ​ភាគ​​និរតី​នៃ​តំបន់ Landes គឺ​ជា​រឿង​រ៉ាវ​ចុង​ក្រោយ​បំផុត​ក្នុង​ប្រទេស​ ដែល​យោគយល់​ដល់​ធម្មជាតិ​នៃ​ទី​ជនបទ។

សម្រែក​មាន់​គក​រងាវ​​​នៅ​​ភាគ​ខាង​លិច​ប្រទេស ​បារាំង ​​រំខាន​ដល់​​អ្នក​ជិត​ខាង នាំ​​​ជម្លោះ​ប្ដឹង​ផ្ដល់​ចំពោះ ១៦៥ ដុល្លារ ​ក្នុង ​១ ​ថ្ងៃ បូក​ទាំង​​ថ្លៃ​​ចំណាយ​ខូច​ខាត ៣ ៨៧០ ដុល្លារ និង​ថ្លៃ​ឯកសារ​ផ្លូវ​ច្បាប់​នានា ២ ២០០ ដុល្លារ​។

ប្ដីប្រពន្ធ​ដែល​ទិញ​ផ្ទះ​ក្បែរ​ខាង​នោះ​កាល​ពី​ឆ្នាំ​មុន បាន​ប្ដឹង​អំពី​សំឡេង​រំខាន​ពី​ហ្វូង​ទា និង​ក្ងាន​ប្រមាណ ៥០ ក្បាល ​ដែល​ត្រូវ​បាន​ចិញ្ចឹម​ក្នុង​សួន​ទីធ្លា​ផ្ទះ​អ្នកស្រី Dominique Douthe អាយុ​ ៦៧ ឆ្នាំ រស់នៅ​ក្នុង​ក្រុង Soustons​។

មេធាវី​របស់​អ្នកស្រី​ ហ្វីលីព ឡាឡាន បាន​និយាយ​ថា​៖ «គ្មាន​អ្វី​ខុស​ច្បាប់​ ឬ​គ្មាន​អ្វី​អប្រក្រតី​ផង​»។

លោក​បាន​បន្ថែម​ថា ចៅក្រម​បាន​បង្គាប់​ឲ្យ​ប្រើ​ឧបករណ៍​តេស្ដ​ពី​កម្រិត​សំឡេង​រំខាន​ ដែល​នឹង​ត្រូវ​បាន​ចាប់​ផ្ដើម​នៅ​​ត្រីមាស​ទី ​១ ​​ឆ្នាំ​ក្រោយ​។

វា​ជា​ករណី​មួយ​ក្នុង​ចំណោម​​​​បណ្ដឹង​តទល់​នឹង​សំឡេង​ធម្មជាតិ​របស់​សត្វ​នៅ​ទូទាំង​តំបន់​ជនបទ​នៃ​ប្រទេស ​បារាំង។ តុលាការ​កាល​ពី​ដើម​ខែ​កញ្ញា កាត់​ក្ដី​ឲ្យ​មាន់​គក​ឈ្នះ​ដោយ​អាច​បន្ដ​ស្រែក​រងាវ​ ជា​អ្វី​ដែល​ហៅ​ថា ជា​អត្ដសញ្ញាណ​អ្នក​ជនបទ​បារាំង៕ AFP/HR