ភ្នំពេញៈ ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលពីការពង្រីកសាខាបន្តបន្ទាប់នៃអាជីវកម្មក្រោមស្លាកយីហោ «ផែសមុទ្រ» ដែលជាការដាក់ទុនបេះដូង និង ធនធានរួមជាមួយម្ចាស់ស្នេហ៍ តារាសម្ដែង និងម៉ូដែល តូតា និងថៅកែផលិតកម្មអង្គរភិចឈ័រ លោក ប៉ូ វិបុល ជាលក្ខណៈលក់ franchise ជាលើកដំបូងនៅក្នុងតម្លៃជិត ១ សែនដុល្លារ នៅម្ដុំផ្សារកាប់គោ នោះមិនទាន់អស់ចំហាយល្បីផង ក៏ស្រាប់តែតារាស្រីរូបនេះ បន្តមកផុសផុលល្បីនឹងរឿងលក់ដីឡូត៍វិញម្តង។
តាមរយៈសារដែលបង្ហោះថា «ដីលក់មានទំហំ ៦០ ម៉ែត្រ x ៩០ ម៉ែត្រ នៅព្រែកធំ (ខេត្តកំពត) ល្អសម្រាប់គម្រោងសណ្ឋាគារ និងរីសត។ ទីតាំងស្ថិតនៅតាមស្ពានកំពតថ្មី ចម្ងាយ ៣ គីឡូម៉ែត្រ» ចេញគណនីហ្វេសប៊ុករបស់តារាសម្តែងស្រីស្រស់ បបូរមាត់សិចស៊ី កញ្ញា តូតា មួយស្របក់មកនោះ ក៏មានការភ្ញាក់ផ្អើលដោយលាន់មាត់ថា «អីយ៉ា!កញ្ញា តូតា ពិតជាមិនធម្មតាមែន ខណៈនាងទើបបើកលក់ franchise ជាលើកដំបូងក្នុងតម្លៃជិត ១ សែនដុល្លារ ម្តុំផ្សារកាប់គោ ជាសាខាទី ៤ នៃផែសមុទ្រសោះ ហើយឥឡូវនេះ មកប្រកាសលក់ដីឡូត៍ជាទ្រព្យធនកើបប្រាក់ស្រួលៗមួយទៀតហ្ន!។ តើកញ្ញា តូតា ប្រកាសលក់ដីនេះ ដើម្បីយកប្រាក់ទៅពង្រីកមុខរបររកស៊ី ឬក៏យ៉ាងណា?»។
ថ្លែងទាំងមានការលាយឡំដោយសំណើចនោះ កញ្ញា តូតា បានប្រាប់ភ្នំពេញប៉ុស្តិ៍ពេលដំបូងនាងថា នោះជាដីរបស់បងប្អូន តែក្រោយមកក៏បង្ហើបការពិតថា៖ «មិនមែនជាដីរបស់នាងខ្ញុំទេបង! តាមពិតទៅ ដីនោះរបស់លោក ប៉ូ វិបុល។ សម្រាប់នាងខ្ញុំគ្រាន់តែប្រកាសលក់ឲ្យគាត់ទេ ហើយប្រសិនបើបងចង់ដឹងថា គាត់លក់ដីយកប្រាក់ធ្វើអ្វី ឬដើម្បីប្រើធ្វើអ្វីនោះ សូមរំខានបងជួយទូរស័ព្ទទៅសាកសួរគាត់លម្អិតចុះគឺនាងខ្ញុំពិតជាមិនបានដឹងដែរ»។
ចាប់តាំងពីព្រមសហការដាក់ទុនរួមគ្នានឹងគូស្នេហ៍លោក ប៉ូ វិបុល ហៅ នីត ថៅកែផលិតកម្មអង្គរភិចឈ័រ លើមុខជំនួញអាជីវកម្មបើកជាអាហារដ្ឋានដែលមានយីហោ «ផែសមុទ្រ» នៅក្នុងរាជធានីភ្នំពេញឲ្យបាន ១២ សាខាមកនោះ តារាស្រី ម៉ាក់ សែនសូនីតា ហៅកញ្ញា តូតា ក៏ល្បីថា ជិតកំណត់វេលាចូលរោងការ និងចង់រៀបចំឲ្យខុសប្លែកពីគេទៀតផង តែមិនទាន់កំណត់ពេល។
ក្នុងជំនួបជាមួយភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទ តារាសម្តែងស្រីស្រស់ បបូរមាត់សិចស៊ី កញ្ញា តូតា បែរជាឆ្លើយលាយឡំនឹងសំណើចថា៖ «អត់ទាន់មានគម្រោងដូច្នេះនៅឡើយទេបងគឺថាអាចនៅវែងឆ្ងាយទៀត។ ពេលនេះ យើងសូមយកចិត្តទុកដាក់ទៅលើការងាររកស៊ីសិន»។
ទំនាក់ទំនងស្នេហ៍រវាងតារាស្រីស្រស់សោភា តូតា និងលោកវិបុល បានសាយភាយពេញពិភពសិល្បៈទៅហើយ ខណៈដែលអ្នកទាំង ២ ក៏កំពុងតែពួតដៃគ្នាបើកមុខជំនួញហាងអាហារ «ផែសមុទ្រ» បានចំនួន ៤ សាខាហើយដែរគឺទី ១ ស្ថិតនៅខាងក្រោយសណ្ឋាគារឡឺប្រេស៊ីដង់ សាខាទី ២ មានទីតាំងនៅក្រុងតាខ្មៅ ឯសាខាទី ៣ មានទីតាំងស្ថិតនៅម្តុំផ្សារទួលទំពូង ហើយសាខាទី ៤ ដែលស្ថិតនៅម្ដុំផ្សារកាប់គោ ដែលត្រូវបានសម្ពោធកាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០១៨ កន្លងមក មានវត្តមានអ្នកសិល្បៈចូលរួមច្រើនគួរសម ដូចជាអ្នកនាង កាតុ និងស្វាមី ព្រមទាំងតារាសម្ដែង គៀត សុវណ្ណាឡាង ជាដើមនោះ គឺជាគម្រោងដំបូងមួយនៃការលក់ជា francise របស់មុខជំនួញនៃអាជីវកម្មរួមទុនគ្នារបស់តារាសម្តែងស្រីតូតា និងគូស្នេហ៍ផងដែរ៕