ភ្នំពេញៈ ខណៈ​ជីវិត​គូ​ជា​ប្តី​ប្រពន្ធ​ស្របច្បាប់​ដោយ​ក្រាប​ផ្ទឹម​រោងជ័យ ជាមួយ​នឹង​សា្វមី​លោក ប៉ុល វិបូ ទើប​រំលង​មិនទាន់​បាន ៣ ​ខែ​ផង​នោះ ក៏​ស្រាប់តែ​តារាស្រី ពិធីការិនី និង​ជា​ថៅកែ​ហាង​អាហារដ្ឋាន «​ផែសមុទ្រ​» អ្នកនាង ម៉ាក់ សែនសូនីតា ហៅ​ តូតា បង្ហើប​រឿង​បង្កើត​មុខរបរ​ថ្មី​បន្ថែម​ទៀត បង្អួត​ប្រាប់​ទៅ​ប្រិយមិត្ត និង​អ្នកសិល្បៈ​នៅតាម​បណ្តាញ​សង្គម​។

តារាស្រី​ស្រស់​រូបស្អាត​មាន​បបូរមាត់​សិចស៊ី​អ្នកនាង តូតា បង្ហោះ​សារ​ថា​៖ «​មុខរបរ​ថ្មី​ជិត​ចេញ​ជា​រូបរាង​ហើយ​!​ចាំ​ជួយ​គាំទ្រ​ផង​ណា​មនុស្ស​ជា​ទីស្រឡាញ់​ទាំងអស់​គ្នា​!»​។

មើលទៅ​ការត្រៀម​បង្កើត​មុខរបរ​ថ្មី​របស់​តារាសម្តែង​ស្រី​អុ្នកនាង តូតា នេះ​ទំនង​ជា​ការពួត​ដៃ​គ្នា​រកស៊ី​តាំងពី​កាលពី​នៅ​ជា​អតីត​គូដណ្តឹង​នឹង​គ្នា ខណៈ​បច្ចុប្បន្ន​ក្លាយ​ជា​ស្វាមី​នាង​គឺ​លោក ប៉ុល វិបូ ក្នុង​គម្រោង​បើក​រីសត​ថ្មី​សន្លាង​មួយ​ឈ្មោះថា «​ផែសមុទ្រ​រីសត​» ស្ថិតនៅ​ក្រុង​កំពត ខេត្ត​កំពត​នោះ​ហើយ​មើលទៅ​។

បន្ថែម​ពីនេះ​អ្នក​ទាំង​ ២ ក៏​ធ្លាប់បាន​សហការ​គ្នា​បើករបរ​រកស៊ី​តាំងពី​មុនពេល​ពួកគេ​បើក​រីសត​នៅ​ខេត្តកំពត​ផងដែរ​គឺ​ដាក់ទុន​រួមគ្នា​បើក​អាហារដ្ឋាន​មាន​យីហោ​ល្បីឈ្មោះ «​ផែសមុទ្រ​» ដោយបាន​ពង្រីក​សាខា ជាច្រើន​បន្តបន្ទាប់ នៅ​ភ្នំពេញ និង​ខេត្តកណ្តាល​មុន​ឈាន​ដល់​ដាក់ទុន​បេះដូង​នោះ​។

ចំពោះ​គម្រោង​បង្កើត​រីសត​ឈ្មោះ «​ផែ​សមុទ្រ​រីសត​» ដែល​មហាជន​កំពុងតែ​សង្ស័យ​ថា ដែលជា​របរ​ថ្មី​សន្លាង​របស់​តារាសម្តែង​ស្រី តូតា និង​ស្វាមី​លោក ប៉ុល វិបូ នោះ​គឺមាន​ទីតាំង​ស្ថិត​នៅក្នុង​ភូមិ​តាដិប សង្កាត់​អណ្តូងខ្មែរ ក្រុង​កំពត ខេត្តកំពត​។

លោក ប៉ុល វិបូ ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​មុនពេល​រៀបការ​ដែរ​ថា​តាមពិត​ទៅ ទីនេះ​គឺ​គ្រាន់តែ​ចាប់ផ្តើម​បើក​ការដ្ឋាន​រៀបចំ​ប្រែក្លាយ​ឲ្យ​ទៅ​ជា​រីសត​តែប៉ុណ្ណោះ យើង​មិនទាន់​បាន​រួចរាល់​ ១០០ ​ភាគរយ​នោះទេ​។ ផ្ទៃដី​នៃ​តំបន់​រីសត​នេះ​មាន​ទំហំ​ចំនួន ៤ ​ហិកតា​មាន​​ទីតាំង​ល្អ​ស្ថិតនៅ​ក្នុង​ភូមិ​តាដិប សង្កាត់​អណ្តូងខ្មែរ ក្រុង​កំពត ជាប់​ដងព្រែក ហើយ​អាចជា​ទីកន្លែង​សម្រាប់​បោះតង់​កម្សាន្ត​នានា​បាន​ហើយ​នេះ​ក៏​ជា​ការដាក់​ហ៊ុន​រួម​គ្នា​រវាង​លោក និង​ភរិយា តូតា ផងដែរ​។

ទោះជា​យ៉ាងណា​ការបង្ហើរ​សារ​ខាងលើ​នោះ​អាច​ជា​រីសត​បើក​ថ្មី​នៅ​ខេត្ត​កំពត មែន ឬ​មិនមែន​នោះទេ ព្រោះ​មិនមាន​ការបកស្រាយ​ពី​ប្តី​ប្រពន្ធ​ដែល​បានរួម​មុខរបរ​ជំនាញ​តាំងពី​នៅ​ជា​គូស្នេហ៍​នឹង​គ្នា​បាន​នោះឡើយ ដោយសារ​ប្រព័ន្ធ​ទូរស័ព្ទ​របស់​តារាស្រី អ្នកនាង តូតា និង​ស្វាមី​លោក ប៉ុល វិបូ មិនអាច​ទាក់ទង​បាន​ឡើយ ខណៈ​ភ្នំពេញ​ប៉ុស្តិ៍​បាន​ព្យាយាម​ទូរស័ព្ទ​ច្រើនលើក​៕