ភ្នំពេញ៖ ខណៈ​ទើប​​តែ​បាន​បង្កើត​មុខ​របរ​​ថ្មី​​​​បន្ថែម​​ ​ក្រោយ​ពី​​រៀប​មង្គលការ​បាន​ប្រមាណ​ជាង ​៣ ​​ខែ​​នោះ ឥឡូវ​នេះ​ប្តី​ប្រពន្ធ​​តារា​​សម្តែង និង​​ស្វាមី​ជា​ពាណិជ្ជករ​​​ខ្មែរ​ទ្រព្យ​ស្ដុក​​លោក ប៉ុល វិបូ ទទួល​​​ដំណឹង​ល្អ​មួយ​គឺ​មាន​បុត្រ​ដំបូង​រឹត​បន្តឹង​​ចំណង​​ស្នេហ៍​អាពាហ៍ពិពាហ៍​​នៅ​​ចំ​គ្រា​ដែល​​​ស្ថានភាព​មាន​វិបត្តិ​ជំងឺ​កូវីដ ១៩​។

បន្ទាប់​ពី​ស្ងាត់​​ក្នុង​​​សិល្បៈ​មួយ​រយៈ ​ក្រោយ​​រៀបការ​រួច​​​ពេល​នេះ​តារា​សម្តែង​ស្រី​ល្បី​​អ្នកនាង ម៉ាក់ សែន​សូនីតា ហៅ​តូតា​ ​បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​ដល់​ហ្វេនៗ​របស់​នាង​ ដោយ​​​​​បង្ហើប​​ដំណឹង​​​កំពុង​ពពោះ​ជូន​ស្វាមី​លោក ប៉ុល វិបូ​ ​បង្ហោះ​តាម​​​​ហ្វេសប៊ុក​ថា៖ «សូម​ឲ្យ​មាន​​ថ្ងៃ​ល្អ​ទាំង​អស់​គ្នា​ចា!​» និង​​សារ​ថា៖ «ជិត​ដល់​ម៉ោង​គាត់​ធាក់​ឥឡូវ​​​ហើយ គឺ​ថា​ធាក់​ពោះ​មាំមី​ទាល់​តែ​មាំមី​គេង​លក់​​ហ្មង៎​​»។​

មួយ​រយៈ​មុន​ចំពោះ​​រូប​​ដែល​នាង​បង្ហោះ មិន​មាន​អ្នក​ណា​​​បាន​ដឹង​នោះ​ទេ​ថា តារា​ស្រី​រូប​នេះ​ មាន​ពោះ​ធំ​ដោយសារ​រូប​នាង​​តែង​តែ​​ពាក់​អាវ​រលុងៗ​ ទើប​​ធ្វើ​ឲ្យ​គ្រប់​គ្នា​​មិន​ចាប់​អារម្មណ៍ ​ហើយ​ក៏​មិន​មែន​នាង​​​ចង់​លាក់​លៀម​ទេ​ តែ​ទំនង​ជា​​រូប​នាង​​ចង់​ Surprise ​មហាជន​ច្រើន​​​ជាង​មើល​ទៅ​។

យ៉ាង​ណា​ ការ​ពពោះ​បុត្រ​​ដំបូង​នេះ មាន​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ ឬ​ប៉ុន្មាន​​ខែ​ហើយ​នោះ​មិន​ត្រូវ​បាន​តារា​សម្តែង​ស្រី​ ជា​ថៅកែ​ស្រី​​វ័យ​​ក្មេង​អ្នកនាង តូតា បាន​បង្ហើប​​ប្រាប់​ឲ្យ​បាន​ដឹង​ឡើយ​ដោយសារ​ទូរស័ព្ទ​នាង និង​​ស្វាមី​ ភ្នំពេញ​ប៉ុស្តិ៍​​​ បាន​ទំនាក់​ទំនង​ចូល​តែ​បែរ​ជា​គ្មាន​អ្នក​លើក​​​ទទួល​ទៅ​វិញ។​

មុន​នេះ​​បន្តិច​ជីវិត​គូ​​ជា​ប្តី​ប្រពន្ធ​ស្រប​ច្បាប់​ដោយ​បាន​​ក្រាប​ផ្ទឹម​​រោងជ័យ ជាមួយ​​​​​លោក ប៉ុល វិបូ ដែល​​បាន​រៀបការ​​កាល​ពី​ថ្ងៃទី ​១៦ ខែ​មីនា ឆ្នាំ ​២០២០ ​​នោះ ក៏​ស្រាប់​តែ​តារា​ស្រី ពិធី​ការិនី និង​​ជា​ថៅ​កែ​ហាង​អាហារដ្ឋាន​ឈ្មោះ ​«​ផែ​សមុទ្រ​» អ្នក​​នាង ម៉ាក់ សែនសូនីតា ហៅ​ តូតា បង្ហើប​រឿង​បង្កើត​មុខ​របរ​ថ្មី​បន្ថែម​​​ទៀត ​បង្អួត​​ប្រាប់​ទៅ​ប្រិយមិត្ត និង​​អ្នក​សិល្បៈ​នៅ​តាម​បណ្តាញ​សង្គម​ ខណៈ​តារា​ស្រី​ស្រស់​រូប​ស្អាត​​មាន​បបូរ​មាត់​សិចស៊ី​អ្នកនាង តូតា បង្ហោះ​សារ​ថា​៖ «​មុខ​របរ​ថ្មី​​ជិត​ចេញ​ជា​រូបរាង​ហើយ​! ​ចាំ​ជួយ​គាំទ្រ​ផង​ណា​មនុស្ស​ជា​ទីស្រឡាញ់​ទាំង​អស់​គ្នា​!»​។

មើល​ទៅ​ការ​ត្រៀម​បង្កើត​មុខ​របរ​ថ្មី​របស់​តារា​សម្តែង​ស្រី​អុ្នកនាង តូតា នេះ​ទំនង​ជា​ការ​ពួត​ដៃ​គ្នា​រកស៊ី​តាំង​ពី​កាល​ពី​នៅ​ជា​អតីត​គូដណ្តឹង​នឹង​គ្នា ខណៈ​បច្ចុប្បន្ន​ក្លាយ​ជា​​ស្វាមី​នាង ​គឺ​លោក ប៉ុល វិបូ ក្នុង​គម្រោង​បើក​រីសត​ថ្មី​សន្លាង​​មួយ​ឈ្មោះថា«​ផែ​សមុទ្រ​រីសត​» ស្ថិត​នៅ​ក្រុង​​កំពត ខេត្ត​កំពត​នោះ​​ហើយ​មើល​ទៅ បន្ថែម​ពី​នេះ​អ្នក​ទាំង​ ២ ក៏​ធ្លាប់​បាន​សហការ​គ្នា​បើក​របរ​រកស៊ី​តាំង​ពី​​មុន​ពេល​ពួក​គេ​បើក​រីសត​នៅ​ខេត្ត​កំពត​ផង​ដែរ ​គឺ​​ដាក់​ទុន​រួម​គ្នា​បើក​អាហារដ្ឋាន​​មាន​យីហោ​ល្បី​ឈ្មោះ​ថា​​ «​ផែ​សមុទ្រ​» ដោយ​បាន​ពង្រីក​សាខា​ជា​ច្រើន​បន្ត​បន្ទាប់ នៅ​ភ្នំពេញ និង​ខេត្ត​កណ្តាល ​​មុន​ឈាន​ដល់​ការ​ដាក់​ទុន​បេះដូង​រៀបការ​​នោះ​​៕​