The Phnom Penh Post Search

Search form

តូតា បង្ហើប​មូលហេតុ​ដែល​មិនព្រម​ថត​ឈុត​ស្រើប​ស្រាល​ក្នុង MV ជាមួយ​នឹង អេនឌី

Content image - Phnom Penh Post
​កញ្ញា ម៉ាក់ សែនសូនីតា ហៅតូតា សុំមិន​ថត​ស្រើប​ស្រាល​ស៊ីអារម្មណ៍ក្នុង​ MV ថ្មី​ជាមួយលោក អេនឌី។ ហ្វេសប៊ុក

តូតា បង្ហើប​មូលហេតុ​ដែល​មិនព្រម​ថត​ឈុត​ស្រើប​ស្រាល​ក្នុង MV ជាមួយ​នឹង អេនឌី

ភ្នំពេញៈ ខណៈ​ផលិតកម្ម​សាស្តា (SASDA) បានចេញ MV បទ​ចម្រៀង​ថ្មី ២ បទ​របស់​តារា​ចម្រៀង​ប្រុស​វ័យ​ចាស់​វស្សា តែ​រូប​សង្ហា​ដូច​ក្មេង​លោក អេនឌី មក​នោះ មហាជន​ដែល​និយម​ទស្សនា​បទ​លោក​ក៏​ចាំ​អ៊ុត​មើល​ដែរ តើ​មាន​អ្វី​ប្លែក​ពេល​សម្តែង​នឹង​តារា​ស្រី​រាង​តូច​ច្រឡឹង តូតា តែ​បែរ​ជា​គ្មាន​ឈុត​ស៊ី​អារម្មណ៍​ដូច​មុន​ទៅ​​វិញ។

ពិតជា​ប្លែក​ជាងមុនៗមែន ខណៈ​តារា​ប្រុស​នៅ​ផលិតកម្ម​សាស្តា បុរស​សាច់​សខ្ចី លោក អេនឌី ទើប​ចេញ MV ចម្រៀង​ថ្មី​ដោយ​ចាប់​ដៃគូ​សម្តែង​ជាមួយ​ស្រី​ស្អាត​កញ្ញា ម៉ាក់ សែន​សូនីតា​ហៅ​តូតា ស្រាប់​តែ​អតីត​តារា​ចម្រៀង​ហង្សមាស រូប​នេះ មិនសូ​វ​ជា​ហ៊ាន​ថត​ឱប​ថើប បែប​រោល​រាល​ដូចជា​ការ​ថត​ជាមួយ​ស្រី​ស្អាត​មុនៗ​ទៀត​ឡើយ ឬមួយ​ខាង​តួ​ស្រី​មាន​លក្ខខណ្ឌ​អ្វី​ទេ​ដឹង​ដោយ​នាង​ក៏​កំពុង​តែ​មាន​ចំណង​ស្នេហ៍​ស្អិត​ល្មួត​នឹង​លោក ប៉ុល វិបូ អតីត​ចាង​ហ្វាង​កុន​មួយ​រូប​នោះ ទើប​បាន​លោក អេនឌី ហាក់​មាន​លក្ខណៈ​សុភាព​ខុស​ប្លែក​ជាង​រាល់​ដង​ក្នុង​បទ​ថ្មី ២ បទ​គឺ​បទ «Crush ធ្វើ​ឲ្យ​ខូចចិត្ត» និង​បទ «មិន​អាច​ផ្លាស់​ចិត្ត»។

ជាក់ស្តែង​នាពេលថ្មីៗនេះដែរ តារាចម្រៀង​ឈ្មោះ​ពិត​លោក លាវ ពិសិដ្ឋ ហៅ អេ​ន​ឌី ថត​បទ​ចំណង​ជើង​ថា «នឹក​បង ៥០ %» ដែល​អត្ថន័យ​ស៊ី​អារម្មណ៍​ខ្លាំង​លក្ខណៈ​គូស្នេហ៍ មនោ​សញ្ចេតនា​ជ្រាល​ជ្រៅ ដោយ​ប្រជុំ​សុទ្ធតែ​តារា​ស្រី​ស្អាត​ល្បីៗ​ចូលរួម​ថត​សម្តែង​ជាមួយ​គឺ​រួម​មាន​កញ្ញា ឌុច លីដា កញ្ញា ពេជ្រ អាវីហ្សា អ្នក​នាង សុខសោម៉ាវត្តី អ្នក​នាង កែវ ស្រីនាង អ្នក​នាង សួន ភក្តី ហៅ​វីជេអាណូ ជាដើម​ដោយ​ត្រូវ​បាន​លោក អេនឌី យក​មក​ផលិត​ជា MV ថ្មី តាមរយៈ​សំឡេង Audio ចម្រៀង​ចាស់ ដែល​សុទ្ធ​តែ​មាន​ឈុត​សម្តែង​ជា​ក្តី​ស្នេហា​ស៊ី​អារម្មណ៍​ដុត​រោល​រាល។

យ៉ាងណា​ភ្នំពេញ​ប៉ុស្តិ៍​ក៏​ទទួលបាន​ការបកស្រាយ​ពី​តារា​សម្តែង​ស្រី​បបូរមាត់​សិច​ស៊ី កាន់តែ​ស្រស់​សោភា កញ្ញា តូតា ប្រាប់​ការ​ពិត​ទៅ​នឹង​រឿង​ថត MV បទ​ចម្រៀង​ថ្មី​របស់​លោក អេនឌី ដោយ​មាន​រូប​នាង​ជា​តួ​ស្រី​សម្តែង​នោះ​ផង​ដែរ​ថា៖ «ជា​ការ​ពិត​ទៅ សិល្បៈ​សម្តែង​ថត​កុន​ក្តី ថត MV តាំង​ពី​ដើម​មក​សម្រាប់​នាង​ខ្ញុំ តែង​បាន​ជម្រាប​ខាង​ផលិតកម្ម ឬ​ក្រុមហ៊ុន​ភាពយន្ត​ជាមុន​ថា នាង​ខ្ញុំ​មិន​ទទួល​ថត​ឡើយ​ចំពោះ​ឈុត​ឆាក​ដែល​មាន​លក្ខណៈ​ស្រើប​ស្រាល ឬ​មនោ​សញ្ចេតនា​ខ្លាំង​ក្លា​នោះ។ ហើយ​ចំពោះ​ការ​សម្តែង MV បទ​ចម្រៀងរ​បស់​បង អេនឌី នា​ពេល​ថ្មីៗ ក៏​នាង​ខ្ញុំ​សុំ​បដិសេធ​ចំពោះ​ឈុត​នោះ​ដូច​គ្នា​ដែរ។ ដូច្នេះ​ហើយ​បាន​បង​ប្អូន ឃើញ MV ថ្មី​ជា​បទ​ចម្រៀង​របស់​ផលិតកម្ម​សាស្តា មិនមាន​ឈុត​រវាង​នាង​ខ្ញុំ និង​លោក អេនឌី​សម្តែង​ដូចជា​តួស្រី​ដទៃ​ទៀត​ពី​មុន»។

កញ្ញា តូ​តា បន្តថា៖ «តាមពិត​ទៅដោយសារ​ការសម្តែង​ឈុត​ស៊ី​អារម្មណ៍​ខ្លាំង មិនមែន​ជា​ចំណូល​ចិត្ត​នៃ​ការ​សម្តែង​របស់​នាង​ខ្ញុំ​ទេ។ ហើយ​ចំពោះ​ការ​ក្រែង​ចិត្ត​ពី​សំណាក់​លោក ប៉ូ វិបុល នោះ​ក៏​នាង​ខ្ញុំ​គិត​ថា គួរ​តែ​មាន​ដែរ ខណៈ​ពេល​នេះ​ព្រោះ​យើង​កំពុង​មាន​សម្ព័ន្ធភាព​គ្នា​ទៅ​ហើយ។ តែ​គាត់​ក៏​មិន​បាន​ប្រកាន់​អ្វី​នោះ​ឡើយ ព្រោះ​ការ​សម្តែង​តែង​មាន​ការ​ចង់​បាន​អំពី​ខាង​បង​ផលិតករ»៕

អត្ថបទគួរចាប់អារម្មណ៍