ភ្នំពេញៈ ដោយសារ​តែ​មើល​ឃើញ​​ចំណង​ស្នេហ៍​​តារា​សម្តែង​ស្រី​ស្រស់​កញ្ញា តូតា និង​ពាណិជ្ជករ​ខ្មែរ​ទ្រព្យ​​​ស្តុក​លោក ប៉ុល​ វិបូ​ ត្រូវ​បាន​មហាជន​ និង​មិត្ត​អ្នក​សិល្បៈ​ដឹង​ឮ​ សុសសាយ​តាមរយៈ​ការ​ពួត​ដៃ​គ្នា​បើក​មុខ​ជំនួញ​អាហារ «​ផែ​សមុទ្រ​» នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​​ដាក់​ទុន​រួម​គ្នា​​លើ​ការ​បើក​រីសត ​នៅ​ក្នុង​ខេត្ត​​កំពត​​​ទៀត​នោះ ក៏​ស្រាប់​តែ​ថ្មីៗ​នេះ លេច​ឮ​ដំណឹង​ពី​​​លោក ហេង ឡុង បង្ហើប​ថា​​ គូ​ស្នេហ៍​ ១​ គូ​ នេះ​ជិត​ចូល​​​​រោងការ​ហើយ​។​

ចេញ​ពី​គណនី​ហ្វេសប៊ុក​លោក ហេង ឡុង ដែល​ជា​គូស្នេហ៍​របស់​តារា​សម្តែង​ស្រី​ជើង​ចាស់​អ្នកនាង ចន ច័ន្ទលក្ខិណា នោះ​​បាន​​បង្ហើរ​សារ​មួយ​​​ឃ្លា​​ខ្លី​ អម​នឹង​រូប​ថត​ជុំ​គ្នា​​ថា៖ «កញ្ញា តូតា ហៅ​ការ​។ ទៅ​មួយ​គូ​ទៀត​ហើយ! ​ហ៊ិហ៊ិ»។​

គ្រាន់​​តែ​ឃើញ​រូប និង​សារ​​នោះ​ភ្លាម មាន​អ្នក​ចូល​ចុច​ Like​ ​មាន​ចំនួន​ 1.7 K ​ហើយ​​ Comment និង​ Share យ៉ាង​ច្រើន​តែ​ម្តង​ចំពោះ​​ដំណឹង​នេះ។​

តែ​​តារា​សម្តែង​ស្រី ​មាន​បបូរ​មាត់​​សិចស៊ី​កញ្ញា​ ម៉ាក់ សែនសូនីតា ហៅ​ តូតា ដែល​ទើប​តែ​បាន​បង្កើត​​​ការ​ភ្ញាក់​ផ្អើល​រឿង​បើក​រីសត​​ឈ្មោះ​ «​ផែ​សមុទ្រ​រីសត​» ស្ថិត​នៅ​​ក្រុង​កំពត​ ខេត្ត​​​កំពត នា​ពេល​ថ្មីៗ​នេះ​​ បាន​​​បដិសេធ​​ដំណឹង​នេះ​ថា​៖ «អត់​ទេ​បង! ​មិន​ទាន់​មាន​​​ដំណឹង​ដូច្នោះ​​នោះ​ឡើយ​។ សូម​អធ្យាស្រ័យ​ផង​បង​ ពេល​នេះ​ខ្ញុំ​ជាប់​រវល់​ថត​ស្ប៉ត​ ហើយ​រឿង​នេះ ប្រសិន​បើ​ពិត​មែន​នោះ នាង​ខ្ញុំ​នឹង​សរសេរ​ប្រាប់​ដំណឹង​លើ​ហ្វេសប៊ុក​​ខ្ញុំ​មិន​ខាន​ទេ»។​

តារា​សម្តែង​ស្រី​ស្រស់​សោភា ជាថៅកែ​ហាង «ផែសមុទ្រ» កញ្ញា តូតា​​​។ហេង ជីវ័ន

ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ថ្មី ក្រោយ​ពី​រឿង​ថៅកែ​ផលិតកម្ម​អង្គរ​ភិចឈ័រ លោក ប៉ុល វិបូ ​ទៅ​បើក​រីសត​វិញ​នៅ​​ឯ​កំពត​នោះ​ ក៏​ត្រូវ​លោក​​បញ្ជាក់​​ឲ្យ​ដឹង​ច្បាស់​ ពី​រឿង​​លេច​​ឮ​​​តាម​សារ​​ហ្វេសប៊ុក​​លោក ​ហេង ឡុង ​នោះ​ដែរ​។ លោក ប៉ុល វិបូ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ខណៈ​ពេល​លោក​​កំពុង​បើកបរ​ទៅ​មើល​ការដ្ឋាន​​ដំណើរ​បើក​រីសត​ថ្មី​មួយ​ទៀត​នៅ​ ខេត្ត​កំពង់ស្ពឺ​ ក្បែរ​តំបន់​ភ្នំ​ស្រង់​នោះ​ថា​​៖ «មិន​ពិត​ទេ! ​រឿង​ហ្នឹង ពួក​យើង​​​នៅ​មិន​ទាន់​បាន​​គិត​គូរ​នៅ​ឡើយ​​ទេ​។ តាម​ពិត​ទៅ ការ​ថត​​រូប​ថ្មី​ជាមួយ​នឹង​លោក ហេង ឡុង និង​មិត្តភក្តិ​ដទៃ​ទៀត​នោះ គឺ​ជា​ការ​ជួបជុំ​គ្នា​លក្ខណៈ​ធម្មតា​តែ​ប៉ុណ្ណោះ»។​

មុន​នេះ​បន្តិច​ចំពោះ​​ការ​​សហការ​រឿង​បើក​​រីសត​​ «​ផែ​សមុទ្រ​» ថ្មី​សន្លាង​របស់​តារា​សម្តែង​​​ស្រី​កញ្ញា តូតា និង​ម្ចាស់​ស្នេហ៍​លោក ប៉ុល វិបូ ​​មាន​​ទីតាំង​ស្ថិត​នៅ​​​ក្នុង​ភូមិ​តាដិប សង្កាត់​អណ្តូង​​ខ្មែរ នៃ​ក្រុង​កំពត ខេត្ត​កំពត​នោះ ក៏​លោក​​​បាន​បញ្ជាក់​ឲ្យ​ដឹង​​ដែរ​​​ថា​៖ «​តាម​ពិត​ទៅ​​ទីនេះ​គឺ​គ្រាន់​តែ​ជា​ការ​​ចាប់​ផ្តើម​បើក​នូវ​ការដ្ឋាន​រៀបចំ​ប្រែក្លាយ​ឲ្យ​ទៅ​ជា​រីសត​តែ​ប៉ុណ្ណោះ យើង​​មិន​ទាន់​បាន​រួច​រាល់​មួយ​រយ​ភាគរយ​ទេ​។ ផ្ទៃដី​មាន​ទំហំ​ ៤ ហិកតា​ មាន​ទីតាំង​ល្អ​ស្ថិត​​នៅ​​ក្រុង​កំពត ជាប់​ដង​ព្រែក​​​​អាច​​ជា​កន្លែង​សម្រាប់​បោះ​តង់​​កម្សាន្ត​នានា​បាន​នេះ​ ក៏​ជា​ការ​ដាក់​ហ៊ុន​​ រវាង​ខ្ញុំ​ និង កញ្ញា តូតា»​៕​