ប៉េតាលីង ចាយ៉ា៖ នៅ​ពេល​ដែល​​ការ​បិទ​ទីក្រុង​បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​ម៉ាឡេស៊ី​ជា​ច្រើន​សម្ងំ​​នៅ​ផ្ទះ សូម្បី​តែ​តូប​លក់​ទុរេន​ដ៏​កាក់កប ក៏​ត្រូវ​ងាក​មក​ផ្សាយ​ក្លិន​តាម​អនឡាញ​ដែរ។

ទុរេន​ដែល​ត្រូវ​បាន​ដាំ​តាម​តំបន់​ត្រូពិក​នៅ​អាស៊ីអាគ្នេយ៍ ត្រូវ​បាន​អ្នក​និយម​ញ៉ាំ​វា​ដាក់​រហស្សនាម​ថា «ស្ដេច​ផ្លែ​ឈើ» ដោយសារ​តែ​សាច់​ពណ៌​មាស​រសជាតិ​ដូច​ក្រែម​ទឹក​ដោះគោ​ផ្អែម​ឆ្ងាញ់។

ផ្ទុយ​ទៅ​វិញ អ្នក​​ដែល​មិន​ចូលចិត្ត​ផ្លែ​ឈើ​បន្លា​នេះ​ តែងតែ​​ត្អូញ​ពី​ក្លិន​ដ៏​ឆួល​របស់​វា​ ដោយ​អ្នក​ខ្លះ​ប្រដូច​វា​ទៅ​នឹង​ក្លិន​​ម្ហូប​រលួយ ក្លិន​ក្អួត ឬ​ក្លិន​ស្រោម​ជើង​ស្អុយ រហូត​​មាន​ការ​​ហាម​ប្រាម​យក​ទុរេន​ចូល​​ក្នុង​បណ្ដា​សណ្ឋាគារ និង​យាន​​ដឹក​ជញ្ជូន​សាធារណៈ​ទៀត​ផង​​។

នៅ​ប្រទេស​ម៉ាឡេស៊ី ឲ្យ​តែ​ដល់​​រដូវ​ទុរេន តូប​លក់​ដែល​ធ្លាប់​តែ​​តម្រៀប​​ព្រោង​ព្រោង​តាម​ផ្លូវ ឥឡូវ​ប្រែ​​​ខ្លួន​ក្លាយ​ជា​អាជីវកម្ម​អនឡាញ​ស្ទើរ​តែ​គ្រប់គ្នា។

ម៉ូតូ និង​រថយន្ត​ដឹក​ជញ្ជូន​ទុរេន​​វេចខ្ចប់​ទៅ​ដល់​មុខ​ផ្ទះ​អតិថិជន ក្រោម​​ការ​​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ដូចជា Dulai Fruits Enterprise។

អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​លោក អេរីក ចាន ​បាន​ឲ្យ​ដឹង​ថា​ ការ​លក់​ទុរេន​កក​អនឡាញ​ធ្លាប់​តែ​មិន​សូវ​ជោគជ័យ ព្រោះ​តែ​ពលរដ្ឋ​ម៉ាឡេស៊ី​និយម​ផ្លែឈើ​ស្រស់​ច្រើន​ជាង។

ទុរេនវេចខ្ចប់ស្រាប់ ត្រូវបានដឹកដល់​ផ្ទះអតិថិជន។ រូបថត AFP

ប៉ុន្តែ​​អំឡុង​ពេល​វិបត្តិ​កូវីដ ក្រុមហ៊ុន​របស់​លោក​​បាន​ផ្គត់ផ្គង់​តម្រូវ​ការ​ដ៏​ខ្ពស់ ដោយ​លោក​​ថា៖ «យើង​មាន​ការ​​កុម្ម៉ង់​រាប់​រយ​ដង​​ជា​រៀង​រាល់​ថ្ងៃ»។

នៅ​ប្រទេសម៉ាឡេស៊ី ទុរេន​​​មាន​តម្លៃ​​​លើស​ពី ៦០ រីងហ្គីត (ប្រមាណ ១៤ ដុល្លារ) ក្នុង ​១ គីឡូក្រាម ហើយ​ក្នុង​ចំណោម​ទុរេន ១៣៧ ប្រភេទ ពូជ​​ល្បីៗ​ត្រូវ​បាន​ចុះ​បញ្ជី​មាន ពូជ មូសាង ឃីង ពូជ​បន្លាខ្មៅ និង​ពូជ​បង្គា​ក្រហម។

ក្រុមហ៊ុន​ Top Fruits បាន​​លក់​ទុរេន​វេច​ខ្ចប់​រួច​ជា​ស្រេច​តាម​បណ្ដាញ​ហ្វេសប៊ុក ដោយ​ ១ កញ្ចប់ ទម្ងន់ ៣ ​ខាំ។ អំឡុង​ពេល​បិទ​ប្រទេស​​​​​ពាក់​កណ្ដាល​ខែ​មីនា ក្នុង ​១ ​ថ្ងៃ​ក្រុមហ៊ុន​​នេះ​​បាន​ធ្វើ​ការ​ដឹក​ជញ្ជូន​យ៉ាង​ហោច​​ ៨០ ​ដង។

អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ Tan Sue Sian បាន​និយាយ​ថា​ អតិថិជន​ចាប់​ផ្ដើម​ឃើញ​ពី​អត្ថប្រយោជន៍​នៃ​ការ​​កុម្ម៉ង់​ទុរេន​​​ដឹក​ដល់​ផ្ទះ។

តូបទុរេន​បិទ អ្នក​លក់​​​ងាក​មក​អាជីវកម្មអនឡាញ។ រូបថត AFP

លោក​​និយាយ​ថា៖ «យើង​អត់​ចាំបាច់​ខ្វល់​ថា​​ទុរេន​ធ្វើឲ្យ​​ធុំ​ក្លិន​ឡាន​របស់​យើង​ទេ។ ​មាន​គេ​ខ្ចប់​ដឹក​ដល់​ផ្ទះ​ស្រាប់ៗ ពិត​ជា​ងាយស្រួល​ណាស់»។

អ្នក​និពន្ធ Lindsay Gasik ដែល​បាន​សរសេរ​សៀវភៅ​ជា​ច្រើន​អំពី​ផល្លានុផល បាន​លើក​ឡើង​ថា ទោះជា​​ចប់​វិបត្តិ​កូវីដ ក៏​អ្នក​និយម​ទុរេន​​​នឹង​នៅ​តែ​បន្ត​​ទិញ​ទុរេន​អនឡាញ។

អ្នកនាង​បាន​លើក​ឡើង​ថា៖ «ចាប់​ពី​ពេល​នេះ​ទៅ ការ​លក់​ទុរេន​អនឡាញ​មាន​តែ​កើន​ឡើង»៕ AFP