ក្រុង​ឡូសអេនជឺលេស៖ តួកុន​សិច​ រ៉ុន ជេមី ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​បំពាន​ផ្លូវ​ភេទ​ជាមួយ​កុមារី​អាយុ ១៥ ​ឆ្នាំ​ម្នាក់ និង​នារី​ជា​ច្រើន​នាក់​ផ្សេង​ទៀត​។ នេះ​បើ​យោង​តាម​រដ្ឋអាជ្ញា​ក្រុង​ឡូសអេនជឺលេស បាន​ឲ្យ​ដឹង​កាល​ពី​ចន្ទ​។

តារា​ដ៏​ចម្រូង​ចម្រាស​ក្នុង​ឧស្សាហកម្ម​ភាពយន្ដ​ក្ដៅ​សាច់​រូប​នេះ ដែល​បាន​សម្ដែង​ជាង ១ ៧០០ ​រឿង​ ត្រូវ​បាន​ចោទ​ប្រកាន់​កាល​ពី​ខែ​មិថុនា ជាមួយ​​​បទ​រំលោភ​ស្ដ្រី ៣ ​នាក់ និង​ប្រទូស​កេរ្ដិ៍​នារី​ទី ៤​។

ការ​ចាប់​ខ្លួន​នេះ និង​សវនាការ​នៅ​តុលាការ​បាន​ដាក់​បន្ទុក​កាន់​តែ​ខ្លាំង​លើ​តារា​វ័យ ៦៧ ​ឆ្នាំ​រូប​នេះ​។

លោក​ ជេមី ត្រូវ​បាន​បញ្ជូន​ពី​មន្ទីរ​ឃុំ​ឃាំង​ទៅ​កាន់​តុលាការ​សម្រាប់​បទ​ចោទ​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ចន្ទ ​ដើម​សប្ដាហ៍​នេះ ​និង​ត្រៀម​ស្នើ​ទម្លាក់​បទ​ចោទ​ចុង​ក្រោយ​នេះ​។

បទ​ចោទ​ថ្មី​ៗ​ចំនួន ២០ ​ករណី ត្រូវ​បាន​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ ​២០០៤ នៅ​ពេល​លោក ជេមី ត្រូវ​បាន​ប្ដឹង​ពី​បទ​ប្រទូស​កេរ្ដិ៍​កុមារី​ម្នាក់​នៅ​ពិធី​ជប់លៀង​ក្នុង​​សាន់តា​ក្លារីតា ខាង​ក្រៅ​ក្រុង​ឡូសអេនជឺលេស​។

ជន​រងគ្រោះ​មាន​អាយុ​ចន្លោះ​​ពី ១៥​ ទៅ ៥៤ ឆ្នាំ ហើយ​ករណី​​បំពាន​ចុង​ក្រោយ​ រួម​មាន​ការ​បំពាន​ផ្លូវ​ភេទ​ក្រៅ​រង្វង់​ឧស្សាកម្ម​កុន​សិច​នៅ​ហូលីវូដ ចំ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នា​ឆ្នាំ​នេះ​។

ការ​ចោទ​ប្រកាន់​ចុង​ក្រោយ រួម​មាន​ការ​រំលោភ​ ៥ ​ករណី ការ​បង្ខំ​រួម​សង្វាស​ដោយ​ប្រើ​មាត់ ៣ ​ករណី ទង្វើ​បៀត​បៀន​កេរភេទ ៦ ​ករណី និង​សម្ដែង​អកប្បកិរិយា​អាក្រាម​ជាមួយ​ក្មេង​ស្រី ១ ករណី​។

បើ​ត្រូវ​បាន​កាត់​ទោស​ជន​សង្ស័យ ជា​តួកុន​សិច​ រ៉ុន ជេមី ដែល​ពេល​នេះ​ប្រឈម​បទ​ចោទ​​សរុប ២៨ ​ករណី​ នោះ​អាច​ជាប់​គុក​រហូត​ដល់​ ២៥០ ​ឆ្នាំ​៕ AFP/HR