The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តែយិនស៊ិន​មាស​ ១ ​គីឡូ​តម្លៃ​ ១៦០០០ ​ដុល្លារ​នៅ​កម្ពុជា




តែយិនស៊ិន​មាស​ ១ ​គីឡូ​តម្លៃ​ ១៦០០០ ​ដុល្លារ​នៅ​កម្ពុជា

បុគ្គលិក​ក្រុមហ៊ុន TWG Tea ដែល​លក់​នូវ​តែ​ប្រណីត​នៅ​អគារ​វឌ្ឍនៈ។
បុគ្គលិក​ក្រុមហ៊ុន TWG Tea ដែល​លក់​នូវ​តែ​ប្រណីត​នៅ​អគារ​វឌ្ឍនៈ។ ឈឹម ស្រីនាង

តែយិនស៊ិន​មាស​ ១ ​គីឡូ​តម្លៃ​ ១៦០០០ ​ដុល្លារ​នៅ​កម្ពុជា

ភ្នំពេញ: ផ្ដើម​ចេញ​ពី​ការ​ប្រើប្រាស់​ធ្វើ​ជា​ឱសថ​តែ​ដែល​បាន​ក្លាយ​ជា​ភេសជ្ជៈ​ដ៏ល្បី​ក្នុង​ប្រវត្តិសាស្ត្រ​ និង​ទទួល​បាន​ការ​សព្វ​ព្រះរាជហឫទ័យ​ពី​​ព្រះចៅ​អធិរាជ​ចិន​ ជាច្រើន​អង្គ ​ត្រូវ​បាន​ហាង​តែ​ប្រណីត​ TWG Tea កែច្នៃ​បាន​ជាច្រើន​ប្រភេទ​ មាន​ទាំង​តែ​​​មាន​​លោហធាតុ​មាស​ដ៏ថ្លៃ​ដែល​បាន​រំលេច​វត្តមាន​នៅក្នុង​អគារ​វឌ្ឍនៈ​រាជធានី​ភ្នំពេញ​ដើម្បី​បំពេញ​តម្រូវការ​អ្នក​មាន​ទ្រព្យ​ស្ដុកស្តម្ភ​លំដាប់​សេដ្ឋី​។

ហាង​តែ​ប្រណីត TWG Tea បាន​ផ្តើម​រំលេច​រូបរាង​ដំបូង​នៅ​​ប្រទេស​សិង្ហបុរី​ឆ្នាំ​ ២០០៨។ ដោយ​មាន​ការ​ពេញ​និយម​ទាំង​រសជាតិ និង​ក្លិន​របស់​វា​ក្នុង​រយៈពេល​តែ​ ៧ ​ឆ្នាំ​សាខា​ជាច្រើន​បាន​រីក​ដុះដាល​នៅ​ជាង​ ៤៣ ប្រទេស​រួម​ទាំង​កម្ពុជា​ផង​ដែរ​។

ហាង​តែ ​ប្រណីត​នេះ​​មាន​លក់​តែ​ជាង​ ៨០០ ប្រភេទ​មាន​គុណប្រយោជន៍​ខុសៗ​គ្នា​ដូចជា​តែ​ខៀវ​ជួយ​រក្សា ​និង​ស្រក់​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធភាព​។

ប៉ុន្តែ​អ្វី​ដែល​អស្ចារ្យ​ជាង​គេ​បំផុត​នោះ​គឺ​តែ​យិនសិន​មាស​ដែល​មិន​ខុស​ពី​ឈ្មោះ​របស់​វា​នោះ​ទេ​គឺ​គ្រប់​សន្លឹក​តែ​មាន​លម្អង​លោហធាតុ​​មាស​សុទ្ធ​ដែល​ក្រុមហ៊ុន​អះអាង​ថា​​រាល់​ការ​ឆុង​ទទួលទាន​បាន​​បង្កើត​នូវ​រសជាតិ​មិន​អាច​បំភ្លេច។

តែ​យិនស៊ិន​មាស​មាន​លម្អង​មាស​ជាប់​ជាមួយ​។
តែ​យិនស៊ិន​មាស​មាន​លម្អង​មាស​ជាប់​ជាមួយ​។ ឈឹម ស្រីនាង

លោក កោះ ផល្លា ជា​អ្នក​ជំនាញ​​​ផ្នែក​តែ​ប្រចាំ​ក្នុង​ហាង​តែ ​TWG Tea ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែង​​ថា៖ «សម្រាប់​​​ខែ​នេះ​គឺ​យើង​មាន​តែ​ពិសេស​ប្រចាំ​ហាង​ដើម្បី​ណែនាំ​ដល់​អតិថិជន​គឺ​តែ French Earl Grey, Eternal Summer Tea, Moroccan Mint Tea និង Darjeeling។ ពិសេស​ជាង​នេះ​គឺ​តែ​យិនស៊ិន​មាស​ផ្សំ​ពី​មាស​សុទ្ធ​ ២៤k ជាមួយ​នឹង​តែ ស ដែល​ពិបាក​ក្នុង​ការ​ប្រមូល​​ផល​បំផុត​ដែល​ជា​តែ​មួយ​ប្រភេទ​ប្រៀប​ប្រដូច​ទៅ​នឹង «​ម្ជុល​ប្រាក់» មាន​ប្រភព​មកពី​ប្រទេស​ចិន»។

អ្នកជំនាញ​រូប​នេះ​អះអាង​​ពី​តែ​យិនស៊ិន​មាស​ថា៖ «​តែ​នេះ​គឺ​មាន​ប្រយោជន៍​ល្អ​ជួយ​ឲ្យ​បំបាត់​ស្រេ្តស​ធ្វើឲ្យ​មាន​អារម្មណ៍​ធូរស្រាល និង​ជួយ​ឲ្យ​ស្បែក​យើង​ស្អាត​ផង​ដែរ»​។

យោង​តាម​លោក ផល្លា តែ​យិនស៊ិន​មាន​តម្លៃ​ ១៦០០០ ​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​នេះ​ទទួល​បាន​ការ​ពេញនិយម​គ្រាន់​បើ​ពី​សំណាក់​ភ្ញៀវ​អភិជន​ខ្មែរ។ ហាង​របស់​លោក​លក់​ដាច់​បំផុត​គឺ​ប្រភេទ​ ៥០ ​ក្រាម​ដែល​មាន​តម្លៃ​ ៨១៥ ​ដុល្លារ។ ភ្ញៀវ​ក៏​អាច​កុម្ម៉ង់​ជា​ប៉ាន់​ដែល​មាន​តម្លៃ​ ៨១ ​ដុល្លារ​អាច​ផឹក​បាន​ ៣ ​ពែង​ផង​ដែរ​។

លោក​បាន​ឲ្យ​ដឹង​ថា៖ «ភ្ញៀវ​​​គាត់​ចូលចិត្ត​ញ៉ាំ​តែ​បន្ទាប់ពី​អាហារ​ពេល​ថ្ងៃត្រង់​ហើយ»​។

យោង​តាម​វេបសាយ ​របស់​ក្រុមហ៊ុន​ twgtea.com តែ​យិនស៊ិន​មាស​នេះ​តម្រូវ​ឲ្យ​ឆុង​ដោយ​ប្រើ​ទឹក​ ៧០ ​អង្សាសេ​ចាក់​ក្នុង​ពែង​ដែល​មាន​តែ​ ២,៥ ​ក្រាម និង​ទុក​វា​ប្រមាណ​ជា​ ១៥ ​នាទី​សឹម​ច្រោះ​កាក​ចេញ​ហើយ​សឹម​ទទួលទាន៕

អត្ថបទគួរចាប់អារម្មណ៍