ភ្នំពេញៈ ក្រោយ​វិលត្រឡប់​មកពី​ការកម្សាន្ត​នៅ​ក្នុង​ឱកាស​ថ្ងៃ​ឈប់សម្រាក​នៃ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​មក​លោកអ្នក​ដែល​ចូលចិត្ត​ស្ទីល​ប្លែកៗ នៃ​វិស័យ​ច្នៃ​ម៉ូដ​សម្លៀកបំពាក់ របៀប​នៃ​ការតុបតែង​កាយ​បែប​ស្រស់ស្អាត​ប្លែកៗ ចង់​ភ្លក្ស​អាហារ​ឆ្ងាញ់​ប្លែក និង​វត្ថុ​គ្រឿង​អនុស្សាវរីយ៍​ដែល​ជា​ស្នាដៃ​ច្នៃ​ថ្មីៗ​នោះ​អាច​ចូលរួម​ទស្សនាការ​បង្ហាញ​ស្នាដៃ​ប្លែក​នៅ​វិចិត្រសាល The KBach Gallery នៅក្នុង​វិចិត្រសាល​ធំ The Factory Phnom Penh នា​ថ្ងៃទី​ ២៧ ខែ​មេសា ឆ្នាំ​ ២០១៩ ក្នុង​កម្មវិធី CULT-Fashion Revolution​។

អ្នកស្រី ការ៉ូឡា ក្រេនហ្ស៍ (Carola Krainz) អ្នក​ប្រឹក្សា​ផ្នែក​ទីផ្សារ​នៃ​វិចិត្រសាល Factory Phnom Penh ឲ្យ​ដឹង​ពី​គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​នេះ​ថា​៖ «​យើង​ចង់​ផ្តល់​ឱកាស​ដល់​អ្នកជំនាញ​កែច្នៃ​នានា​ទូទាំង​ប្រទេស​កម្ពុជា​អាច​យក​សមិទ្ធផល​ខ្លួន​បង្កើត​ហើយ​នោះ ដើម្បី​បង្ហាញ​ជូន​ទស្សនិកជន និង​ក្រុម​ឈ្មួញ​ឲ្យ​បាន​ឃើញ និង​អាច​ជា​ឱកាស​ពិសេស​មួយ​ផង​ដែរ​ក្នុង​ការបង្កើត​ទំនាក់ទំនង​ផ្នែក​ទីផ្សារ​ជំនួញ​ទាំង​ក្នុងស្រុក និង​ខាងក្រៅ​ស្រុក​។

ការរៀបចំ​លើក​ទី​ ៣ ឆ្នាំ​នេះ​នឹង​មាន​បណ្តា​ផលិតផល​ដែល​មាន​យីហោ ម៉ាក​ល្បីៗ​ប្រមាណ ៣៥ ​មុខ​ដែល​ត្រូវ​យក​មក​បង្ហាញ​ជូន​ទស្សនា​ដោយ​ក្នុង​នោះ​មាន​ដូចជា​ខាង​ផ្នែក​ច្នៃ​ម៉ូដ​សម្លៀកបំពាក់ គ្រឿងអលង្ការ ចំណីអាហារ ភេសជ្ជៈ និង​វត្ថុ​គ្រឿង​ផលិត​ប្លែកៗ​ជាច្រើន​មុខ​ទៀត​»​។

អ្នក​ប្រឹក្សា​ផ្នែក​ទីផ្សារ​នៃ​វិចិត្រសាល Factory Phnom Penh រូប​នេះ​បាន​បន្ត​ដែរ​ថា​៖ «​នេះ​ក៏​ជា​ការជួយ​ផ្សព្វផ្សាយ​ពី​គុណ​តម្លៃ​នៃ​ស្នាដៃ​របស់​ក្រុម​អ្នក​ផលិត​ដែល​ត្រូវ​បាន​កែច្នៃ និង​ខំប្រឹង​ផលិត​ដោយ​ក្រុម​អ្នក​មាន​ជំនាញ​រៀងៗ​ខ្លួន​នោះ​ផងដែរ​។ កម្មវិធី​ពេញ​ ១ ​ថ្ងៃ​នៅ​ថ្ងៃទី​ ២៧ ខែ​មេសា ឆ្នាំ​​ ២០១៩ នឹង​ក្លាយ​ទៅ​ជា​ចុង​សប្តាហ៍​មួយ​ដែល​អាច​ធ្វើឲ្យ​មាន​តម្លាភាព​នៃ​តម្រូវការ និង​ក្រុម​អ្នក​ផលិត​ទៀត​ផង​។

ដោយឡែក​បណ្តា​សមិទ្ធផល​ទាំង​ចំនួន ៣៥ ​មុខ​នោះ​នឹង​ត្រូវ​ដាក់​បង្ហាញ​ពេញ​មួយ​ថ្ងៃ​តែ​ម្តង​សម្រាប់​អ្នក​ចូល​ទស្សនា​គឺ​ចាប់ផ្តើម​ពី​ម៉ោង ១១ ព្រឹក​បន្ត​រហូត​ដល់​ម៉ោង ៨ យប់​ឯណោះ​»​។

ក្រៅពី​ការដើរ​ទស្សនា​បណ្តា​ស្នាដៃ​ច្នៃប្រឌិត​ទាំងឡាយ​នោះ​យើង​ក៏​មាន​ការរៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយៗ​ពី​សំណាក់​ឌីជេ ល្បីៗ ដើម្បី​ចូលរួម​ញ៉ាំង​ឲ្យ​បរិយាកាស​នៃ​កម្មវិធី​កាន់តែ​សប្បាយ​ជាមួយ​នឹង​ក្រុម​អ្នក​ចូលរួម​ទស្សនា ដែល​ចម្រុះ​ជាតិ​សាសន៍​មួយ​នេះ​។

ចំពោះ​ការទស្សនា​វិញ​នឹង​ត្រូវ​ជាវ​សំបុត្រ​សម្រាប់​ជនបរទេស សំបុត្រ ១ តម្លៃ ២ ដុល្លារ និង​ជនជាតិ​ខ្មែរ​សំបុត្រ ១ តម្លៃ ១ ​ដុល្លារ ខណៈ​ក្រុម​កុមារ​មាន​វ័យ​ក្រោម ១២ ​ឆ្នាំ​នោះ​គឺ​អាច​ចូល​ទស្សនា​ដោយ​សេរី​បាន​។

អ្នកស្រី ការ៉ូឡា ក្រេនហ្ស៍ ក៏​មាន​សេចក្តី​រំពឹងទុក​ជា​មុន​ផង​ដែរ​ថា​៖ «​សង្ឃឹម​ថា តាមរយៈ​ការចូលរួម​នៅក្នុង​កម្មវិធី​នេះ​វា​នឹង​ក្លាយ​ជា​ការមក​ជួបជុំ​គ្នា​របស់​បងប្អូន​ខ្មែរ​ដែល​និយម​ចូលចិត្ត​ស្វែងយល់​អំពី​គំនិត​ប្លែកៗ ឬ​ចូលចិត្ត​នូវ​ការដើរ​កម្សាន្ត​រក​ទិញ​របស់របរ​ប្លែកៗ​អ្នក​ដែល​ចូលចិត្ត​ភ្លក្ស​នូវ​មុខ​ម្ហូបអាហារ និង​ភេសជ្ជៈ​ប្លែកៗ និង​វត្ថ​អនុស្សាវរីយ៍​ប្លែកៗ​ផង​ដែរ​នាឱកាស​បាន​ចូលរួម​នៅក្នុង​កម្មវិធី CULT-Fashion Revolution ឆ្នាំ​នេះ​។

អ្នករៀបចំ​កម្មវិធី​រំពឹង​ថា​នឹង​មាន​អ្នក​មក​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​ភ្ញៀវ​ទាំង​បងប្អូន​ខ្មែរ និង​ជនបរទេស​ដែល​រៀបចំ​នៅក្នុង The Factory Phnom Penh»៕

ម៉ូដ​សម្លៀកបំពាក់​ដែល​ច្នៃ​យក​មក​បង្ហាញ​ក្នុង​កម្មវិធី​។ រូបថត សហការី