ភ្នំពេញ: សិល្បៈគំនូរលើជញ្ជាំងតាមចិញ្ចើមផ្លូវ Cambodia Urban Art វិលមកជាថ្មីក្នុងឆ្នាំទី ៤ ជាមួយរូបគំនូរសិល្បៈចម្រុះជាស្នាដៃវិចិត្រករមានទេពកោសល្យមកពីទីជិតឆ្ងាយនៃប្រទេស នឹងរំលេចឡើងតាមដងផ្លូវនៅម្ដុំបរិវេណព្រះបរមរាជវាំង និង បឹងកេងកង។
ព្រឹត្ដិការណ៍បើកទូលាយសម្រាប់មហាជនដែលកម្មវិធីភាគច្រើនក្នុងរយៈពេល ៤ ថ្ងៃ មិនគិតប្រាក់មួយនេះ គឺជាការផ្សព្វផ្សាយសិល្បៈគំនូរតាមដងផ្លូវ និងស្វែងរកយុវជនមានទេពកោសល្យនៅកម្ពុជាផងដែរ។
Laetitia Troussel ជាអ្នករៀបចំព្រឹត្ដិការណ៍រួមជាមួយវិចិត្រករបារាំង Chifumi បានឲ្យដឹងថា៖ «យើងមានបំណងអភិវឌ្ឍសិល្បៈគំនូរតាមដងផ្លូវនៅកម្ពុជា និងស្វែងរកវិចិត្រករវ័យក្មេងមានទេពកោសល្យ។ យើងចង់ឲ្យមហាជនបានឃើញទម្រង់សិល្បៈប្រភេទនេះ និងចែករំលែកគំនិតទស្សនៈជាមួយវិចិត្រករយើង»។
អំឡុងពេលនេះ មហាជនអាចចូលរួមកម្មវិធីនានាជាមួយវិចិត្រករជាតិ និងអន្ដរជាតិ ដូចជា ការប្រគំតន្ដ្រី ការសម្ដែងក្បាច់រាំ និងការបង្ហាញស្នាដៃគំនូរផ្ទាល់ ព្រមទាំងសិក្ខាសាលាបង្រៀនគូររូបដោយឥតគិតថ្លៃ។
Laetitia បានបន្ដថា៖ «នៅថ្ងៃសៅរ៍ ទី ១៥ យើងនឹងរៀបចំសិក្ខាសាលាមួយបង្រៀនគូរគំនូរនៅ Mansion FCC ឥតគិតថ្លៃ ដោយស្វាគមន៍អ្នកចូលចិត្ដគំនូរទាំងចាស់ និងក្មេង»។
គំនូរប្រមាណ ១៥ ផ្ទាំងធំៗ ជាស្នាដៃរបស់វិចិត្រករចំនួន ១០ រូបមកពីកម្ពុជា បារាំង អាហ្សង់ទីន និងអេស្ប៉ាញ នឹងបង្ហាញរូបរាងជាសាធារណៈក្នុងរាជធានីភ្នំពេញ តាមរយៈការស្វែងរកទីតាំងលើផែនទីរបស់កម្មវិធីទូរស័ព្ទ ឬធ្វើដំណើរផ្ទាល់ជាមួយរ៉ឺម៉កទេសចរណ៍ដែលរៀបចំឡើងដោយក្រុមការងារ Cambodia Urban Art នៅថ្ងៃអាទិត្យទី ១៦។
វិចិត្រករកម្ពុជាកំពុងតែមានឈ្មោះបោះសំឡេង លោក ដាវីដូ ដែលចាប់អារម្មណ៍នឹងព្រឹត្ដិការណ៍គំនូរលើចិញ្ចើមផ្លូវតាំងពីបង្កើតដំបូងក្នុងឆ្នាំ ២០១៥ បាននិយាយថា ស្នាដៃគូររូបនៅតាមទីសាធារណៈ នឹងទៅដល់ចក្ខុមហាជនជាច្រើននាក់។
លោក ដាវីដូ បានបន្ដថា៖ «ខ្ញុំនឹងបង្ហាញគំនូរនៅលើជញ្ជាំងជារូបភាពសត្វ។ រូប ១ ក្នុងចំណោមនោះគឺជាសត្វគោព្រៃ តាមបែបផែនបង្កប់អត្ថន័យ។ ខ្ញុំប្រើពណ៌ស្រមោលខៀវជាគោល។ ដូច្នេះគំនូរ ១ ផ្ទាំងនៅលើជញ្ជាំងនេះនឹងរំលេចពណ៌ខៀវ និងបង្កប់អត្ថន័យនៅទីនោះស្រាប់»។
វិចិត្រករខ្មែរដែលធ្លាប់បង្ហាញស្នាដៃគំនូរខ្លារមួលខ្លួនជាមួយផ្កាឈូកក្នុងព្រៃរូបនេះបានឲ្យដឹងថា ស្នាដៃគំនូរលោកនឹងបង្ហាញនៅលើជញ្ជាំងមួយនៃវិថី ៣៨០ និងនៅផ្លូវលេខ ១៣។
យោងទៅតាមការវិភាគព្រឹត្ដិការណ៍ Cambodia Urban Art បានបង្ហាញថាថ្ងៃព្រហស្បតិ៍ ទី ១៣ ខែធ្នូនឹងមានកម្មវិធីត្រៀមបើកសម្ពោធនៅ Samai Distillery ដោយផ្ដើមពីការស្វាគមន៍ភេសជ្ជៈពិសេសដែលរចនាឡើងដោយវិចិត្រករខ្មែរ ការគូររូបផ្ទាល់ជួបជុំវិចិត្រករ និងទទួលទានស្រាក្រឡុករួមគ្នា។ នៅថ្ងៃបន្ទាប់ ការបើកសម្ពោធនៅ Mansion FCC ដែលមានកម្មវិធីជាច្រើន រួមទាំងការបង្ហាញស្នាដៃគំនូររបស់វិចិត្រករជាតិ និងអន្ដរជាតិល្បីៗផងដែរ។
នៅថ្ងៃសៅរ៍ ទី១៥ ខែធ្នូ វាជាវគ្គបណ្ដុះបណ្ដាលសម្រាប់អ្នកដែលចង់សាកល្បងគូរគំនូរផ្ទាល់ដៃ។ នៅថ្ងៃចុងក្រោយ ក្រុមអ្នករៀបចំកម្មវិធីនឹងនាំលោកអ្នកធ្វើដំណើរតាមរ៉ឺម៉កទៅទស្សនាគំនូរលើជញ្ជាំងនានាក្នុងក្រុងភ្នំពេញ មុននឹងបញ្ចប់ដំណើរជាមួយភេសជ្ជៈត្រជាក់ៗនៅស្កាយបារ៍។
ព្រឹត្ដិការណ៍ឆ្នាំនេះ លោក Laetitia Troussel រំពឹងថា នឹងមានអ្នកចូលរួមប្រមាណ ៣០០០ នាក់។ ប៉ុន្ដែលោកអះអាងថា សិល្បៈគំនូរស្ថិតនៅលើជញ្ជាំងសាធារណៈគ្រប់ទីកន្លែង ដែលប្រាកដជាមានអ្នកទស្សនាជាច្រើននាក់។
សម្រាប់ព័ត៌មានលម្អិតស្ដីពីព្រឹត្ដិការណ៍សិល្បៈគំនូរលើជញ្ជាំងតាមចិញ្ចើមផ្លូវ ឬ Cambodia Urban Art លើកទី ៤ នេះ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកឈ្មោះ Cambodia-urbanart៕