ភ្នំពេញៈ ដោយសារ​តែ​មិន​ចង់​ឲ្យ​វិស័យ​សិល្បៈ​បុរាណ​ទម្រង់​ល្ខោន​និយាយ​ដែល​មាន​ប្រជាប្រិយភាព​តាំងពី​ទសវត្សរ៍​ទី​ ៦០-៧០ កាន់តែ​មាន​ភាពស្ងាត់ជ្រងំ​ហើយ​ក្មេងៗ​ជំនាន់​ក្រោយ​នេះ​សឹងតែ​មិន​សូវ​បាន​ស្គាល់ និង​ឃើញ​ផង​នោះ​ទើប​ក្រុម​សិល្បករ-ការិនី​ប្រមាណ ៧ រូប​ខិតខំ​លះបង់​ធនធាន​ផ្ទាល់​ក្នុង​ការរៀបចំ​ឲ្យ​មាន​ការសម្តែង​ទម្រង់​សិល្បៈ​ល្ខោន​និយាយ​បាន​ចំនួន​លើក​ទី​ ៣ នៅក្នុង​ឆ្នាំ​នេះ​។

ខណៈ​តាំងពី​សល់​ប៉ុន្មាន​ថ្ងៃ​ខិតជិត​ទៅ​រក​ការរៀបចំ​សម្តែង​ល្ខោននិយាយ​រឿង «​វង្ស​ត្រកូល​កម្សត់​» ដែល​ជា​ប្រភេទ​ល្ខោននិយាយ​បែប​ទស្សនៈ​វិទ្យាសាស្ត្រ​និយម និង​ទស្សនៈ​ពុទ្ធសាសនា​និយម​និពន្ធ​ដោយ​លោក​សាស្ត្រាចារ្យ ហង្ស ធុនហាក់ ក្នុង​ទសវត្សរ៍​ទី​ ៦០ ក៏​ស្រាប់តែ​មាន​ការបង្ហោះ​ផ្សព្វផ្សាយ​ពី​ព័ត៌មាន និង​ប្រកាស​រក​គាំទ្រ​តាម​គេហទំព័រ​ខ្លួន​ថា​៖ «​តោះ!​នាំ​លោក​យាយ​លោកតា ម៉ាក់ប៉ា បងប្អូន មិត្តភក្តិ មក​មើល​ល្ខោន​និយាយ​ទាំងអស់​គ្នា ដើម្បី​ចូលរួម​លើកស្ទួយ​វិស័យ​វប្បធម៌​ខ្មែរ និង​សិល្បៈ​ខ្មែរ​ថែម​ទាំង​បាន​យល់​ដឹង​ពី​ទម្រង់​នៃ​ល្ខោន​​និយាយ​ផង​ដែរ​។ ការសម្តែង​ឆ្នាំ​នេះ​គឺ​រឿង «​វង្ស​ត្រកូល​កម្សត់​» ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ ៣ ​រោច និង ៤ ​រោច ខែ​ផល្តុន ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស ២៥៦២ ដែល​ត្រូវ​នឹង​ថ្ងៃទី​ ២៣ និង​ទី ២៤ ខែ​មីនា ឆ្នាំ​ ២០១៩ នៅឯ​សាលមហោស្រព​ចតុមុខ​»​។

ការសម្តែង​ល្ខោន​និយាយ​នេះ​បាន​ប្រារព្ធ​ធ្វើ​លើក​ទី​ ៣ ហើយ​ដោយ​រាប់​ទាំង​ឆ្នាំ​ ២០១៩ ​នេះ ខណៈ​ការរៀបចំ​លើក​ដំបូង​នៅ​ឆ្នាំ​ ២០១៧ ដោយ​សម្តែង​រឿង «​តៃកុងហំ​» ដែល​ដកស្រង់​ចេញ​ពី​អក្សរសិល្ប៍​ខ្មែរ​គឺ​រឿង «​ថៅកែ​ចិត្តចោរ​» នៅឯ​សាលមហោស្រព​ចតុមុខ និង​លើក​ទី​ ២ ​ឆ្នាំ​ ២០១៨ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន​ក្នុង​សាច់រឿង​ដដែល​។

ក្រុម​សិល្បករ​-​ការិនី​ជើងចាស់​នាពេល​សម្តែង​ល្ខោន​និយាយ​។ រូបថត សហការី

កញ្ញា​ គាត សុភី ជា​ប្រធាន​ក្រុម​អ្នក​ស្ម័គ្រចិត្ត​នៃ​ក្រុម​អ្នករៀបចំ​ការសម្តែង​ល្ខោននិយាយ​នេះ​បាន​បញ្ជាក់​ថា​៖ «​ល្ខោននិយាយ​ដែល​មាន​ភាពល្បីល្បាញ​ខ្លាំង​ពេញ​ផ្ទៃ​ប្រទេស​នៅក្នុង​នាទសវត្សរ៍​ឆ្នាំ​ ៦០ រឿង «​វង្ស​ត្រកូល​កម្សត់​» ស្នាដៃ​និពន្ធ ល្បី​ឈ្មោះ លោក ហង្ស ធុនហាក់ ត្រូវ​បាន​អង្គការ​សកម្មភាព​សិល្បៈ សហការ​ជាមួយ​សាលា​មធ្យមសិក្សា​វិចិត្រសិល្បៈ​ដើម្បី​រៀបចំ​សម្ដែង​សាជាថ្មី​ចែកជូន​បងប្អូន​ខ្មែរ​​ជាពិសេស​យុវជន​ជំនាន់​ក្រោយ​បាន​ចូល​ទស្សនា​នៅ​សាល​មហោស្រព​ចតុមុខ​។ ល្ខោន​នេះ​បាន​ដកស្រង់​ចេញ​ពី​ស្នាដៃ​អក្សរ​ខ្មែរ​បែប​ទស្សនៈ​វិទ្យាសាស្ត្រ​និយម និង​ទស្សនៈ​ពុទ្ធសាសនានិយម​មាន​ចំណងជើង​ថា​ «​រឿង​ព្រះអាទិត្យ​រះ​ហើយ​» របស់​អ្នក​និពន្ធ​ខាង​លើ​»​។

គួរ​បញ្ជាក់​ថា​ការសម្តែង​ល្ខោននិយាយ​តាំងពី​រៀបចំ​លើក​ដំបូង​មក​ដល់​លើក​ទី​ ៣ នេះ​ពុំ​សូវ​មាន​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​ខាង​ក្រុមហ៊ុន​ស្ពនស័រ​នានា ឲ្យ​បាន​ច្រើន​កុះករ​នោះ​ឡើយ​ទើប​តម្រូវ​ឲ្យ​មាន​ការលក់​សំបុត្រ​ដើម្បី​បាន​ប្រាក់​មក​ចាត់ចែង​លើ​ការចំណាយ​ផ្សេងៗ​ក្នុង​ការរៀបចំ​នេះ​គឺ​សំបុត្រ​ ១ ​តម្លៃ ២ ​ម៉ឺន​រៀល​។ នៅ​សល់​តែ​ ២-៣​ ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​ដល់​ការ​ប្រារព្ធ​ហើយ ខណៈ​ក្តីសង្ឃឹម​ប្រាក់​បាន​ពី​ការលក់​សំបុត្រ​សម្រាប់​ចាត់ចែង​លើ​ការចំណាយ​ជូន​សិល្បករ-ការិនី​ជើងចាស់​ទាំង ៧ ​រូប​នោះ​ហាក់​នៅ​មាន​សម្ទុះ​យឺតៗ​នៅឡើយ​ផង​ដែរ​។

កញ្ញា គាត សុភី បាន​លើក​ឡើង​ដែរ​ថា​៖ «​ចាប់​តាំងពី​យើង​បាន​ដំឡើង​ថ្លៃ​សំបុត្រ ១ ដុល្លារ​បន្ថែម​ពី​តម្លៃ​ឆ្នាំ​មុន ៤ ​ដុល្លារ គឺ ៥ ​ដុល្លារ​សម្រាប់​ឆ្នាំ​នេះ​មក ហាក់​ដូចជា​មាន​ការធ្លាក់​ចុះ​សម្ទុះ​នៃ​ការ​ជាវ​សំបុត្រ​ដើម្បី​ចូលរួម​គាំទ្រ​ការសម្តែង​ល្ខោន​និយាយ​នៅក្នុង​ឆ្នាំ​នេះ​គួរ​ឲ្យ​កត់សម្គាល់​តែ​ម្តង មិន​ដឹង​ថា មូលហេតុ​មកពី​អ្វី​»៕