ភ្នំពេញៈ នា​ថ្ងៃទី ​២១ ខែ ​សីហា ឆ្នាំ ​២០១៩ នឹង​មាន​ការ​បើក​ពិធី​និវាសដ្ឋាន​​សិល្បៈ​រួម​គ្នា​ រវាង​សិល្បការិនី​អាមេរិក​ កញ្ញា សូជីន ចាំង និង​សិល្បករ​​ខ្មែរ​ លោក​តា​អាចារ្យ ខ្វៃ ឡឹង នៅ​ឯ​​វិចិត្រសាល​នៃ​គម្រោង​​​សិល្បៈ ស-ស​ នៅ​ភ្នំពេញ​ ​ពី​ម៉ោង​ ៦​ ល្ងាច​ទៅ​​​​ដល់​​ម៉ោង ៨ យប់​ ក្រោម​ការ​គាំទ្រ​ពី​មូលនិធិ​​រៃ (​Rei Foundation)។

លោក គង់ តារា ជា​អ្នក​សម្របសម្រួល​​​​​ផ្នែក​និវាសដ្ឋាន​នៃ​គម្រោង​សិល្បៈ​​​ ស-ស បាន​ឲ្យ​ដឹង​ពី​កម្មវិធី​នៅ​ថ្ងៃ​ស្អែក​នេះ​ថា៖ «ក្រោយ​ពី​​ចំណាយ​ពេល​ ៦ សប្តាហ៍ ដោយ​ប្រើ​​វិធីសាស្រ្ត​​សិក្សាស្រាវ​ជ្រាវ​​ បង្ហាញ​ពី​ការ​លើក​ទឹក​​ចិត្ត​​ជា​សកល ​​ដែល​មាន​​ការ​ប្រកួត-​​ប្រជែង​​​​នៃ​មូលធន​និយម​ ការ​អភិរក្ស​បែប​អេកូឡូស៊ី ​និង​នយោបាយ​សង្គម​ ​ពេល​​​កំពុង​​ដំណើរ​​ការ​ឡើង​​វិញ​​ តាម​​ស្ថានភាព​នៃ​​តំបន់​។

គម្រោង​នេះ​ ​ជា​ការ​​អង្កេត​​​លើ​វិញ្ញាណ ​ផ្អែក​លើ​គំនិត​មួយ​​​​ស្តីពី ការ​រស់ និង​ស្លាប់​​រួម​គ្នា​។ វា​ហាក់បី​ដូចជា​​ ការ​ប្រព្រឹត្ត​ឡើង​ ដោយ​ហិង្សា​​​ធ្វើ​ឲ្យ​​​ប៉ះពាល់​ដល់​រាងកាយ​ និង​​ប្រព័ន្ធ​​​អេកូឡូស៊ី​។ ការ​បង្ហាញ​​​​នេះ ​អាច​​​​​​ឲ្យ​​អ្នក​ទស្សនា​​​ ចោទ​សួរ​ថា ​តើ​ការ​ចូលរួម​បែប​​ណា​​​​អាច​ធ្វើ​ពិធី​​បាន​ ឬ​​យក​មក​វិភាគ​​​ក្នុង​សង្គម​​បាន​?

ថ្ងៃ​ស្អែក​​នេះ​ នឹង​​​មាន​​ពិធី​បើក​​ស្ទូឌីយោ ជាមួយ​​នឹង​សិល្បការិនី​អាមេរិក សូជីន ​ចាំង អ្នក​ជំនាញ​​​ខាង​ថត​​វីដេអូ​ និង​​អ៊ុំ​ ខ្វៃ​ ឡឹង ជា​​អាចារ្យ​ភ្លុក ខ្វៃ ឡឹង ​មក​ពី​​ខេត្ត​​ស្វាយរៀង ​​​ជា​អ្នក​​​​ច្នៃ​ប្រឌិត​​សំឡេង ​(អំភ្លី​មេក្រូ) ​​ដោយ​ខ្លួន​​ឯង​ ​​ហើយ​ក៏​មាន​ការ​សម្តែង​ផ្ទាល់​​ដោយ​​ក្រុម​​​សិល្បករ​ ជាក អេវើរ៉េត ​​​និង​​ការ​ចាក់​បញ្ចាំង​វីដេអូ​ចំនួន​ ​២ ​ដែរ​»។

កញ្ញា សូជីន​ ចាំង​ អ្នកជំនាញសិល្បៈថតរូប និង​វីដេអូ​ អាមេរិក​​​​។ រូបថត Sa Sa Art Projects​

លោក គង់ តារា ​បន្ត​ថា៖ «វីដេអូ​ទី​​១ ​​គឺ​បង្ហាញ​ពិធី​បូជា​សត្វ​ ដោយ​ជនជាតិ​គ្រឹង នៅ​ស្រុក​អូរជុំ ខេត្ត​រតនគិរី។​ វីដេអូ​ទី២​ ជា​ពិធី​បូជា​ បំណែក​ឆ្អឹង​សត្វ​គោ ៣ ផ្នែក​ផ្សេងគ្នា ដោយ​សិល្បការិនី​ សូជីន ដែល​បាន​ទិញ​មក​ពី​ផ្សារ​​ទួល​​ទំពូង ដោយ​​​សំនួន​​វោហារសាស្រ្ត និង​សំឡេង​ស្មូត្រ​​ របស់​អ៊ុំ​ ខ្វៃ ឡឹង ដោយ​​គាត់​​ជា​អាចារ្យ ភ្លុក​ និង​​ជា​អ្នក​ច្នៃ​ប្រឌិត​សំឡេង​អំភ្លី​។

កិច្ច​ពិធី​ទាំង​នេះ​​​ធ្វើ​ឡើង​ដើម្បី​ស្វែងយល់​ពី​​ទំនាក់ទំនង​នៃ​ការ​ស្លាប់ ​ការ​ចាប់​ជាតិ​​ថ្មី​ ក្នុង​ផែនដី​យើង។ ​វាក៏​បង្កើត​ឲ្យមាន​​ទំនាក់ទំនង​នៃ​​ហិង្សា​ ដែល​​​មនុស្ស​​បង្កើត​ និង​ប្រព្រឹត្ត​ទៅ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​បរិស្ថាន។ ស្នាដៃ​នេះ ក៏​ចង់​បង្ហាញ​​ពី​សកម្មភាព​នៃ​ការ​សម្លាប់ ​និង​​ការ​បូជា​ ដែល​ធ្វើ​ឲ្យ​​មាន​​​​ការ​ចោទ​សួរថា​ ប្រសិន​បើ មាន​ពិធី​នេះ​កាន់​តែ​ច្រើន វា​ចាំបាច់​ដែរ​ឬទេ?​

និវាសដ្ឋាន​ គឺ​ជា​កម្មវិធី​ពិសោធន៍​​សិល្បៈ​មួយ​ សម្រាប់​សិល្បករ​ខ្មែរ ​​ក៏​ដូច​​ជា​សិល្បករ​អន្តរជាតិ​ ដើម្បី​ស្នាក់នៅ​ និង​​ធ្វើ​ការ​ពេញ​ម៉ោង​រយៈពេល​ ពី ៦ ទៅ ៨ សប្តាហ៍ នៅ​ក្នុង​ទីតាំង​របស់​គម្រោង​​​សិល្បៈ​ស-ស​។​ នៅ​ពេល​ធ្វើ​​​និវាសដ្ឋាន​នេះ ​យើង​លើក​ទឹក​ចិត្ត​ឲ្យ​សិល្បករ ​សាកល្បង​​ដក​បទពិសោធ​​ការងារ​សិល្បៈ​ខ្លួន​ តែ​មិន​អាច​ឲ្យ​ស្នើ​បង្កើត​ស្នាដៃ​​តាំង​ពិព័រណ៍​​ទេ​៕​