ភ្នំពេញ៖ បន្ទាប់ពីការប្រឡងប្រណាំងថតវីដេអូ ដើម្បីផ្សព្វផ្សាយពីសក្តានុពលនៃតំបន់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានរៀបចំ ២ រដូវកាលមកហើយ ខណៈការប្រឡងប្រណាំងរដូវកាលទី៣ ឆ្នាំ ២០២០ ក៏បានមកដល់។ សម្រាប់ក្រុមយុវជន ឬអ្នកមានជំនាញ និងចូលចិត្តថតវីដេអូរួសរាន់ដាក់ពាក្យប្រកួតប្រជែង ខណៈការឈប់ទទួលបេក្ខភាពនឹងត្រូវពន្យារពេលដល់ថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០២០។
បើតាមលោក ឡោ វុឌ្ឍី ជាអ្នករៀបចំកម្មវិធីប្រកួតមកពី «ក្រុមដើរព្រៃ» ដែលរៀបចំដោយក្រសួងទេសចរណ៍បានឲ្យដឹងពីគោលបំណងនៃការប្រកួតនេះថា៖ «ការប្រឡងប្រណាំងថតវីដេអូ កំណប់សហគមន៍ជំរំទេសចរណ៍រដូវកាលទី៣ ឆ្នាំ ២០២០ ក្រោមប្រធានបទ «ខ្ញុំ និងធម្មជាតិ» ដោយក្រសួងទេសចរណ៍សហការនឹងសហគមន៍អេកូទេសចរណ៍តាមតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា រួមជាមួយនឹង «ក្រុមដើរព្រៃ-DerPrey» និងឧបត្ថម្ភដោយក្រុមហ៊ុន Metfone។
គោលបំណងនៃកម្មវិធីនេះ គឺដើម្បីបង្ហាញសក្តានុពល សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅប្រទេសកម្ពុជា ជាពិសេសបង្ហាញគំនិតច្នៃប្រឌិត និងស្នាដៃតាមរយៈការបង្កើតវីដេអូរបស់យុវជនខ្មែរ នាបច្ចុប្បន្ននេះ។ ជាគោលការណ៍នៃការផលិតវីដេអូ ត្រូវផលិតមានរយៈពេលចន្លោះពី ៣-៥ នាទី មានខ្លឹមសារស្តីពី ១- សេវាកម្ម និងបដិសណ្ឋារកិច្ច ២- បរិស្ថាន អនាម័យ និងទឹកស្អាត ៣- សក្តានុពលនៃទេសចរណ៍ សម្រស់ទេសភាព និងជីវចម្រុះ ៤- ផលិតផលសហគមន៍ ៥- ជីវភាព ជំនឿ ប្រពៃណី និងវប្បធម៌របស់សហគមន៍»។
លោកបន្ថែមថា៖ «ក្រោយពីទទួលបេក្ខភាពក្រុម ដែលដាក់ពាក្យប្រកួតមក គឺយើងនឹងចម្រាញ់បេក្ខភាពចំនួន ២១ ក្រុម ដើម្បីរៀបចំសិក្ខាសាលាណែនាំមួយពីកម្មវិធី នឹងជម្រុះយកចំនួន ៩ ក្រុមតែប៉ុណ្ណោះ។ យើងក៏ត្រូវតម្រូវក្រុមចាប់ឆ្នោតតំបន់ទេសចរណ៍ជាគោលដៅចេញថតមានចំនួន ៣ ដែរ គឺតំបន់ទី១ នៅភ្នំទំព័រ ស្រុកវាលវែង ខេត្តពោធិ៍សាត់ តំបន់ទី២ នៅភ្នំតាក្រហមក ស្រុកក្រវាញ ខេត្តពោធិ៍សាត់ និងតំបន់ទី៣ នៅភ្នំទន្លេផែន ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានរយៈពេលថត ៣ ថ្ងៃ ហើយរាល់ការចំណាយលើការថ្លៃស្នាក់នៅ និងអាហារ ជាបន្ទុករបស់ក្រុមរៀបចំកម្មវិធីរបស់ក្រសួង»។
ក្រុមជាប់ជម្រើសទាំង ៩ នឹងត្រូវឆ្លងការវាយតម្លៃច្រើនដំណាក់កាល ដូចជាការទទួលបានគាំទ្រពីការបោះឆ្នោតក្នុងគេហទំព័រក្រសួងអត្ថន័យនៃការផលិតវីដេអូទៅតាមគោលការណ៍ និងបច្ចេកទេសថត។ រង្វាន់លេខ ១ នឹងទទួលបានប្រាក់ចំនួន ១ ៥០០ ដុល្លារ ស្មើ ៦ លានរៀល លេខ ២ នឹងទទួលបានប្រាក់ចំនួន ១ ពាន់ដុល្លារ ស្មើ ៤ លានរៀល និងលេខ ៣ ទទួលបានប្រាក់ចំនួន ៥០០ ដុល្លារ ស្មើ ២ លានរៀល។ ការប្រកាសលទ្ធផល អាចនឹងដឹងលទ្ធផលនៅខែមករា ឆ្នាំ ២០២១ ក្រោយពីឆ្លងកាត់នូវការវាយតម្លៃទាំង ៣ ដំណាក់កាលនៃការប្រកួតនេះរួចមកនោះ»។
ដោយសារកត្តាអាកាសធាតុមួយរយៈនេះ មិនសូវអំណោយផលល្អនោះ ទើបកម្មវិធីប្រឡងប្រណាំងនឹងបានពន្យារពេលចុះឈ្មោះចាប់ពីថ្ងៃនេះ រហូតទៅដល់ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២០។ ដូច្នេះ សូមរួសរាន់ដាក់ពាក្យ ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលអេកូទេសចរណ៍ បែបផ្សងព្រេងទាំងអស់គ្នា ហើយរបៀបចូលរួមក្នុងកម្មវិធី ១- បេក្ខជនត្រូវមានគ្នាចាប់ពី ៣ នាក់ ទៅ ៥ នាក់ ២- ចូលទៅតភ្ជាប់ bit.ly/3av00k9 ដើម្បីដោនឡូតយកព័ត៌មានរួមទាំងពាក្យចូលរួមកម្មវិធី ៣ បំពេញព័ត៌មានរបស់ក្រុមអ្នកខាងក្នុងពាក្យសុំប្រកួត រួចផ្ញើឯកសារនោះមកកាន់អ៊ីមែល ecotourismcambodia18@gmail.com ឬទាក់ទងតាមទូរស័ព្ទលេខ 097 711 04 55៕