ភ្នំពេញៈ នៅក្នុង​ឱកាស​នៃ​ការប្រារព្ធ​ខួប​លើក​ទី ២៥ ​ឆ្នាំ​នៃ​ការចុះឈ្មោះ​ចូល​ក្នុង​បញ្ជី​នៃ​តំបន់​អង្គរ​របស់​អង្គការ​យូណេស្កូ​ (UNESCO) ក៏​ដូចជា​ការបង្កើត​គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ​សម្រាប់​កិច្ចការ​អភិរក្ស និង​ការលើក​តម្លៃ​អង្គរ ឬ ហៅ​កាត់ ស៊ីអាយស៊ី​អង្គរ​ (CIC-Angkor) ស្ថានទូត​បារាំង​បាន​ស្នើ​ទៅ​ក្រុមហ៊ុន​បារាំង ICONEM ឲ្យ​ធ្វើ​អន្តរាគមន៍​លើ​តំបន់​អង្គរ​នេះ និង​ឲ្យ​បង្កើត​នូវ​រូបភាព​នៃ​ប្រាសាទ​មួយ​ចំនួន​ព្រម​ទាំង​មាន​ការប្រើប្រាស់​នូវ​ឧបករណ៍ ដ្រូន (Drone) ផង​ដែរ ដើម្បី​ផ្តិត​យក​បណ្តុំ​រូបភាព​ប្រាសាទ​បុរាណ​នានា​មក​តាំងពិព័រណ៍​ផ្សព្វផ្សាយ​។

ចាប់ពី​ល្ងាច​ថ្ងៃទី​ ៨ ខែ​កុម្ភៈ បន្ត​រហូត​ដល់​ថ្ងៃទី​ ២ ខែ​មីនា ឆ្នាំ​ ២០១៩ វិទ្យាស្ថាន​បារាំង​នឹង​នាំ​លោក​អ្នក​ធ្វើ​ដំណើរ​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​ទស្សនា​នូវ​បណ្តុំ​រូបភាព​ទៅ​តាម​បច្ចេកទេស 3D ចុង​ក្រោយ​ដែល​រៀបរាប់​ពី​តំបន់​ប្រាសាទ​បុរាណ​ចំនួន​ ៤ នៃ​តំបន់​ប្រាសាទ​អង្គរ​។

លោក ឆុន ប៊ុនឈឿន ជា​បុគ្គលិក​ផ្នែក​ទំនាក់ទំនង​ព័ត៌មាន​នៃ​វិទ្យាស្ថាន​បារាំង បាន​ឲ្យ​ដឹងថា​៖ «​នេះ​គឺជា​ការតាំង​ពិព័រណ៍​រូបភាព​ប្រាសាទ​នានា​នៅ​តំបន់​អង្គរ ដោយ​យើង​ប្រើ​បច្ចេកទេស​បញ្ចាំង​ផ្ទាំង Slide នៃ​រូបភាព​ប្រភេទ 3D ដែល​អ្នក​ទស្សនា​នឹង​បានឃើញ​នូវ​រូបភាព​នៃ​ប្រាសាទ​ចំនួន​ ៤ គឺ​ប្រាសាទ​មេបុណ្យ​ខាង​លិច ប្រាសាទ​ទ្វារជ័យ ប្រាសាទ​បាពួន និង​ប្រាសាទ​ដែល​មិន​សូវ​មាន​អ្នក​ស្គាល់​នៅ​ឡើយ​គឺ​ប្រាសាទ​ចៅស្រី​វិបុល​។ យើង​មាន​ផ្ទាំង​រូបថត​ដែល​បង្ហាញ​ពី​ប្រាសាទ​ទាំងនេះ​ចំនួន ៣ ​ផ្ទាំង និង​មាន​ផ្ទាំង​ព័ត៌មាន​លម្អិត​ស្តីពី​ប្រាសាទ​ទាំង​ ៤ ចំនួន ៤ ​ផ្ទាំង​ផងដែរ​»​។

ដោយ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៣ ក្រុមហ៊ុន ICONEM បាន​ធ្វើការ​ចាប់ផ្តើម​ការងារ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ដែល​រួមមាន​ទាំង​ក្រុម​ការងារ ស្ថាបត្យករ​អ្នក​អភិវឌ្ឍន៍​កម្មវិធី អ្នក​រចនា​ក្រាហ្វិក និង​ជា​អ្នក​ជំនាញ​ផ្នែក​ថតរូប​ជាច្រើន​រូប​ផ្សេងៗ​គ្នា​។ ក្រុមហ៊ុន​នេះ​ក៏​មាន​ឯកទេស​នៅក្នុង​ការធ្វើ​ឌីជីថល 3D នៃ​ទីតាំង​បេតិកភណ្ឌ​ផ្សេងៗ​គឺ​ក្រុមហ៊ុន ICONEM រួមសហការ​ការងារ​ជាមួយ​អង្គការ​អន្តរជាតិ រដ្ឋាភិបាល​រួម​ទាំង​សហគមន៍ ឬ​សារមន្ទីរ​អន្តរជាតិ​មួយ​ចំនួន ដូចជា​អង្គការ​យូណេស្កូ អង្គការ​អាហ្គាខាន់ទ្រឹស​ខាល់ឈ័រ (Aga Khan Trust for Culture) រាជស៊ុលតង់​នៃ​ប្រទេស​អូម៉ង់ (Sultanat of Oman) សាលាក្រុង​ប៉ារីស (Paris City Hall) ឬ​ជាមួយ​សារមន្ទីរ​លូ (Louvre Museum)​។

ក្រុមហ៊ុន​នេះ​បង្កើត​ជា​គំរូ 3D នៃ​បូជនីយស្ថាន​ផ្សេងៗ​ទិដ្ឋភាព​ខ្នាត​ធំ​នៃ​ទីក្រុង ឬ​ជនបទ​នៃ​តំបន់​បេតិកភណ្ឌ ការតាំង​ពិព័រណ៍​ដែល​នឹង​នាំ​អារម្មណ៍​លោក​អ្នក​ទៅកាន់​ទឹកដី​អង្គរ​ព្រម​ទាំង​ការបណ្តុះបណ្តាល​សម្រាប់​អ្នក​ជំនាញ​ផ្នែក​នេះ​ផងដែរ​។

វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​គឺជា​ប្រតិបត្តិករ​របស់​ក្រសួង​ការបរទេស និង​អភិវឌ្ឍន៍​អន្ដរជាតិ​បារាំង​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​សកម្មភាព​វប្បធម៌​នៅក្រៅ​ប្រទេស​បារាំង​។ ក្នុង​ន័យ​នេះ​វិទ្យាស្ថាន​មាន​តួនាទី​ចម្បង​នៅក្នុង​ការផ្លាស់ប្តូរ​នានា និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​បារាំង និង​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​វប្បធម៌ សិល្បៈ​ការអប់រំ និង​ការបណ្តុះបណ្តាល​៕

រូប​ប្រាសាទ​ប្រភេទ 3D ដែល​តាំងពិព័រណ៍​នៅ​វិទ្យាស្ថាន​បារាំង​។ហុង មិនា