ភ្នំពេញៈ ​ទោះបី​ជា​ការ​ប្រឡង​បញ្ចប់​​ការ​​សិក្សា​ជំនាញ​សិល្បៈ​​​ក្តី​ តែ​​ជា​​ផ្នែក​​មួយ​ជួយ​ការពារ និង​​អភិរក្ស​​វប្បធម៌​ជាតិ ​​ដើម្បី​បណ្តុះ​ស្មារតី​យុវជន​ជំនាន់​ក្រោយ​​ឲ្យ​ស្រឡាញ់​សិល្បៈ​​ខ្មែរ ​តាមរយៈ​ការ​សម្តែង​ទស្សនីយភាព របាំ​ប្រពៃណី​ខ្មែរ​​​ច្រើន​ទម្រង់​របស់​ក្រុម​សិស្សានុសិស្ស ដែល​មាន​​​​​​​​​​ឧបនិស្ស័យ​ផ្នែក​​សិល្បៈ​។​

រយៈពេល ​៣ ថ្ងៃ ​ គឺ​ចាប់​ពី​ថ្ងៃ​ទី ​៨-១០ ខែ ​សីហា ឆ្នាំ ​២០១៩ ខាង​មុខ​នេះ ក្រុម​​សិស្សានុសិស្ស​នៃ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​នៃ​​​​ក្រសួង​វប្បធម៌​វិចិត្រ​​សិល្បៈ នឹង​បើក​ការ​ប្រឡង​បញ្ចប់​ការ​​សិក្សា​​​​​​​តាម​​​ជំនាញ​​​​​​​​ទាំង ​៥​ ដូច​ជា​​ជំនាញ​​​​​​តូរ្យ​តន្ត្រី របាំ ​ល្ខោន សៀក និង​​សិល្ប:​សូនរូ​​​​​​​​​ប ​ជាដើម នៃ​ឆ្នាំ​​សិក្សា ​២០១៨-២០១៩​។​ ការ​សម្តែង​​សិល្បៈ​​ទស្សនីយភាព របាំ​បុរាណ ប្រពៃណី​ ល្ខោន​ខោល​ ល្ខោន​បាសាក់​ ល្ខោន​និយាយ យីកេ ​សៀក ​ចម្រៀង​បុរាណ-សម័យ តន្រ្តី​បុរាណ-សម័យ និង​​ទម្រង់​ផ្សេងៗ​ទៀត ព្រម​ទាំង​មាន​តាំង​ពិព័រណ៍​ស្នាដៃ​ផ្នែក​វិចិត្រកម្ម គំនូរ​បុរាណ គំនូរ​ផ្សាយ គំនូរ​លម្អ​នៅ​លើ​ក្រណាត់ ចម្លាក់​ពុម្ព ចម្លាក់​ប្រាក់ ចម្លាក់​ស្មិត ចម្លាក់​ឈើ ខ្មុកស្មាច់ កុលាលភាជន៍ ពី​សិស្ស​សាលា​មធ្យម​វិចិត្រ​សិល្បៈ រយៈពេល ​៣ ថ្ងៃ ថ្ងៃទី ៨-១០ ខែ សីហា ឆ្នាំ ២០១៩ ចាប់​ពី​ម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ រសៀល នៅ​​សាល​សម្តែង​សាលា​មធ្យម​វិចិត្រ​សិល្បៈ បឹងបាយ៉ាប។​

បើ​តាម​លោក​​ ប៊ុន ហៀង ​ដែល​ជា​នាយក​រង​នៃ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​​បាន​ឲ្យ​ដឹង​ពី​ការ​ប្រឡង​បញ្ចប់​ជំនាញ​​​សិស្សានុសិស្ស​​ទាំង​ ៥ ជំនាញ​ តាមរយៈ​ការ​សម្តែង​ផ្ទាល់​ទៅ​តាម​មុខ​​ជំនាញ​រៀង​ខ្លួន បាន​ឲ្យ​ដឹង​ត្រួសៗ​ថា៖ «នៅ​ថ្ងៃ​ដំបូង​គឺ​ថ្ងៃ​ទី ​៨ ខែ​សីហា ចាប់​ពី​ម៉ោង ៨ កន្លះ​ទៅ នឹង​មាន​ការ​ប្រឡង​សម្តែង​ជំនាញ​របាំ​បុរាណ​ ការ​សម្តែង​ល្ខោន​យីកេ និង​បាសាក់ សម្តែង​សៀក និង​របាំ​ប្រពៃណី ​ដោយ​ប្រើ​ពេល​ចំនួន ​២ ​ម៉ោង សម្រាប់​សិស្សានុសិស្ស​នៃ​ជំនាញ​ទាំង​នេះ សម្តែង​ជូន​ដល់​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ ដែល​លោក​ជំទាវ ​នឹង​​អញ្ជើញ​ចូលរួម​។​ លុះ​ពេល​​រសៀល​​នឹង​មាន​ការ​សម្តែង​​ទម្រង់​សិល្បៈ​​​នានា​ ជា​​ហូរហែ ដែល​មាន​រយៈពេល​​យូរ​តាម​សាច់​រឿង ឬ​ខ្លឹមសារ​​នៃ​ការ​​សម្តែង​របស់​​សិស្ស​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​តែ​ម្តង​»​។​

ទម្រង់​​របាំ​សម្តែង​ជា​ក្រុម​នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​​​។ រូបថត សាលា​មធ្យម​វិចិត្រ​សិល្បៈ​

តាម​សេចក្ដី​ជូន​ដំណឹង​របស់​សាលា​​​​កន្លង​​មក​ ឲ្យ​ដឹង​ថា ជំនាញ​ផ្នែក​​សិល្បៈ ដែល​​បើក​ឲ្យ​សិក្សា​ ​ឯកទេស ​របាំ​បុរាណ ខោល ចម្រៀង​បុរាណ​ តន្ត្រី​បុរាណ និង​តន្ត្រី​សម័យ​ចំពោះ​សិស្ស​​រៀន​ចប់​ថ្នាក់​ទី៣ ឬ​​ទី៤ សាលា​​ចំណេះ​ដឹង​ទូទៅ ​មាន​អាយុ​ ៩ ​ឆ្នាំ ឬ ​១០ ​​ឆ្នាំ​។ ឯកទេស​របាំ​ប្រពៃណី សៀក តន្ត្រី​សម័យ ស្រឡៃ កុងត្របាស ត្រុំប៉ែត ហ្លុត សាក់សូ ក្លារីណែត យីកេ និង​​បាក់សាក់ ចំពោះ​សិស្ស​​រៀនចប់​ថ្នាក់​ទី​៥ ឬ​​ទី​៦ មាន​អាយុ ១១ ​ឆ្នាំ ដល់ ​១៣​ ឆ្នាំ​។

ចំណែក​ឯកទេស​ចម្រៀង​អាយ៉ៃ ចម្រៀង​ជា​ពួក ចាប៉ី​​ដង​​វែង ល្ខោន​និយាយ និង​សិល្បៈ​សូន​រូប សម្រាប់​សិស្ស​​​រៀន​ចប់​ថ្នាក់​ទី ​៧ មាន​អាយុ​ ១៣​ ឆ្នាំ ឬ ​១៤ ​ឆ្នាំ។

បច្ចុប្បន្ន​នេះ ការ​រៀន​ជំនាញ​សិល្បៈ​អាច​​មាន​ទីផ្សារ​ខ្ពស់ ទាំង​បុរាណ ឬ​សម័យ​​​ ក្រោយ​រៀន​ចប់​អាច​ប្រកប​អាជីព​ជា​អ្នក​សិល្បៈ​បាន និង​មាន​ឱកាស​​​ប្រឡង​ចូល​ក្របខ័ណ្ឌ​មន្ត្រី​ ​នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​:-​ ​ក្រសួង​ព័ត៌មាន និង​ធ្វើ​ជា​គ្រូ​នៅ​ឯ​ក្នុង​​​សាលា​​មធ្យម​​ និង​រៀន​បន្ត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ៕