ភ្នំពេញ៖ នៅ​ថ្ងៃទី ​៧ ខែ ​មីនា ឆ្នាំ ​២០២០ ខាង​មុខ​នេះ​ ស្ថានទូត​បារាំង​ប្រចាំ​នៅ​ប្រទេស ​កម្ពុជា ​នឹង​បើក​ទ្វារ​ទទួល​​​សាធារណជន​​​ឲ្យ​ចូល​ទស្សនា​​ដោយ​សេរី​ ក្នុង​ឱកាស​​​តាំង​​ពិព័រណ៍​ស្នាដៃ​សិល្បៈ​​ដំឡើង​​​នានា​ឈ្មោះ​ថា ​«​ដំណើរ​​ត្រាច់ចរ​សិល្បៈ» ​ក្នុង​ឧទ្យាន​​​ស្ថានទូត​បារាំង​ម្តុំ​គល់​ស្ពាន​ជ្រោយ​ចង្វារ​​​។​

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា សិល្បករ​ល្បីៗ​ទាំង​ខ្មែរ និង​បារាំង​ចំនួន ៩ រូប​ ​ដោយ​​​ក្នុង​​នោះ​​មាន​ខ្មែរ ៨ ​រូប និង​បារាំង​ម្នាក់ ត្រូវ​ស្ថានទូត​​អញ្ជើញ​ឲ្យ​បង្កើត​ស្នាដៃ​សិល្ប:​​តាម​ការ​ស្រមើស្រមៃ​រៀងៗ​ខ្លួន ​ដើម្បី​​ដាក់​បង្ហាញ​ជូន​ទៅ​ដល់​មហាជន​នូវ​បណ្តុំ​ស្នាដៃ​ពិព័រណ៍​មាន​ឈ្មោះ​ «ដំណើរ​ត្រាច់ចរ​សិល្បៈ» នៅ​ក្នុង​ឆ្នាំ ​២០២០ នេះ ​មាន​លោក អ៊ុក ជឹមវិចិត្រ លោក ក្រេហ្កូរី ហ្គោសឡាំង លោក ​រៀម មុនីស៊ីឡុង​ លោក ម៉ក់ រ៉េមីស្សា​ លោក លាង ស៊ីកន​ លោក ស្រី បណ្តូល លោក មាស សុឃន​ លោក ពេជ្រ សុភាព និង​លោក ទិត្យ វាសនា។

ជាមួយ​នឹង​​​រុក្ខជាតិ​ចម្រុះ​ពណ៌​មាន​ដើម​ឈើ​ធំៗ មាន​ម្លប់​ត្រឈឹងត្រឈៃ លាយ​ឡំ​នឹង​​ស្នាដៃ​សិល្ប:​ទាំង​នោះ​ នឹង​ដាក់​តាំង​នៅ​តាម​ទីកន្លែង​ផ្សេងៗ​​​គ្នា​ក្នុង​ឧទ្យាន​ហាក់​ដូច​ជា​​កំពុង​បង្កើត​បាន​កិច្ច​សន្ទនា​បែប​​មនោសញ្ចេតនា​​មួយ​យ៉ាង​ស្ងប់ស្ងាត់​ជាមួយ​ធម្មជាតិ​ផង​ដែរ។ នៅ​​ទីនេះ ក៏​ជា​កន្លែង​ចងចាំ​នៃ​ប្រវត្តិសាស្រ្ត​​កម្ពុជា និង​​ជា​លំហ​បៃតង​ដ៏​ធំ​ជាង​គេ​មួយ​ នៅ​រាជធានី​ភ្នំពេញ​ដែល​​កំពុង​អភិវឌ្ឍន៍​ឥត​ឈប់​​ឈរ ​ខណៈ​ឧទ្យាន​ស្ថានទូត​បារាំង តែង​ទាញ​ចំណាប់​អារម្មណ៍​របស់​​សិល្បករ​នានា​ផង​​ដែរ​​។

ស្នាដៃរបស់សិល្បករ​​លោក ក្រេហ្កូរី ហ្គោសឡាំង។ រូបថត សហ​ការី

ជាមួយ​នឹង​ទេពកោសល្យ​ផ្សេងៗ​គ្នា របស់​ក្រុម​សិល្បករ​ដែល​​​ភាគ​ច្រើន​ បាន​ជ្រើស​​រើស​យក​ដើម​ឈើ​ដើម្បី​ផ្សារ​ភ្ជាប់​នឹង​ស្នាដៃ​សិល្បៈ​​​នោះ​ ក៏​ធ្វើ​​ឲ្យ​លោកស្រី អេវ៉ា ង្វៀនប៊ិញ ​ជា​ឯកអគ្គ​រដ្ឋទូត​បារាំង​​ប្រចាំ​កម្ពុជា​យល់​ឃើញ​ថា ក្រៅ​ពី​លក្ខណ:​លម្អ ​ដើម​ឈើ​ទាំង​នេះ​ ក៏​ក្លាយ​ទៅ​ជា​តួ​អង្គ​​ពិតៗ ​នៃ​ពិព័រណ៍​នេះ​ផង​ដែរ។​ ​លោក​ស្រី​មាន​​ប្រសាសន៍​ថា៖ ​«​តាមរយៈ​ការ​រចនា​របស់​សិល្បករ​ ដើម​ឈើ​ទាំង​នេះ ​ក្លាយ​ជា​សភាវៈ​ម៉្យាង ​ប្រកប​ដោយ​រូប​ឆោម​លោម​ពណ៌​ល្អ ដែល​យើង​ត្រូវ​ថែរក្សា​ផង​ជា​ទី​ជម្រក​ និង​សាក្សី​នៃ​ការ​ចងចាំ​ផង​។ ​ដើម​ឈើ​ទាំង​នេះ ​ហាក់​ដូច​​ជា​វត្ថុ​នឹង​ថ្កល់​ដែល​ផ្តល់​អត្ថន័យ​ដល់​ជីវិត»។

ព្រឹតិ្តការណ៍​នេះ នឹង​បើក​ឲ្យ​សាធារណជន​​​ចូល​ទស្សនា​​ដោយ​សេរី​ពុំ​ចាំបាច់​ចុះ​ឈ្មោះ​ជា​​មុន​ទេ​ ប៉ុន្តែ​អាហារ​ ភេសជ្ជៈ (​លើកលែង​ទឹក) និង​កាបូប​ធំៗ​ ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នាំ​យក​ចូល​ទៅ​តាម​ខ្លួន​ឡើយ។​ សម្រាប់​ម៉ោង​​ទស្សនា​ស្នាដៃ​​​របស់​សិល្បករ​​នៅ​ក្នុង​បរិស្ថាន​ដ៏​ស្រស់​​​បំព្រង នៅ​ថ្ងៃ​សៅរ៍ ទី ​៧ ខែ​​មីនា​​ ចាប់​ពី​ម៉ោង ៨ ព្រឹក ​ដល់​ម៉ោង ៤ ​រសៀល៕​

ស្នាដៃរបស់សិល្បករ រៀម មុនីស៊ីឡុង។ រូបថត សហ​ការី