ភ្នំពេញ៖ អង្ករ ​ស្រូវ​ ស្រែ ​​មាន​តួនាទី​​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​​សម្រាប់​វប្បធម៌​ខ្មែរ​​តាំង​ពី​យូរលង់​ណាស់​មក​ហើយ ខណៈ​ការ​​​ដាំ​ដុះ ​ដំ​ណាំ​ស្រូវ ​ជា​ការងារ​រវល់​ដ៏​ចម្បង​​របស់​ប្រជាកសិករ​ ដើម្បី​ចិញ្ចឹម​​បី​បាច់​​​ដល់​ជីវិត​​​​យើង​ទាំង​អស់​គ្នា​រហូត​​​សព្វ​ថ្ងៃ​នេះ ​​វាល​ស្រែ​​​នៅ​តែ​​គ្រប​ដណ្តប់​​ច្រើន​​​នៅ​លើ​ដី​កសិកម្ម​។

នៅ​ល្ងាច​ថ្ងៃ​សុក្រ​ ទី ​១១ ខែ ​តុលា ឆ្នាំ​ ​​២០១៩ ស្អែក​នេះ​នឹង​មាន​ការ​បង្ហាញ​​​បាឋកថា​រយៈពេល​កន្លះ​ម៉ោង​របស់​​វិចិត្រករ លោក ជា សេរីរដ្ឋ ដែល​ម្ចាស់​ពិព័រណ៍​ទោល​ក្រោម​ចំណង​​ជើង​​ថា «​ស្រែ​ប្រតិដ្ឋ»​ នៅ​វិចិត្រសាល​ស-ស ក្នុង​រាជធានី​ភ្នំពេញ​ ខណៈ​លោក​អ្នក​ទស្សនា​អាច​​ទៅ​ចូល​​រួម​ស្តាប់ និង​​ទស្សនា​ស្នាដៃ​​ពិព័រណ៍​​ដោយ​​​សេរី​​។​

លោក ជា សេរីរដ្ឋ ដែល​កើត​នៅ​​ឆ្នាំ ១៩៩០ នៅ​​បាត់ដំបង ចាប់​ផ្តើម​សិក្សា​ផ្នែក​គំនូរ​នៅ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​​ នៅ​ឆ្នាំ ​២០០៥ ហើយ​នៅ​ឆ្នាំ ​២០០៨ លោក​បាន​ទៅ​ចូលរួម​សិក្ខាសាលា​មួយ​ជាមួយ​នឹង​សិល្បករ​​អន្តរជាតិ​ Sera Ing ​និង​សិល្បករ​ វ៉ាន់ ណាត​ ក្រោម​ប្រធានបទ​ «ការ​ចងចាំ​របប​ខ្មែរ​ក្រហម​នៅ​កម្ពុជា» ដឹកនាំ​ដោយ​លោកស្រី​ Soko Phay​​Vakalis ​នៅ​មជ្ឈមណ្ឌល​បុប្ផាណា។

បន្ទាប់​ពី​​បាន​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ ក្រុង​បាត់ដំបង​នៅ​ឆ្នាំ ​២០១២​ លោក​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ជា​អ្នក​រចនា​ក្រាហ្វិក ​និង​វិចិត្រករ​​នៅ​ស្ទូឌីយោ​សន្លឹក​ថ្មី​ នៃ​អង្គការហ្វារ​ពន្លឺ​សិល្បៈ និង​​នៅ​ឆ្នាំ ​២០១៣​ លោក​ក៏​បាន​ក្លាយ​ជា​គ្រូប​ង្រៀន​ផ្នែក​រចនា​ក្រាហ្វិក​នៅ​អង្គការ​ហ្វារពន្លឺ​សិល្បៈ ​និង​​​​ធ្លាប់​ចូលរួម​ការ​ពិព័រណ៍​សិល្បៈ​​​​ជាច្រើន។

ដូចជា​នៅ​ឆ្នាំ ​២០១៤ ​លោក​​​បាន​ចូលរួម​កម្ម​ពិធី​សិល្បៈ​អន្ដរជាតិ​តែ​មួយ​គត់​ សម្រាប់​សិល្បករ​ដែល​មាន​អាយុ​ក្រោម ​៣០ ​ឆ្នាំ នៅ​អាស៊ី​អាគ្នេយ៍ មាន​ឈ្មោះ​ថា «SPOT ART» នៅ​ប្រទេស ​សិង្ហបុរី។ នៅ​ក្នុង​ឆ្នាំ ​២០១៤​ លោក​បាន​ធ្វើ​ពិព័រណ៍​សិល្បៈ​ទោល​មួយ​ ដែល​មាន​ចំណង​​ជើង​ថា ​«គ្រោះ​មហន្តរាយ» ​នៅ​វិចិត្រ​សាល​​​រមៀត នៅ​ទីក្រុង​ភ្នំពេញ ហើយ​នៅ​ឆ្នាំ​ ២០១៩ ថ្មីៗ​នេះ លោក​​បាន​បង្ហាញ​​​ពិព័រណ៍​ទោល ​នៅ​វិចិត្រសាល​សង្កែ ក្នុង​​ខេត្ត​បាត់ដំបង ជាមួយ​ស្នាដៃ​​ឈ្មោះ​​ថា «​ស្រែ​ប្រតិដ្ឋ»​ នេះ​។

ស្នាដៃ​គំនូរ​ដែល​ដាក់​តាំង​ពិព័រណ៍​មាន​ចំណងជើង​ «ស្រែ​ប្រតិដ្ឋ»​ ។ រូបថត ហ្វេសប៊ុក​

ដោយ​​​ឡែក​សម្រាប់​​​វិចិត្រករ​លោក​ ជា សេរីរដ្ឋ ក៏​បាន​​​មក​រៀបចំ​នៅ​ក្នុង​ទីក្រុង​​ភ្នំពេញ​ផង​ដែរ​ នៅ​វិចិត្រសាល ​ស-ស​ ស្ថិត​នៅ​​ផ្ទះលេខ ៤៧ ​ផ្លូវ​​លេខ ​៣៥០ (កែង​ផ្លូវ ​៩៥) ​បឹងកេងកង​ ​៣ រាជធានី​ភ្នំពេញ ខណៈ​ពិព័រណ៍​នេះ ​​សហការ​ជាមួយ​នឹង​វិចិត្រសាល​សង្កែ​ និង​​​គាំទ្រ​ពី​មូលនិធិ​ Rei Foundation ​និង​បន្ត​តាំង​​រហូត​ដល់​ថ្ងៃ​ទី ​២៧ ខែ ​វិច្ឆិកា ឆ្នាំ ​២០១៩​។​

បើ​តាម​សេចក្តី​បង្ហាញ​ពី​គេហទំព័រ​គម្រោង​​​​វិចិត្រសាល ​ស-ស​ ក៏​បាន​​ឲ្យ​ដឹង​​​​​​ពី​អត្ថន័យ​ពិព័រណ៍​គំនូរ​ទោល​​លោក​ ជា សេរីរដ្ឋ​ ថា៖ «​ក្នុង​​ពិព័រណ៍​នេះ​លោក​បង្ហាញ​ជូន​នូវ​ស្នាដៃ​​ចំនួន ​៨ ផ្ទាំង។​ តាមរយៈ​ទស្សនៈ​​របស់​ក្មេង​ម្នាក់​ ដែល​គាត់​បាន​ធំ​ធាត់​នៅ​ស្រុក​ស្រែ​ មុន​នឹង​ចាក​ចេញ​មក​សិក្សា និង​រស់នៅ​ក្នុង​ទីក្រុង​។​

ស្នា​ដៃ​​របស់​លោក​ សេរីរដ្ឋ​ បាន​ផ្តល់​ជា​​ពន្លឺ ​និង​រូបភាព​ដ៏​មាន​កម្លាំង​ មាន​ភាព​ដិតដាម​​​នៅ​លើ​​កន្ទេល​ ដែល​យើង​​​​​នៅ​តែ​អាច​ឃើញ​មិន​ទាន់​រលុប​បាត់​នោះ​ឡើយ​ ហាក់​ដូច​ជា​ការ​ប្រាប់​ពី​​ការ​ផ្លាស់ប្តូរ​​មួយ​កំពុងតែ​កើត​មាន​ឡើង​នៅ​តាម​ទី​ជនបទ​ ស្រុក​ស្រែ​ចម្ការ​​នៅ​​កម្ពុជា​​​សព្វ​ថ្ងៃ​ដូច្នោះ​ដែរ។

ទំនាក់ទំនង​ពួក​គាត់ ច្រើន​តែ​ជា​ភាព​​ចម្រូងចម្រាស​ព្រោះ​វាល​​ស្រែ​​ជា​ទី​​កន្លែង​នៃ​ជម្លោះ អំណាច​ និង​អ្វី​ជា​​បំណង​​ប្រាថ្នា​ទៅ​ថ្ងៃ​អនាគត​»៕