ភ្នំពេញៈ ការសម្តែង​ទម្រង់​សិល្បៈ​បែប​ចម្រុះ​ដ៏​ប្លែក​អារម្មណ៍ និង​ជា​លើក​ទី ១ ដែល​សម្តែង​ដោយ​ក្រុម​សិល្បៈ​មហាជន​ភូមិ​តង​ណង​ឡិះ មក​ពី​ខេត្ត​រតនគីរី ដែល​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​បាន​នាំយក​មក​សម្តែង​ចែក​ជូន​ទស្សនា​ក្នុង​កម្មវិធី​បញ្ចប់​នៃ​រដូវ​កាល​វប្បធម៌ ចាប់​ផ្តើម​ពី​ម៉ោង ៧ ដល់​ម៉ោង ៨ យប់ នា​ថ្ងៃ​អាទិត្យ ទី ២៣ ខែ​កញ្ញា ឆ្នាំ ២០១៨ ខាង​មុខ​នេះ នៅ​ឯ​សាល​សិល្បៈ​សារមន្ទីរ​ជាតិ។

លោក ជ្រើស សារុន ជា​ប្រធាន​ក្រុម​សិល្បៈ​មហាជន​ភូមិ​តង​ណង​ឡិះ មកពី​ខេត្ត​រតនគិរី បាន​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «នេះ​ការ​សម្តែង​បញ្ចូល​គ្នា​រវាង​ល្ខោន និង​របាំ ដែល​រៀបរាប់​អំពី​ប្រពៃ​ណី​ទំនៀម​ទម្លាប់់​នៃ​ជន​ជាតិ​គ្រឹង។ វា​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ពួក​យើង​ហើយ​ការ​សម្តែង​រួម​មាន​ពិធី​សែន​ព្រេន​តាម​បែប​សហគមន៍​គ្រឹង នេះ អម​ដោយ​របាំ​ដង​ទឹក​ដែល​បង្ហាញ​ពី​ទំនៀម​ទម្លាប់​នៃ​ការ​ប្រើ​ប្រាស់​ទឹក ដែល​បាន​ដង​ពី​អូរ និង​អណ្តូង ហើយ​ក៏​ត្រូវ​បាន​អនុវត្ត​តាម​របៀប​នេះ​មក​ជា​យូរ​យារ​ណាស់​មក​ហើយ»។

លោក ជ្រើស សារុន​ ប្រធានក្រុម​របាំជាតិគ្រឹង​​។ ផា លីណា

លោកបន្តថា «ការ​សម្តែង​មាន​ការ​ប្រើប្រាស់​ឧបករណ៍​ភ្លេង​គង​ឫស្សី និង​គង ៥ ផ្លែ ដែល​ក៏​ជា​អត្ត​សញ្ញាណ​មួយ​របស់​យើង ។ សម្រាប់​ការ​សម្តែង ដែល​មាន​រយៈពេល​ជិត ១ ម៉ោង​នេះ យើង​មាន​សមាជិក​សម្តែង​សរុប ១៤ នាក់ ដោយ​មាន​ស្រី ៥ នាក់»។

លោក ជ្រើស សារុន បុរស​ជនជាតិ​គ្រឹ​ង វ័យ ៣៥ ឆ្នាំ ដែលជា​សិស្ស​ទទួលបាន​អាហា​រូបករណ៍​សិល្បៈ​អមតៈ អាន ចនផន ឆ្នាំ ២០១៨ ផ្នែក​ជំនាញ​កុំព្យូទ័រ​រូបនេះ​បន្ត​ថា៖ «នេះ​ជា​ស្នាដៃ​បង្កើត​ថ្មី ផ្សំ​ដោយ​របាំ និង​ល្ខោន ដែល​ខ្ញុំ​បាន​ដាក់​ចំណង​ជើង​ថា «ប្រពៃណី និង​ការ​រស់​នៅ» ដែល​ជា​ការ​និយាយ​អំពី​ជំនឿ និង​វិទ្យាសាស្ត្រ​ក្នុង​ការ​ព្យាបាល​របស់ ជន​ជាតិ​គ្រឹង​យើង​ផង​ដែរ»។

ការសម្ដែង ការ​បញ្ចាំង​ខ្សែ​ភាពយន្ត កិច្ចពិភាក្សា ពិព័រណ៍ និង​សិក្ខាសាលា ដែល​ត្រូវ​បាន​សម្រិត​សម្រាំង និង​នាំ​មក​ជូន​ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ជុំវិញ​ប្រធាន​បទ «ការ​ស្វែងរក​អត្ត​សញ្ញាណ» មាន​រយៈ​ពេល ៣ ខែ ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី ១៩ ខែ កក្កដា ឆ្នាំ ២០១៨ មក​ម្ល៉េះ ខណៈ​ថ្ងៃ​បញ្ចប់​គឺ​នៅ​ថ្ងៃ​ទី ២៣ ខែ​កញ្ញា ឆ្នាំ ២០១៨ នេះ។

ចំពោះ​ការ​សម្តែង​ទម្រង់​សិល្បៈ​បញ្ចូល​គ្នា​រវាង​ល្ខោន និង​របាំ ប្រពៃណី​ទំនៀម​ទម្លាប់ របស់​ជន​ជាតិ​គ្រឹង នេះ ក៏​តម្រូវ​ឲ្យ​ទស្សនិក​ជន ទិញ​សំបុត្រ ១ សន្លឹក ដែល​មាន​តម្លៃ ២ ម៉ឺន រៀល​ផង​ដែរ លក់​នៅ​ឯ​ការិយាល័យ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ និង​នៅ​ស្តង់​លក់​សំបុត្រ​នៃ​សារមន្ទីរ​ជាតិ៕