ភ្នំពេញៈ ព្រោះ​តែ​មាន​គោលបំណង​ចង់​លើក​ទឹកចិត្ត​អ្នកនិពន្ធ​ជំនាន់​ក្រោយ និង​ផ្សព្វផ្សាយ​ពី​ទម្រង់​ល្ខោន​និយាយ​ឲ្យ​មហាជន​គ្រប់​ស្រទាប់ កាន់តែ​ជ្រាប​ច្បាស់​ពី​វិស័យ​សិល្បៈ​មួយ​នេះ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​នឹង​នាំ​យក​ផ្ទាំង​ទស្សនីយភាព​ល្ខោននិយាយ​រឿង «​ម្នាក់ឯង​ជាថ្មី​» ដែល​សម្តែង​នៅឯ​ឆាក​នៃ​សារមន្ទីរ​ជាតិ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ទី​ ២៣ ខែ​មិថុនា​នា​ថ្ងៃ​ចុង​សប្តាហ៍​នេះ​។

លោក គាត សុគីម ជា​បុគ្គលិក​ផ្នែក​ទំនាក់ទំនង​ព័ត៌មាន​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​បាន​បង្ហើប​ឲ្យ​ដឹង​ពី​គោលបំណង​រៀបចំ​ឲ្យ​មាន​ការសម្តែង​ល្ខោន​និយាយ​នេះ​ដែរ​ថា​៖ «​ដោយ​ចង់​ផ្តល់​ឱកាស​ដល់​សិល្បករ​ជំនាន់​ក្រោយ ជាពិសេស​ផ្នែក​និពន្ធ​តែ​ម្តង​ឲ្យ​ពួកគាត់​អាច​បង្ហាញ​ពី​សមត្ថភាព​នៃ​ការតែង​និពន្ធ​ថ្មី សាច់រឿង​ថ្មី​ប្រភេទ​រឿងល្ខោន​និយាយ ខណៈ​កន្លង​មក​នោះ យើង​តែង​ជ្រើស​យក​រឿង​ចាស់​មក​សម្តែង​ជា​ល្ខោន​និយាយ​នោះ​។ ដូច្នេះ​ការសម្តែង​លើក​នេះ​គឺជា​ការបង្កើត​ទម្រង់​ថ្មី និង​ជា​ការផ្ស៊ាំ​របស់​ក្រុម​សិល្បករ-សិល្បការិនី ផ្នែក​ល្ខោន​និយាយ​សម្រាប់​ការត្រៀម​ខ្លួន​សម្តែង​ជា​ផ្លូវការ​នាឱកាស​ប្រារព្ធ​កម្មវិធី​ធំ​គឺ​មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាព​នាពេល​ខាង​មុខ​នោះ​ផង​ដែរ​។

ចំណែក​គោលបំណង​មួយ​ទៀត​ចង់​ផ្សព្វផ្សាយ​ដល់​មហាជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​អំពី​ទម្រង់​សិល្បៈ​នេះ​ឲ្យ​កាន់តែ​ច្បាស់ ដោយសារ​តែ​នាពេល​កន្លង​មក​ច្រើន​តែ​មាន​ការលើក​ឡើង​ថា ទម្រង់​សិល្បៈ​នេះ​ជា​ការសម្តែង​តែ​តាម​វិទ្យុ​នោះ និង​ចង់​ឲ្យ​បងប្អូន​គាំទ្រ​ទាំងអស់​គ្នា​ផង​ដែរ​»​។

តួឯក​ប្រុស និង​ស្រី​ដែល​នឹង​ត្រូវ​សម្តែង​នៅក្នុង​ល្ខោន​និយាយ​រឿង «​ម្នាក់ឯង​ជាថ្មី​» នៅ​ថ្ងៃ​ចុង​សប្តាហ៍​នេះ​។ រូបថត អង្គការ​សិល្បៈ​ខ្មែរ​អមតៈ

លោក គាត សុគីម បន្ត​ទៀត​ថា​៖ «​ទម្រង់​ល្ខោននិយាយ​សម្រាប់​ត្រៀម​ក្នុង​មហោស្រព​ធំ​ខាង​មុខ​នោះ យើង​មាន​ការនិពន្ធ​ល្ខោន​រឿង​ថ្មី​ចំនួន ៣ រឿង​ដែល​នឹង​យក​មក​សម្តែង​ចែក​ជូន​មហាជន​ទស្សនា​ជា​បន្តបន្ទាប់​ផង​ដែរ ខណៈ​រឿង​ទី​ ១ ​គឺ​រឿង «​ម្នាក់ឯង​ជាថ្មី​» ត្រូវ​សម្តែង​នៅ​ថ្ងៃ​អាទិត្យ​ទី​ ២៣ ខែ​មិថុនា ឆ្នាំ​ ២០១៩ ​នេះ​នៅ​ម៉ោង​ ៤-៥ ​ល្ងាច​នៅឯ​ឆាក​សម្ដែង​សិល្បៈ​ខ្មែរ​អមតៈ​ក្នុង​សារមន្ទីរ​ជាតិ​។ ចំពោះ​ការសម្តែង​បន្ទាប់​គឺ​រឿង «​គ្រូទាយ​» ដែល​នឹង​សម្តែង​នៅ​ថ្ងៃ​ទី​ ២៦ ខែ​មិថុនា ឆ្នាំ​ ២០១៩ នៅ​វេលា​ម៉ោង ៣.៣០ នាទី​ដល់​ម៉ោង ៤.៣០ នាទី​រសៀល​។ ចំណែក​រឿង​ទី​ ៣ មាន​ចំណងជើង​ថា «​ចាប៉ី​» ដែល​នឹង​សម្តែង​នៅ​ចុងក្រោយ​គេ​នាពេល​ឆាប់ៗ​នៅ​លើ​ឆាក​សម្តែង​ដដែល​»​។

ចំពោះ​ល្ខោន​និយាយ​រឿង «​ម្នាក់ឯង​ជាថ្មី​» នេះ​គឺជា​ស្នាដៃ​និពន្ធ​របស់​អ្នកគ្រូ ឆុន ស៊ីណា និង​ដឹកនាំ​សម្ដែង​ដោយ​អ្នកគ្រូ ឆុន ស៊ីណា និង អ្នកគ្រូ ប៉ុក វណ្ណា ហើយ​បាន​នាំ​មក​ជូន​ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​។

លោក គាត សុគីម ក៏​បាន​បង្ហើប​ពី​សាច់រឿង «​ម្នាក់ឯង​ជាថ្មី​» ផង​ដែរ​ថា​៖ «​សាច់រឿង​ពី​នារី​ម្នាក់​ដែល​មាន​ជីវិត​អាពាហ៍ពិពាហ៍​មិន​សម​ដូច​បំណង ហើយ​ធ្វើការ​សម្រេចចិត្ត​ដ៏លំបាក​មួយ​នៅក្នុង​ជីវិត​របស់​នាង​។ ចំពោះ​តួអង្គ​សម្តែង​វិញ​មាន ៥ ​រូប​គឺ​តួ​សម្តែង​សំខាន់ ឬ​តួឯក​មាន​​ ៣ ​រូប និង​តួរង​មាន ២ ​រូប​»​។

សូម​កុំ​ភ្លេច​មក​ចូលរួម​ទាំងអស់​គ្នា​ណា​! ល្ខោន​និយាយ​ដំឡើង និង​មាន​ការនិពន្ធ​ថ្មី​នៅ​ថ្ងៃ​អាទិត្យ​ទី​ ២៣ មិថុនា ២០-១៩ ម៉ោង ៤-៥ ​ល្ងាច​នៅ​ឆាក​សម្ដែង​សិល្បៈ​ខ្មែរ​អមតៈ​នៃ​សារមន្ទីរ​ជាតិ​នឹង​មាន​ការសម្ដែង​ល្ខោន​និយាយ​រឿង «​ម្នាក់ឯង​ជាថ្មី​»​។ សំបុត្រ​ចូល​ទស្សនា​ឥត​គិត​ថ្លៃ ឬ​អាច​ទាក់ទង​តាម​លេខ 086 895 556 / 023 986 032 ខណៈ​ទីកន្លែង​សម្រាប់​ការចូលរួម​មាន​កំណត់​៕