ខេត្តរតនគិរីៈ ខណៈ​ជិត​ដល់​ថ្ងៃ​ចូល​រោងជ័យ​នា​សម័យ​ទំនើប​នេះ កូនកំលោះ​កូនក្រមុំ​តែង​នឹក​រំពៃ​គិត​រក​ស្ទូឌីយោ​ដើម្បី​ថតរូប​ទុក​មុន និង​ដាក់​បង្ហាញ​ភ្ញៀវ (Pre-Wedding) ឬ​ថត​សកម្មភាព​ជា​កម្រង​វីដេអូ​ពី​ក្តីស្នេហ៍​ដ៏ផ្អែមល្ហែម​គូស្នេហ៍​ខ្លួន​នៅ​ថ្ងៃ​ពិសេស​នៃ​ឆាកជីវិត​ផ្តើម​ទំព័រ​សករាជ​គ្រួសារ​ថ្មី​។

គូស្នេហ៍​ភាគច្រើន​មិន​សូវ​រក​កន្លែង​នៅ​ទី​ឆ្ងាយៗ​ពី​តំបន់​ខ្លួន​រស់នៅ ឬ​ទីកន្លែង​ប្លែក​ដើម្បី​ថត Pre-Wedding នៅ​ឡើយ​ទេ ឬ​អាច​មកពី​មិន​សូវ​បាន​ស្គាល់​ទីកន្លែង​មាន​សម្រស់​ធម្មជាតិ​។ នា​ថ្មីៗ​នេះ​តំបន់​សហគមន៍​កាទៀង​ស្ថិត​នៅ​ក្នុង​ភូមិ​កាទៀង​ឃុំ​ល្បាំង​ ២ ស្រុក​លំផាត់ ខេត្ត​រតនគិរី​ឯណោះ​មាន​កន្លែង​សម្រាប់​ថត Pre-Wedding តាម​បែប​ប្រពៃណី​ខ្មែរ ឬ​ក៏​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ដែល​មាន​សត្វ​ដំរី​ធំៗ​ចំនួន​ ៤ ជា​យានជំនិះ​គឺជា​លក្ខណៈ​ប្លែក​អារម្មណ៍​បែប​ធម្មជាតិ​ពិតៗ​តែ​ម្តង​។

អ្នកស្រី ចិន្តា ក្លេ (Chenda Clais) ប្រធាន​សមាគម​នៃ​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ​អៃរាវត្តា (Airavata Khmer Elephant Foundation) ដែល​មាន​មូលដ្ឋាន​នៅក្នុង​តំបន់​សហគមន៍​ភូមិ​កាទៀង និង​ជា​អ្នករៀបចំ​ឲ្យ​មាន​ជា​សេវាកម្ម​ថត Pre-Wedding ឬ​ការរៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ដែល​ជា​ក្តីបំណង​រក្សា​នូវ​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​នោះ​បាន​ប្រាប់​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា​៖ «​យើង​ទើប​បង្កើត​នូវ​កញ្ចប់​សេវាកម្ម​នេះ​ដើម​ឆ្នាំ​ ២០១៩ ប៉ុណ្ណោះ ខណៈ​ពី​មុន​យើង​គ្រាន់​តែ​មាន​សេវាកម្ម​ជិះ​ដំរី​កម្សាន្ត​នៅ​ក្នុង​តំបន់​សហគមន៍​ដែល​មាន ៣ ភូមិ​មាន​ចំនួន​ប្រមាណ​មួយ​ពាន់​គ្រួសារ​នោះ​។ តែ​ប្រសិន​បើ​បងប្អូន​ចាប់​អារម្មណ៍​ក៏​ត្រូវ​មាន​ការ​កក់​ថ្ងៃ​ទុក​ជាមុន​ដែរ ដើម្បី​ងាយស្រួល​ខាង​យើង​រៀបចំ​ជូន​ឲ្យ​បាន​ល្អ​»​។

ជិះ​ដំរី​ហែ​កូនកំលោះ​កូនក្រមុំ​នៅ​សហគមន៍​កាទៀង​។ រូបថត ហ្វេសប៊ុក

បើ​ត្រឹម​តែ​ស្តាប់​ពី​តម្លៃ​សេវាកម្ម​ថ្មី​ថត Pre-Wedding នៅ​ទី​នេះ​ដែល​មាន​សត្វ​ដំរី​ចូលរួម​អបអរសាទរ​ដែរ​នោះ​អាច​នឹង​លាន់​មាត់​ថា តម្លៃ​ថ្លៃ​មិន​ខាន និង​បើ​បាន​មិន​រៀបរាប់​ថា​មាន​បូក​បញ្ចូល​អ្វី​ខ្លះ​នោះ​។ ខណៈ​កញ្ចប់​សេវាកម្ម​តាម​តម្រូវការ​របស់​ភ្ញៀវ​ដែល​យ៉ាង​ហោច​ណាស់​មាន​តម្លៃ​ពី ៥ ០០០ ដុល្លារ​ទៅ​។ ពេល​នេះ​យើង​ក៏​មាន​ការ​កក់​ទុក​ពី​ភ្ញៀវ​ជា​បន្តបន្ទាប់​ហើយ​ដែរ គឺ​ចុង​ខែ​កុម្ភៈ​នេះ ១ គូ នៅ​ខែ​មីនា ១ គូ និង​នៅ​ខែ​វិច្ឆិកា​ចុង​ឆ្នាំ​ ២០១៩ ក៏​មាន​គូស្នេហ៍​បរទេស​បាន​កក់​ទីកន្លែង​សម្រាប់​រៀបចំ​នូវ​ពិធី​មង្គលការ​តាម​បែប​ប្រពៃណី​ខ្មែរ​រួច​ហើយ​ផង​ដែរ​។

ដោយសារ​ខ្លាច​យល់ច្រឡំ​នឹង​តម្លៃ​នោះ អ្នកស្រី ចិន្តា ក្លេ បាន​បន្ត​ឲ្យ​ដឹង​ពី​តម្លៃ និង​សេវាកម្ម​នេះ​ដែរ​ថា​៖ «​រឿង​តម្លៃ​នោះ ខ្ញុំ​សុំ​មិន​ប្រាប់​ច្រើន​ទេ ព្រោះ​យើង​មាន​រៀបចំ​ជា​កញ្ចប់​តាម​តម្រូវការ​របស់​ភ្ញៀវ​ចង់​បាន ឬ​អាច​ធ្វើ​តាម​ធនធាន​ភ្ញៀវ​។ តែ​យើង​ក៏​ខំ​ផ្ចិតផ្ចង់​តម្លៃ ដើម្បី​ឲ្យ​បងប្អូន​ខ្មែរ​គ្រប់​ស្រទាប់​អាច​ទទួល​យក​សេវាកម្ម​នេះ​ដែរ​។ ឧទាហរណ៍​កញ្ចប់​តម្លៃ ៥ ០០០ ដុល្លារ នៃ Pre-Wedding នោះ ភ្ញៀវ​ទទួល​បាន​ការបម្រើ​ពី​យើង​ច្រើន​ដូចជា​ការរៀបចំ​ពិធីសូត្រមន្ត​តាម​ប្រពៃណី​ខ្មែរ​មាន​សម្លៀកបំពាក់​កូន​កំលោះ​កូនក្រមុំ ថតរូប​ចម្លង​ដាក់ CD ផ្តិតរូប​ផ្ទាំង​ធំ​សម្រាប់​ទុកដាក់​តាំង​ថ្ងៃ​ចូល​រោងការ​មាន​បន្ទប់​ស្នាក់​នៅពេល​មក​ថត យើង​មាន​មនុស្ស​ខាង​ក្រុម​សមាគម​ប្រមាណ ១០ នាក់​ជួយ​ហែហម​ពិធី និង​ដំរី ២ សម្រាប់​កូនកំលោះ​កូនក្រមុំ​ជិះ​ក្នុង​ពិធី​។ ហើយ​ក៏​មាន​ទទួល​ម្ហូបអាហារ និង​ភេសជ្ជៈ​បូក​ទាំង​ក្រុម​សាច់ញាតិ ឬ​មិត្តភក្តិ​កូនកំលោះ​កូនក្រមុំ ១០ នាក់​ឯណោះ​។ យើង​ក៏​មាន​សេវាកម្ម​រៀបចំ​អាពាហ៍​ពិពាហ៍​ដែរ ខណៈ​ភ្ញៀវ​មាន​ជម្រើស​អាច​រៀប​នៅឯ​សហគមន៍​ក៏​បាន ឬ​នៅឯ​សណ្ឋាគារ​ក្នុង​ក្រុង​បាន​លុង​ក៏​បាន​»​។

ប្រសិន​បើ​មាន​ការចាប់​អារម្មណ៍ ឬ​ចង់ដឹង​ព័ត៌មាន​លម្អិត​នោះ​អាច​ទាក់ទង​ទៅ​កាន់​លេខ​ទូរស័ព្ទ ០១២ ៩៦៥ ១៦៥៕

ភ្ញៀវ​ក៏​អាច​មាន​ជម្រើស​រៀប​ពិធី​មង្គលការ ឬ Pre-Wedding នៅ​សហគមន៍ ឬ​នៅ​សណ្ឋាគារ​ក៏​បាន​។ រូបថត ហ្វេសប៊ុក

ក្រុម​ការងារ​សហគមន៍​នឹង​ចូលរួម​ហែហម​ជាមួយ​កូនកំលោះ​កូនក្រមុំ​ពេល​ថត Pre-Wedding​។ រូបថត ហ្វេសប៊ុក