ភ្នំពេញ៖ ខ្សែ​ភាពយន្ត​បូលីវូដ និង​​រឿង​ភាគ​ឥណ្ឌា​កម្រ​រំលង​ឈុត​ឆាក​តួអង្គ​ស្លៀក​ឈុត​​​ចម្រុះ​ពណ៌​ដ៏​ស្រស់​ឆើត ច្រៀង​រាំ​យ៉ាង​​ត្រសង សាសព្ទ​សន្ទនា​​សាច់​រឿង​​តាម​ចង្វាក់​តន្ត្រី។

ឧស្សាហកម្ម​ខ្សែ​ភាពយន្ត​ដ៏​ពេញ​និយម​​របស់​ឥណ្ឌា​ដែល​មាន​មូលដ្ឋាន​នៅ​​ទីក្រុង​បុមបៃ​ បាន​សាយភាយ​ប្រជាប្រិយភាព​ ដោយ​សូម្បី​តែ​នៅ​ប្រទេស​កម្ពុជា​ ក៏​ភាពយន្ត​បូលីវូដ​​មាន​ចាក់​បញ្ចាំង​តាម​រោង​ភាពយន្ត និង​កញ្ចក់​ទូរទស្សន៍​ផង​ដែរ។​​​

ដោយ​ឃើញ​សក្ដានុពល​នៃ​ទំនាក់ទំនង​​វប្បធម៌​ទាំង ​២ ​ក្នុង​ឆ្នាំ​ ២០១៧​ កញ្ញា ​ព្រីនសេឡា អាណម ហ្គៀល (Princella Anum Gill) និង​ក្រុម​គ្រួសារ​​នាង​​បាន​ធ្វើ​ដំណើរ​ពី​ទឹក​ដី​​ប៉ាគីស្ថាន​​​មក​កម្ពុជា​ក្នុង​បំណង​សិក្សា​​​មើល​​ពី​ស្ថានភាព​​អំណោយ​ផល​ក្នុង​ការ​ប្រកប​អាជីវកម្ម។

ក្រោយ​មក​ ពួក​គេ​ក៏​បាន​បើក​អាហារដ្ឋាន​​មួយ​ដែល​មាន​ឈ្មោះ​ថា​ ព្រីនសេឡា (Princella Flavors of- Saffron) បម្រើ​អាហារ​ឥណ្ឌា និង​ប៉ាគីស្ថាន ក្រោម​ស្នាដៃ​ចម្អិន​របស់​ម្ដាយ​នាង​ផ្ទាល់។

ក្រៅ​ពី​ម្ហូប​អាហារ​ កញ្ញា ព្រីនសេឡា ​ក៏​​បាន​ចែក​រំលែក​វប្បធម៌​តាមរយៈ​សាក់​​ហេណា ​និង​ក្បាច់រាំ​បូលីវូដ​ នៅ​​លើ​ហាង​របស់​នាង​ ​ស្ទូឌីយោ រាំ និង​សាលា​អន្តរជាតិ​នានា។

កញ្ញា​ជនជាតិ​ប៉ាគីស្ថាន ​សក់​វែង សម្បុរ​​ស្រអែម ញញឹម​ស្រស់​​រូប​នេះ​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​​ ថា​៖ «ខ្ញុំ​ចាប់​ផ្ដើម​បង្រៀន​​ក្បាច់​រាំ​កាល​ ​២-៣ ​ឆ្នាំ​មុន​នៅ​ភ្នំពេញ។ ខ្ញុំ​បាន​ទៅ​បង្រៀន​នៅ​សាលា ​Canadian International School (CIS) និង​សាលា Grand Mount International School ដែល​មាន​ទាំង​សិស្ស​ខ្មែរ​ និង​បរទេស​។ ខ្ញុំ​ទទួល​បាន​លទ្ធផល​យ៉ាង​ល្អ​។ ពួក​គេ​​រីករាយ​នឹង​រៀន​ជាមួយ​គ្នា​ណាស់​»។

អ្នកគ្រូរាំ​បូលីវូដ កញ្ញា ព្រីនសេឡា អាយុ​ ២៥ឆ្នាំ​​ មកពីប៉ាគីស្ថាន។ រូបថត សហ​ការី

កញ្ញា ព្រីនសេឡា ​បាន​បន្ត​ទៀត​​ថា៖ «ចាប់​ពី​ពេល​នោះ​ខ្ញុំ​ក៏​សាកល្បង​ធ្វើ​សិក្ខាសាលា​សម្រាប់​បង្រៀន​គ្រប់​វ័យ​ ហើយ​ឃើញ​ថា​មាន​អ្នក​ចាប់​អារម្មណ៍​ច្រើន​។ ខ្ញុំ​ក៏​ចាប់​ផ្ដើម​បើក​ថ្នាក់​ផ្ទាល់​ខ្លួន​បង្រៀន​»។

តម្លៃ​សិក្សា​សម្រាប់​ថ្នាក់​ដំបូង​ គឺ ​៨ ​ដុល្លារ ​ក្នុង​ម្នាក់​កម្រិត​បន្ទាប់​គឺ​ ១០ ​ដុល្លារ និង​កម្រិត​ចុង​ក្រោយ​គឺ ​១២ ដុល្លារ។

នៅ​ប្រទេស​ប៉ាគីស្ថាន​ ព្រីនសេឡា ​បាន​ឱ្យ​ដឹង​ថា ​ការ​រាំ​​​គឺ​បញ្ជាក់​ពី​ភាព​រីករាយ​ក្នុង​កម្មវិធី​ខួប​កំណើត​ ពិធី​រៀប​អាពាហ៍ពិពាហ៍​ ការ​ជួបជុំ​គ្រួសារ​ និង​​កម្មវិធី​សាសនា​ផង​ដែរ​។

កញ្ញា​ប្រាប់​ទៀត​ថា៖ «ជាពិសេស​នៅ​ពេល​រៀបការ​ យើង​មាន​ការ​រាំ​ប្រកួត​គ្នា​រវាង​ខាង​កូន​ក្រមុំ​ និង​កូន​កំលោះ​យ៉ាង​រីករាយ​»។

ការ​ហាត់​រាំ​​​ជាមួយ​អ្នកគ្រូ ព្រីនសេឡា សិស្ស​មិន​បារម្ភ​​ខ្លាច​រាំ​មិន​ស្អាត ​ឬ​មិន​សម​នោះ​ទេ​​​។

កញ្ញា​បាន​ជំរុញ​ថា៖ «វា​មិន​សំខាន់​ថា​អ្នក​ណា​រាំ​ពូកែ​ ឬ​​មិន​ពូកែ​ទេ​ ឱ្យ​តែ​អ្នក​អាច​ធ្វើ​ចលនា​ដង​ខ្លួន​ និង​ក្បាល​បាន គឺ​​អ្នក​រាំ​បាន​ហើយ»។

ចម្រៀង​ភាគ​ច្រើន​​ដែល​យក​មក​ចាក់​​រាំ​ ត្រូវ​បាន​ដក​ស្រង់​ពី​​ភាពយន្ត។ ប៉ុន្តែ​​បច្ចុប្បន្ន​ ក្បាច់​រាំ​បូលីវូដ ​អាច​រាំ​ទៅ​តាម​ស្ទើរ​តែ​គ្រប់​ប្រភេទ​បទភ្លេង ​ហើយ​អ្នក​រាំ​មិន​ចាំបាច់​​​ទាល់​តែ​ស្លៀក​សម្លៀកបំពាក់​ឥណ្ឌា​ទេ លើកលែង​តែ​ពេល​មាន​កម្មវិធី​សំខាន់​។

ថ្វីត្បិត​ថា​ក្បាច់​រាំ​នេះ​ជា​របស់​ឥណ្ឌា​ តែ កញ្ញា ​ព្រីនសេឡា ​បាន​រៀបរាប់​ថា​ ដោយសារ​តែ​នាង​ជា​អ្នកគាំទ្រ​រឿង​ឥណ្ឌា​តាំង​ពី​តូច​ ហើយ​​​នាង​កើត​ក្នុង​គ្រួសារ​កាន់​ខាង​សាសនា​ កាតូលិក​ ប៉ាន់ចាប៊ី​ ដូច្នេះ​វប្បធម៌​ប៉ាន់ចាប៊ី​ បាន​ដក់ជាប់​ជាមួយ​នាង​ស្រាប់​ ដែល​ធ្វើ​ឱ្យ​នាង​ចាប់​ផ្ដើម​ហាត់​រាំ​តាំង​ពី​​ចេះ​ដើរ។

ការ​ហាត់រាំបូលីវូដ ភាគច្រើនប្រើបទភ្លេង​ពី​ភាពយន្ត​។ រូបថត សហ​ការី

អ្វី​ដែល​ ព្រីនសេឡា ​ស្រលាញ់​បំផុត​ពី​​ក្បាច់​បូលីវូដ​នេះ​គឺ វា​មិន​បែងចែក​ជាតិ​សាសន៍​​ ហើយ​វា​អាច​រាំ​តែ​ម្នាក់ ឬ​រាំ​​ជា​ក្រុម​ក៏​បាន​។

ជំហាន​វា​មួយៗ​ពិត​ជា​ជាប់​ចិត្ត​គួរ​ឱ្យ​​ចង់​មើល​ណាស់​។ ជាពិសេស​​ការ​រាំ​​ក្រុម​ធំ​ ដែល​អាច​មើល​ឃើញ​ពី​ភាព​ស្រុះ​គ្នា និង​​ស៊ី​ចង្វាក់​​ភ្លេង​។

ក្បាច់​រាំ​ ​ការ​បញ្ចេញ​ទឹក​មុខ​ និង​ជំហាន​​វា​មួយៗ ​​គឺ​ជា​​ភាសា​កាយវិការ​ ដែល​អ្នក​រាំ​បាន​រៀបរាប់​សាច់​រឿង។

គ្រូ​បង្រៀន​រាំ​ដែល​វិវឌ្ឍ​ខ្លួន​ពី​ជំនាញ​ពាណិជ្ជកម្ម​រូប​នេះ បាន​លើក​ទឹក​ចិត្ត​ដល់​​អ្នក​និយម​កុន​បូលីវូដ តែ​​ខ្មាសអៀន​​នឹង​​រាំ​ថា៖ «បើ​អ្នក​​សម្រេច​ចិត្ត​ថា​រៀន​អ្វី​ហើយ​ ចាប់​ផ្ដើម​ធ្វើ​ចលនា​ និង​​បង្ហាញ​សមត្ថភាព​របស់​អ្នក​ឱ្យ​អស់​។ អ្នក​មិន​ចាំបាច់​ទាល់​តែ​មាន​បទពិសោធ​​សម្រាប់​រៀន​វគ្គ​ដំបូង​ទេ​»។

កញ្ញា ព្រីនសេឡា បាន​និយាយ​ថា៖ «ថា​មិន​ត្រូវ​អ្នក​អាច​នឹង​រក​ឃើញ​ចំណូល​​ចិត្ត​ថ្មី​ពេល​បាន​រាំ​បូលីវូដ​។ ប្រាកដ​ណាស់​បូលីវូដ​មាន​ហេតុផល​ដែល​នាំ​ឱ្យ​វា​ល្បីល្បាញ​​ជុំវិញ​ពិភព​លោក​។ ពេល​នេះ​​ដល់​វេន​អ្នក​ស្វែងរក​ភាព​រីករាយ​របស់​វា​ម្ដង​ហើយ​»។

អ្នក​ចាប់​អារម្មណ៍​រាំបូលីវូដ ​ព័ត៌មាន​បន្ថែម​មាន​នៅ​​ទំព័រ​ហ្វេសប៊ុក @princellabollywooddance៕