កណ្ដាល: គោ​សម្បុរ​ខ្លា​ឃ្លោក​ខ្លះ​ពណ៌​ស-ខ្មៅ និង​ខ្លះទៀត​ពណ៌​ត្នោត​លាយ​ស ដែល​សុទ្ធ​សឹង​តែ​ជា​គោ​បរទេស​រាប់រយ​ក្បាល​ឈរ​ពេញ​ក្រោល​បំពាក់​ប្រព័ន្ធ​កង្ហារ​ធំៗ​បក់​ផ្លុំ​ខ្យល់​រក្សា​សីតុណ្ហភាព​ត្រជាក់ ត្រូវ​បាន​ចិញ្ចឹម​យក​ទឹក​ដោះ​នៅ​ក្នុង​ឃុំ​អរិយ​ក្សត្រ ក្បែរ​ទីក្រុង​ភ្នំពេញ​ជិត​បង្កើយ។

ទឹកដោះគោ​ស្រស់ ដែល​ត្រូវបាន​ច្របាច់​ចេញពី​មេគោ​ចំនួន ៣០០ ក្បាល ឆ្លងកាត់​ម៉ាស៊ីន​ត្រជាក់ ៤ អង្សាសេ មុន​នឹង​យក​បញ្ចូល​ក្នុង​ម៉ាស៊ីន​សម្លាប់​មេរោគ​ជាច្រើន​ដំណាក់​កាល​ទម្រាំ​តែ​បាន​ច្រកចូល​ទៅ​ក្នុង​ដប​ជ័រ​រាង​ជ្រុង ស្លាក​យីហោ​កសិដ្ឋាន (MOO MOO FARM) ដោយ​ម្ចាស់​កសិដ្ឋាន​អះ​អាង​ថា វា​មាន​អនាម័យ​ខ្ពស់ និង​រស​ជាតិ​ឆ្ងាញ់​ជាប់​មាត់​ផលិត​តាម​ស្តង់ដារ​អាមេរិក។

លោក KENNY MATTHEWS អាយុ ២៩ ឆ្នាំ​ជនជាតិ​អាមេរិក ដែល​អាច​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ច្បាស់ ប្រាប់​អំពី​អត្ថ​ប្រយោជន៍​ទឹក​ដោះ​គោ​ស្រស់​ថា វា​ពោរ​ពេញ​ទៅ​ដោយ​សារធាតុ​ជំនួយ​ជាច្រើន ដូចជា កាល់​ស្យូម​ធ្វើ​ឲ្យ​ឆ្អឹង​រឹងមាំ ស្បែក​ភ្លឺរ​លោង ផ្ទុក​សារ​ជាតិ​ខ្លាញ់​មិន​ធ្វើ​ឲ្យ​ធាត់​តែ​ផ្ដល់​កម្លាំង និង​វីតាមីន​ជាច្រើន​ទៀត ជាពិសេស​ជួយ​ទប់​ស្កាត់​ដល់​ជំងឺ​មនុស្ស​ចាស់។

​គោ​ ៣០០ ក្បាល​ក្នុង​កសិដ្ឋាន​អរិយក្សត្រ​ជា​ពូជ​គោ​មក​ពី​នូវែលសេឡង់​។ហុង មិនា

ដោយមាន​ទីតាំង​នៅក្នុង​ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល ជាប់​ព្រំ​ប្រទល់​រាជ​ធានី​ភ្នំពេញ លោក KENNY MATTHEWS ជា​អ្នក​គ្រប់គ្រង​កសិដ្ឋាន ប្រាប់​អំពី​គោល​បំណង​ដែល​ធ្វើ​អាជីវកម្ម​យក​ទឹក​ដោះគោ​ស្រស់​នៅ​កម្ពុជា​ថា៖ «ខ្ញុំ​ចង់​ជួយ​ឲ្យ​ប្រជាជន​ខ្មែរ​មាន​ទឹក​ដោះ​គោ​ស្រស់​ហូប ដែល​ផលិត​នៅ​ក្នុង​ស្រុក និង​មាន​គុណភាព​ស្មើ​នឹង​ស្រុក​ខ្ញុំ [សហរដ្ឋ​អាមេរិក]»។

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​គោ និង​ទឹកដោះគោ​ស្រស់ ម៉ូ​ម៉ូ​ហ្វា​ម វ័យ ២៩ ឆ្នាំ រូបនេះ បាន​បន្ដថា៖ «ដោយ​សារ​តែ​ខ្ញុំ​ចាប់​អារម្មណ៍​ទៅ​លើ​ស្រុក​ខ្មែរ ខ្ញុំ​បាន​គិត​នូវ​អ្វី​ដែល​ខ្ញុំ​អាច​ជួយ​ប្រជាជន​ខ្មែរ​យូរ​អង្វែង»។

លោក KENNY បន្ថែមថា៖ «ខ្ញុំ​ចាប់អារម្មណ៍​ទៅលើ​ទឹកដោះគោ ខ្ញុំ​ឃើញថា នៅ​ក្នុង​ស្រុក​ខ្មែរ​មាន​ទឹក​ដោះ​គោ​ស្រស់​ច្រើន​ហើយ តែ​សុទ្ធ​ជា​ផលិតផល​ក្រៅ​ស្រុក មិន​ទាន់​មាន​ផលិត​ក្នុង​ស្រុក​ដែលមា​ន​គុណភាព​ដូច​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ទេ»។

ម៉ូ​ម៉ូ​ហ្វា​ម បាន​អភិវឌ្ឍ​ខ្លួន​ចាប់ពី​មេគោ​ចំនួន ១៥ ក្បាល​ដល់ ៣០០ ក្បាល ដែល​មេគោ​ទាំង​អស់​នាំ​ចូល​ពី​ប្រទេស​នូវែល​សេឡង់។ នៅ​ដើម​ឆ្នាំ ២០១៩ ក្នុង​ខែ​កុម្ភៈ ខាង​មុខ​នេះ លោក KENNY MATTHEWS បាន​បង្ហើប​ប្រាប់​ថា កសិដ្ឋាន​របស់​លោក​នឹង​បន្ថែម​មេគោ​ចំនួន ១០០០ ក្បាល​ទៀត។

ទិដ្ឋភាព​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹក​ដោះ​នៅ​អរិយក្សត្រ​​។ ហុង មិនា

លោក KENNY បាន​រៀបរាប់​ប្រាប់​អំពី​ប្រជាប្រិយភាព​ទឹកដោះ​គោ​ស្រស់​របស់ខ្លួន​ថា ម៉ូម៉ូហ្វាម មាន​លក់​នៅ​លើ​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ ចំនួន ៧០ កន្លែង និង​មាន​ការ​កុម្ម៉ង់​តាមរយៈ​ទូរស័ព្ទ និង​ទំព័រ​ហ្វេសប៊ុក (MOO MOO-FARM) ដោយ​ដឹក​ជញ្ជូន​ដល់ទី​កន្លែង​ចាប់​ពី ២ កំប៉ុង​ឡើង ក្នុង​មួយ​កំប៉ុង​ចំណុះ ២ លីត្រ តម្លៃ ៤ ដុល្លារ អាច​ទុក​នៅ​ក្នុង​ទូ​ទឹកកក​បាន​រយៈពេល ៧ ថ្ងៃ។

លោក KENNY បញ្ជាក់ថា៖ «ទឹកដោះគោ​យើង​មាន​លក្ខណៈ​ប្លែក​ពី​ទឹកដោះគោ​ផ្សេង។ បើសិន​ជា​យើង​ទុក​ទឹក​ដោះ​គោ​នៅ​ក្នុង​ទូ​ទឹកកក​សីតុណ្ហភាព​កម្រិត ៤ អង្សាសេ វា​អាច​រក្សា​គុណភាព​រហូត​ដល់ ១២ ថ្ងៃ តែ​បើ​លើស​ពី ៧ អង្សាសេ​ឡើង​ទៅ​អាច​រក្សា​បាន​តែ ៧ ថ្ងៃ»។

ម្ចាស់​កសិដ្ឋាន​ជា​ជនជាតិ អាមេរិក​រូបនេះ បាន​ផ្តាំផ្ញើ​ដល់​ប្រជាជន​កម្ពុជា​ថា៖ «សូម​ជួយ​គាំទ្រ​ចំពោះ​ផលិត​ផល​នៅ​ក្នុង​ស្រុក​ទាំង​អស់​គ្នា ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ ម៉ូម៉ូ​ហ្វាម​មាន​ចែក​ចាយ​ត្រឹម​តែ​នៅ​ភ្នំពេញ។ ប៉ុន្តែ​នៅ​ដើម​ឆ្នាំ ២០១៩ នេះ នឹង​មាន​យក​ទៅ​លក់​នៅ​ខេត្ត​សៀមរាប និង​បន្ត​លក់​គ្រប់​ខេត្ត​ក្រុង​ទូទៅ​ប្រទេស»៕