ភ្នំពេញៈ មហាជន​មួយ​ចំនួន​ប្រហែល​នៅ​ចាំ​វត្តមាន​បេក្ខនារី​ជា​ស្ត្រី​បរទេស​ម្នាក់​បាន​ចូល​ប្រកួតប្រជែង​នៅក្នុង​វិធី​ប្រឡង​សមត្ថភាព​លំដាប់​ពិភពលោក​របស់​ទូរទស្សន៍​ហង្សមាស Cambodia Got''s Talent រដូវកាល​ទី​ ២ គឺ​កញ្ញា លីនដា តែ​ពុំទាន់​ដឹង​ពី​ប្រវត្តិ​ថា​យ៉ាង​ណា​ឡើយ ដោយ​ការពិត​នាង​គឺ​អ្នករបាំ​ក្បាលពោះ និង​ជា​គ្រូបង្រៀន​របាំ​នេះ​ផង​ដែរ​នៅក្នុង​រាជធានី-ភ្នំពេញ​។

មិន​ត្រឹម​តែ​កញ្ញា លីនដា គឺជា​សិល្បការិនី​បាន​សម្តែង និង​កំពុង​តែ​ឆក់​បាន​ឱកាស​ថត​កូន​ភាគ​ខ្មែរ​មួយ​ចំនួន​ទៀត​ផង​ដូចជា​រឿង «​ពន្លក​ស្នេហ៍​រីក​លើ​ដី​កម្ពុជា​» ជា​ផលិតកម្ម​ខ្មែរ-ចិន ដែល​ដើរតួ​ជាមួយ​នឹង​តារាសម្តែង​ស្រី​ខ្មែរ​កញ្ញា ផាន់ ផាត់ណា និង​តួឯក​ប្រុស​ជា​តារា​ចិន​នោះ​។

កញ្ញា លីនដា ស្ត្រី​ជា​អ្នករបាំ​ក្បាលពោះ​ (Belly Dance) កូនកាត់​អេហ្ស៊ីប និង​ឆែក​។ រូបថត សហការី

កញ្ញា លីនដា ដែល​មាន​ឈ្មោះ​ពិត​ថា លីនដា អាសាអាប់ដាលា (Linda Asha Abdalla) គឺជា​អ្នករបាំ​ក្បាលពោះ​កូនកាត់​អេហ្ស៊ីប-ឆែក​បាន​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈពេល​ ៧ ​ឆ្នាំ​ហើយ និង​បាន​រៀន​ភាសា​ខ្មែរ​នៅ​វិទ្យាស្ថាន​ភាសាបរទេស​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដោយ​មាន​សមត្ថភាព​អាច​សរសេរ អាន និង​ចេះ​និយាយ​ប្រហាក់ប្រហែល​នឹង​ម្ចាស់​ស្រុក និង​ក្រៅពី​នេះ​កញ្ញា​ក៏​ចេះ​និយាយ​ភាសា​ចិន​បាន​ទៀត​ផងដែរ​។ ពេលបច្ចុប្បន្ន​កញ្ញា លីនដា ជា​សិល្បការិនី​របាំ​ក្បាលពោះ​ផង និង​ជា​គ្រូបង្ហាត់​របាំ​នេះ​ផង ថែម​ទាំង​ជា​តារា​សម្តែង​ស្រី​ឲ្យ​ផលិតកម្ម​ខ្មែរ -ចិន​ទៀត​ផង​។

កញ្ញា លីនដា ក៏​បាន​រៀបរាប់​ពី​ប្រវត្តិ​នៃ​របាំ​ក្បាលពោះ​ថា​៖ «​របាំ​នេះ​មាន​ប្រភព​មកពី​ប្រទេស​អាស៊ី​កណ្ដាល​ខាង​កើត និង​កើតឡើង​ប្រហែល ៥ ០០០ ឆ្នាំ​ហើយ​។ ខណៈ​វា​ត្រូវ​គេ​ហៅថា «​របាំ​ក្បាលពោះ​»​។ សព្វ​ថ្ងៃនេះ​វា​គឺជា​រំលាយ​ចូលគ្នា​នូវ​ការ​រាំ​បែប​បុរាណ​មកពី​ប្រទេស​អេហ្ស៊ីប ស៊ីរី តួកគី អារ៉ាប៊ីសាអ៊ូឌីត អាហ្វ្រិក​ខាងជើង និង​ក្បាច់​រាំ​មកពី​ខាង​អាស៊ី​កណ្ដាល​ភាគ​ខាងកើត​។ របាំ​នេះ​ត្រូវការ​ចំណាយពេល​ច្រើន​ឆ្នាំ​ក្នុង​ការក្លាយ​ខ្លួន​ជា​អ្នក​របាំ​ជំនាញ​បាន និង​ត្រូវខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ដូច​គ្នា​ទៅ​នឹង​របាំ​បាឡេ ឬ របាំ​ដទៃ​ទៀត​ដែរ​»​។

កញ្ញា លីនដា បន្ត​ថា​៖ «​ចំពោះ​អត្ថប្រយោជន៍​នៃ​របាំ​ក្បាលពោះ​មាន​ដូចជា សម្រួល​សរសៃឈាម​ជាតិ​ខ្លាញ់​ធ្វើឲ្យ​មាន​សុខភាព​ល្អ​សម្រួល​នូវ​អារម្មណ៍​តានតឹង និង​ល្អ​ចំពោះ​ស្ត្រី​មុន​មាន​ផ្ទៃពោះ វា​ងាយស្រួល​ក្នុង​ការសម្រាល​កូន​ទៀតផង​។ របាំ​រាំ​នេះ​វា​ស័ក្តិសម​សម្រាប់​មនុស្ស​គ្រប់រូប និង​គ្រប់​វ័យ​។

កញ្ញា​ក៏​បាន​ឲ្យ​ដឹងថា របាំ​ក្បាលពោះ​មាន​វត្តមាន​នៅ​គ្រប់​កម្មវិធី​ធំៗ​ដូចជា ពិធី​ជប់លៀង​ប្រចាំ​ឆ្នាំ ពិធី​សម្ពោធ​ហាង ឬ​ក្រុមហ៊ុន ពិធី​រៀបការ និង​ពិធី​ច្រើន​ទៀត​៕