ភ្នំពេញៈ ធ្លាប់តែ​ឃើញ​វត្តមាន​ជា​ស្នាដៃ​សិល្បៈ​បុរាណ​ម្យ៉ាង​ដែល​ខ្មែរ​និយម​ហៅថា «​សិល្បៈ​ខ្មុក​ស្មាច់​» រួមមាន​រំលេច​តាមរយៈ​កងដៃ កងជើង មកុដ ខ្សែក្រវាត់ ខ្សែឆៀង និង​ក្បាច់​ដេរប៉ាក់​ដ៏ប្រណីត​សម្រាប់​ទ្រង់​ជា​គ្រឿង​ប្រដាប់​ពាក់​ជាមួយ​នឹង​ឈុត​នៃ​សម្លៀកបំពាក់​របាំ​បុរាណ​ខ្មែរ តែ​មិនទាន់​បាន​ស្គាល់​គ្រួសារ​ជំនាញ​សិល្បៈ​នេះ​ឡើយ​ដោយ​មាន​ប្រវត្តិ​បន្ត ២ ជំនាន់​មក​ហើយ ដែល​កំពុង​តែ​ល្បី​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ទៀត​ផង​។

ស្ត្រី​ខ្មែរ​ដែល​បាន​ចាប់​នូវ​ជំនាញ​ជា​ជាង​ខ្មុក​ស្មាច់​ជាង ២ ​ទសវត្សរ៍ អ្នកស្រី គុម សុគន្ធា បាន​ប្រាប់​ពី​ប្រវត្តិ​នៃ​ការចាប់​អាជីព​ជា​ជាង​ខ្មុក​ស្មាច់ មាន​លក្ខណៈ​ជា​មុខរបរ​តជំនាន់​នៃ​គ្រួសារ​នេះ​ដែរ​ថា​៖ «​បើ​និយាយ​ពី​ការប្រកបរបរ​ជា​ជាង​ខ្មុក​ស្មាច់​នេះ​គឺ​គ្រួសារ​នាង​ខ្ញុំ​បាន​បន្ត​តាំងពី​ជំនាន់​លោកឪពុក​មកម្ល៉េះ​ដោយ​គាត់​មាន​ឈ្មោះ អន សុខ ដែល​អតីត​គឺជា​គ្រូបង្រៀន​ជំនាញ​សិល្បៈ​សូន​រូប​ផ្នែក​ជំនាញ​ខ្មុកស្មាច់​នេះ ហើយ​លោក​ក៏​មាន​ជំនាញ​បន្ថែម​ខាង​ដេរប៉ាក់​សម្រាប់​សម្លៀកបំពាក់​នៃ​របាំ​បុរាណ និង​ល្ខោនបាសាក់​ក៏​ដូចជា​ការដេរប៉ាក់​ស័ក្តិ​នៃ​សម្លៀកបំពាក់​សម្រាប់​មន្ត្រី​រាជការ​របស់​ខ្មែរ​យើង​ផង​ដែរ​។

ក្រោយពី​លោក​ពុក​គាត់​បាន​ចែកឋាន​ទៅ​នាង​ខ្ញុំ និង​គ្រួសារ​ក៏​បាន​បន្ត​ជំនាញ​នេះ​រហូត​មក​ដល់​សព្វថ្ងៃ​។ សម្រាប់​ការប្រកប​មុខរបរ​ជា​ជាង​ខ្មុក​ស្មាច់ និង​ដេរ​ប៉ាក​នេះ​គឺ​យើង​បាន​ចាប់ផ្តើម​ប្រកប​តាំងពី ១៩៩០-៩១ មក​»​។

ស្នាដៃ​គ្រឿង​ដេរ​ប៉ាក់​សិល្បៈ​បុរាណ​ពី​គ្រួសារ​អ្នកស្រី សុគន្ធា​។ រូប Koiv Sokunnthea

ស្ត្រី​ខ្មែរ​វ័យ​ជាង ៥០ ​ឆ្នាំ​ដែល​បាន​បញ្ចប់​ការសិក្សា​ជំនាញ​សិល្បៈ​សូនរូប​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ និង​បាន​ចាប់​ប្រកប​អាជីព​ជាជាង​ខ្មុក​ស្មាច់ និង​ដេរប៉ាក់​លំដាប់ ជម្រើស​ស្នាដៃ​ប្រចាំ​ប្រទេស អ្នកស្រី គុម សុគន្ធា បន្តថា​៖ «​ពោល​ពួកយើង​បាន​ចាប់​ដំណើរការ​ប្រកបរបរ​នេះ​ត​ពី​លោកឪពុក ដែល​មាន​ជំនាញ​ជា​ជាង​ខ្មុក​ស្មាច់ និង​ដេរ​ប៉ាក់​នោះ​តាំងពី​គាត់​បាន​ចែក​ឋាន​មក​ម្ល៉េះ​។ ចំពោះ​ស្នាដៃ​សិល្បៈ​ប្រភេទ​នេះ​គឺ​សឹងតែ​ទាំងអស់​ចេញ​ពី​ការផលិត​ដោយ​គ្រួសារ​របស់​យើង គ្រាន់តែ​យើង​មិន​ដែល​ធ្លាប់​បាន​ផ្សព្វផ្សាយ​ពី​មុន​មក ហើយ​សម្រាប់​ទស្សនៈ​ខ្ញុំ​ផ្ទាល់ ក៏​មិន​ចង់​ផ្សាយ​ដែរ ដោយសារ​តែ​ខ្លាច​មាន​លេចឮ​ពាក្យពេចន៍​ថា យើង​ចង់​ល្បី​នោះ​ឯង​ហើយ​សព្វ​ថ្ងៃនេះ​ក៏​អ្នក​មាន​ស្គាល់​ពី​ស្នាដៃ​សិល្បៈ​ខ្មុក​ស្មាច់ និង​ដេរប៉ាក់​របស់​គ្រួសារ​យើង​ច្រើន​ជាង​មុន ក៏ដោយសារ​តែ​មាន​បងប្អូន​ខ្លះ​បាន​មក​ដល់​កន្លែង​យើង ហើយ​បាន​ថតរូប និង​យក​ទៅ​ផ្សាយ​តាម​ហ្វេសប៊ុក​ក៏​ធ្វើឲ្យ​គេ​ស្គាល់​ច្រើន​តៗ​គ្នា​តែ​ម្តង​»​។

ទោះបី​ជា​មិន​មាន​ការរអ៊ូ​ថា ការប្រកបរបរ​ជា​ជាង​ខ្មុក​ស្មាច់ និង​ដេរប៉ាក់​មាន​លក្ខណៈ​តជំនាន់​នៃ​គ្រួសារ​នេះ មាន​ផល​លំបាក​ដល់​ការចិញ្ចឹម​គ្រួសារ​មែន​ក្តី តែ​សម្រាប់​ជំនាន់​ក្រោយ​ដែល​ត្រូវ​ជា​កូនៗ​របស់​អ្នកស្រី​ហាក់​ដូចជា​ពុំទាន់​មាន​អ្នកណា​ចាប់​អារម្មណ៍​លើ​ជំនាញ​នេះ​នៅ​ឡើយ​។ ចំពោះ​ការធ្វើ​គ្រឿង​សម្ភារ​ខ្មុក​ស្មាច់​គ្រប់​សណ្ឋាន​ទាំងនោះ ក៏​មិនមែន​ជា​កិច្ចការងារ​ដែល​មាន​ភាព​ងាយស្រួល​ប៉ុន្មាន​ទេ​ហើយ​ក៏​មាន​របស់​ខ្លះ​ត្រូវ​ប្រើ​ពេលវេលា​យូរ​រហូត​ដល់​រាប់​ខែ​ទៀត​ផង ខណៈ​តម្លៃ​វិញ​គឺ​អាស្រ័យ​ទៅ​លើ​ទំហំ និង​ទ្រង់ទ្រាយ​របស់​វា​ដែរ​គឺ​មាន​តម្លៃ​ចន្លោះ​ពី​ទាប​បំផុត ២០០ ​ដុល្លារ​ទៅ​ដល់​ខ្ពស់​បំផុត​រាប់ពាន់​ដុល្លារ​។

ប្រសិន​បើ​ចង់​កុម្ម៉ង់ ឬ​ដឹង​ពី​តម្លៃ​នៃ​សម្ភារ​ណា​មួយ​ដែល​ខ្លួន​ស្រឡាញ់​នោះ អាច​ទំនាក់ទំនង​សួរ​តាម​ទូរស័ព្ទ​លេខ ០១២ ៤៥៤ ៣៥២ / ០១៧ ២២៥ ០២៦/ ០១៦ ៦៦៦៦ ៥០ ឬ​តាម​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ​ថា Koiv Sokuntea ៕