ភ្នំពេញ: បើ​អ្នក​ប្រាថ្នា​ជម្នះ​ភាពកំសាកញី​ចំពោះ​ទីទួល​ខ្ពស់ ហើយ​មិន​ខ្លាច​នឹង​ប្រើ​ក្រ​ញ៉ាំ​ម្រាម​ដៃ​តោង​ឡើង អ៊ីចឹង​កីឡា​ឡើង​ជញ្ជាំង​ប្រាកដ​ជា​ស័ក្ដិសម​ចំពោះ​អ្នក​ចូល​ចិត្ដ​ហាត់​ប្រាណ ចម្រើន​សុខភាព​រាង​កាយ និង​កម្ចាត់​ការ​ភ័យ​ខ្លាច។

ក្រោយពី​បើក​វគ្គ​បណ្ដុះបណ្ដាល និង​សេវាកម្ម​ប្រភេទ​កីឡា​ឡើង​ជញ្ជាំង​ក្នុង​អគារ ស្ថិត​នៅ​ក្បែរ​ផ្សារ​ទួល​ទំពូង តាំង​ពី​ឆ្នាំ ២០១៥ Phnom Penh Climb Community Gym PhnomPenhClimb បាន​បើក​វគ្គ​សិក្សា​សម្រាប់ អ្នក​ថ្មី​ថ្មោង​បំផុត​ចាប់​ពី​ចុង​ខែ​កញ្ញា រហូត​ដល់​ពាក់​កណ្ដាល​ខែ​តុលា។

ក្រៅពី​សុខុមាលភាព​នៃ​ការហាត់​កីឡា​ទូទៅ ការឡើង​ជញ្ជាំង ត្រូវបាន​គ្រូបង្រៀន​បន្ថែម​ពី​សមត្ថភាព​អង់​អាច​មិន​ខ្លាច​ខ្ពស់ និង​ចេះ​បត់​បែន​ទៅ​តាម​ស្ថានភាព​ឧបសគ្គ​ជាក់​ស្ដែង។

លោក សរ សីហា អាយុ ២១ ឆ្នាំ ជា​គ្រូបង្វឹក​នៅ Phnom Penh Climb រយៈពេល ៣ ឆ្នាំ បាន​និយាយ​ប្រាប់​ថា៖ «ទី១ វា​មាន​អត្ថ​ប្រយោជន៍​ដូច​កីឡា​ទូទៅ​ដែរ​គឺ​សុខភាព។ ទី ២ យើង​បង្កើន​សមត្ថភាព​កុំ​ឲ្យ​ខ្លាច​ទី​ខ្ពស់ និង​មាន​ភាព​វៃឆ្លាត ពី​ព្រោះ​វា​ទាមទារ​ឲ្យ​អ្នក​ឡើង​ត្រូវ​គិត​ច្រើន​ដើម្បី​ពុះពារ​ឧបសគ្គ​នីមួយៗ មុន​ពេល​ឈាន​សម្រេច​គោល​ដៅ»។

ឆ្លើយតប​ចំពោះ​ក្ដីកង្វល់​របស់​អ្នកថ្មី​បំផុត លោក​ឲ្យ​ដឹងថា អ្នក​អត់​ចេះ​សោះ​ក៏​អាច​រៀន​ឡើង​បាន​ដែរ ពី​ព្រោះ​ស្ថានភាព​ជញ្ជាំង មាន ៣ ប្រភេទ គឺ​កន្លែង​ងាយ​ស្រួល មធ្យម និង​លំបាក ដែល​មាន​កម្ពស់​ពី ៤ ទៅ ១០ ម៉ែត្រ។

សកម្មភាព​ឡើង​ជញ្ជាំង​ជួយ​សំខាន់​ដល់​សរីរាង្គ​សាច់ដុំ​​។ Phnom Penh Climb

ដោយ​មិនចាំបាច់​តម្រូវ​ឲ្យ​អ្នកលេង​កីឡា​ហ្វឹកហាត់​សកម្ម​ណាស់ណា​មុននឹង​ផ្ដើម​ស្រវា​តោង​ពក​ជញ្ជាំង លោក សីហា បាន​បន្ដ​ថា៖ «ជា​ទូទៅ ចំពោះ​ជញ្ជាំង​ទាប មុន​ពេល​ឡើង យើង​មាន​គ្រូ​ម្នាក់ គាត់​ប្រាប់​យើង​មួយ​ភ្លែត ពួក​គាត់​អាច​ឡើង​ដោយ​ខ្លួន​ឯង និង​ចេះ​គិត​ពី​ការ​ប្រើ​ជំហាន និង​ដៃ​តោង​ឡើង​ខ្លួន​ឯង មុន​ពេល​សួរ​គ្រូ​បន្ថែម»។

លោក​បាន​បន្ថែមថា៖ «ប៉ុន្ដែ​ចំពោះ​ជញ្ជាំង​ខ្ពស់ យើង​ត្រូវ​រៀន​ប្រហែល ជា ១ ម៉ោង​សិន មុន​ចាប់​ផ្ដើម​ឡើង​ជញ្ជាំង។ ឧទាហរណ៍​ថា ខ្ញុំ​ជា​អ្នក​ឡើង​ដំបូង តែ​ខ្ញុំ​មាន​សមត្ថភាព​ខ្លាំង ពេល​ឡើង​ជញ្ជាំង​ទាប​ហើយ ខ្ញុំ​ចង់​ឡើង​ជញ្ជាំង​ខ្ពស់​ទៀត។ អ៊ីចឹង គាត់​អាច​រៀន​រយៈពេល ១ ម៉ោង ទើប​គាត់​អាច​បន្ដ​ឡើង​អា​ខ្ពស់»។

ជា​គ្រូបង្វឹក​រយៈពេល ៣ ឆ្នាំ នៅ Phnom Penh Climb រូបនេះ បាន​ប្រាប់​អំពី​អត្ថប្រយោជន៍​សុខភាព​ថា វា​ជួយ​សំខាន់​ទៅ​លើ​សរីរាង្គ​សាច់​ដុំ​ចាប់​ពី​ចង្កេះ​ឡើង​លើ ជា​ពិសេស ដៃ​ចង្កេះ និង​ដើម​ទ្រូង។

Phnom Penh Climb មានតម្លៃ ១៤០០០ រៀល សម្រាប់​ភ្ញៀវ​ដំបូង ជា​ខ្មែរ​ក្នុង​រយៈពេល ១ ថ្ងៃ បន្ថែម ១ ម៉ឺន​រៀល សម្រាប់​ការ​បង្ហាត់​បង្រៀន​ពី​គ្រូ​ជំនាញ​នៅ​រៀង​រាល់​ថ្ងៃ​ពុធ។ ចំពោះ​វគ្គ​បណ្ដុះ​បណ្ដាល​ជញ្ជាំង​ទាប ១ វគ្គ​មាន​ចំនួន ៦ នាក់ និង ១២ នាក់ សម្រាប់​ថ្នាក់​ជញ្ជាំង​ខ្ពស់ ខណៈ​វគ្គ​សម្រាប់​បរទេស​មាន ៨ នាក់។

Phnom Penh Climb ស្ថិតនៅ​ផ្ទះ​លេខ ១១ បេ ផ្លូវ ២៩ ជិត​ផ្សារ​ទួល​ទំពូង រាជធានី​ភ្នំពេញ៕