ភ្នំពេញ៖ នៅ​ក្នុង​បន្ទប់​ឌីជេ យុវជន​ឌីជេ​ម្នាក់​ដែល​គ្រង​ឈុត​ខ្មៅ​កំពុង​តែ​បញ្ជា​ឧបករណ៍​ចាក់​ភ្លេង​ និង​កុំព្យូទ័រ​ ខណៈ​ពិធីករ​ម្នាក់​ទៀត​បន្លឺ​សំឡេង​ស្វាគមន៍​ទស្សនិកជន​ពី​លើ​តន្ដ្រី​ហ៊ីបហប​កន្ដ្រាក់​អារម្មណ៍​។

ទស្សនិកជន​ដែល​ពិធីករ​ចង់​សំដៅ​ខាង​លើ​នេះ​មាន​លក្ខណៈ​ខុស​គ្នា​ពី​អ្នក​កម្សាន្ដ​ក្នុង​បន្ទប់​ក្លិប​រំលេច​ភ្លើង​ពណ៌​គួរ​ឲ្យ​ចង់​រាំ​ញ័រញាក់​។ ពួក​គេ​ជា​អ្នក​ទស្សនា​វីដេអូ​ផ្សាយ​តាម​ហ្វេសប៊ុក​នៅ​​​គេហដ្ឋាន​រៀងៗ​ខ្លួន​។

ឌីជេ​ចាប់​ផ្ដើម​ដំឡើង​សំឡេង​តន្ដ្រី​ និង​អញ្ជើញ​ប្រិយមិត្ដ​ដែល​កំពុង​តែ​មាន​​អារម្មណ៍​ធុញ​ថប់​នៅ​ផ្ទះ​ឡើង​រាំ​តាម​ចង្វាក់​ភ្លេង​រន្ថាន់​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​ច្រើន ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​នៃ​ជំងឺ​កូវីដ ​១៩ រួម​ទាំង​ការ​បិទ​ក្លិប​កម្សាន្ដ​ជាដើម​។

ដូច្នេះ ដើម្បី​រក្សា​ទំនាក់​ទំនង ក្លិប​រាត្រី​មួយ​ចំនួន​ចាប់​ផ្ដើម​ឲ្យ​ឌីជេ​របស់​ខ្លួន​ផ្ដល់​ការ​កម្សាន្ដ​តាម​អនឡាញ​។ សម្រាប់​ឱកាស​នេះ ឌីជេ​បាន​ស្វាគមន៍​​ប្រិយ​មិត្ដ​ តាមរយៈ​ការ​បង្ហោះ​វីដេអូ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​។

ក្នុង​វីដេអូ​ខ្លះ ដែល​ទំនង​ជា​ថត​នៅ​ក្រៅ​ក្លិប​ ឌីជេ កំពុង​តែ​សម្ដែង​ក្នុង​បន្ទប់​បញ្ចាំង​ផ្ទាំង​សំពត់​ស​ខាង​ក្រោយ​ ជាមួយ​ឧបករណ៍​តន្ដ្រី​ឌីជេ​ចាំ​បាច់​មួយ​ចំនួន​។

វីដេអូ​បង្ហោះ​ផ្សាយ​​លើ​ហ្វេសប៊ុក​ចំនួន ៤៦ នាទី​កាល​ពី​ថ្ងៃទី ៤ ខែ​មេសា វេលា​ម៉ោង​ជាង ១០:៣០ យប់​ បាន​ទាក់ទាញ​អ្នក​ទស្សនា​ជាង ១ ម៉ឺន​ដង ការ​ចែក​រំលែង​ជាង ២៥០ ដង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។

​ឌីជេ​តាម​ក្លិប​រាត្រី​ក្នុង​រាជធានី​ភ្នំពេញ​ប្រើ​ប្រាស់​បន្ទប់​ស្ទូឌីយូ៉ជា​កន្លែង​ចាក​់​ភ្លេង​ឌីស្កូ​តាម​អនឡាញ។ រូបថត សហ​ការី

ខណៈ​ឌីជេ Jay Bee បន្ថយ​សំឡេង​​តន្ដ្រី​បន្ដិច ពិធីករ​ Kodak-Y បាន​និយាយ​ស្វាគមន៍​ប្រិយមិត្ដ​ថា៖ «​​សូម​ស្វាគមន៍​សម្រាប់​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ ​ចំពោះ​ការ live-stream របស់ Pontoon Club»។

លោក​បង្អង់​មួយ​ភ្លែត​ដើម្បី​ឲ្យ​អ្នក​ទស្សនា​បាន​បន្ដ​ស្ដាប់​ភ្លេង​មួយ​សន្ទុះ និង​មាន​ឱកាស​បាន​រាំ​តាម​ចង្វាក់​ភ្លេង​កំពុង​រន្ថាន់​ មុន​ពេល​បន្ដ​ស្វាគមន៍​ទៀត​ថា៖ «ផ្ញើ​ជូន​សុភាព​នារី​ចង្កេះ​ទន់​ទាំង​អស់​គ្នា។ តោះ​រាំ​គ្រលែង​ចង្កេះ​មួយៗ​តាម​ចង្វាក់​ភ្លេង​ ពេល​ stay at home»។

មាន​សំណេរ​ជា​ច្រើន​នៅ​លើ​ហ្វេសប៊ុក ដោយ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ខ្លះ​សរសេរ​ថា «​ចូលចិត្ដ​បទ​នេះ» «រាំ​ជាមួយ​ខ្ញុំ​» «​ល្អ​ណាស់​» និង​ «​នឹក​» ជា​ដើម​។ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់ Parmjy Pjy បាន​សរសេរ​ថា​៖ «​វាជា​ពិធី​បុណ្យ​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​»។

ក្លិប​កម្សាន្ដ​ល្បី​មួយ​ទៀត​ក្នុង​ក្រុង​ភ្នំពេញ Epic Club កំពុង​តែ​ផ្ដល់​ការ​កម្សាន្ដ​តាម​អនឡាញ​ដល់​ប្រិយ​មិត្ដ​ ដែល​​នឹក​តន្ដ្រី​ឌីជេ​។ ក្រោម​សំណេរ​លើ​​វីដេអូ «​STAY HOME» ឬ «​នៅ​ផ្ទះ» វីដេអូ​នេះ​ទាក់ទាញ​អ្នក​ទស្សនា​ជាង ២ ម៉ឺន​ដង និង​ចែក​រំលែក​ជិត ៥០០ ដង​លើ​ហ្វេសប៊ុក​។

​ឌីជេ​កំពុង​ញាប់ដៃ​ក្នុង​ការ​មិក្ស​ភ្លេង ខណៈ​ពិធីករ​រន្ថាន់​អញ្ជើញ​អ្នក​ទស្សនា​តាម​ហ្វេសប៊ុក​ឡើង​រាំ​រៀង​ៗ​ខ្លួន​នៅផ្ទះ​។ រូបថត សហ​ការី

ក្លិប​កម្សាន្ដ​អនឡាញ​មិន​ត្រឹម​តែ​អាច​​បំពេ​អារម្មណ៍​ប្រិយមិត្ដ​​​​តាម​ផ្ទះ​នោះ​​​ទេ ប៉ុន្ដែ​អាច​ផ្ដល់​បទពិសោធ​សម្រាប់​អ្នក​អត់​ធ្លាប់​ចូល​ក្លិប​រាត្រី​ផង​ដែរ​។

អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ឈ្មោះ​ Kem Vuthara បាន​សរសេរ​ថា​៖ «​ពេល​នេះ​​​ខ្ញុំ​បាន​ស្គាល់​ក្លិប​រាត្រី​ដូច​អ្នក​ដទៃ​ហើយ​។ អរគុណ​កូរ៉ូណា​ ដែល​ឲ្យ​ខ្ញុំ​បាន​ស្គាល់​អ្វី​ទៅ​ជា​ក្លិប​រាត្រី​នោះ​»។

ទោះ​គោល​បំណង​ក្លិប​អនឡាញ ​គឺ​ផ្ដល់​ការ​កម្សាន្ដ​ដល់​ប្រិយ​មិត្ដ​ដែល​នឹក​​​ក្លិប​រាត្រី​ និង​ចង់​រក្សា​ទំនាក់​ទំនង​រវាង​ក្លិប និង​អតិថិជន​ ពួក​គេ​ក៏​មិន​ភ្លេច​រំឭក​អ្នក​ទស្សនា​វីដេអូ​ឲ្យ​ចេះ​ថែរក្សា​អនាម័យ​ និង​ស្នាក់នៅ​ក្នុង​ផ្ទះ ​ដើម្បី​កាត់​​បន្ថយ​ហានិភ័យ​ពី​ជំងឺ​កូវីដ​-១៩​។

ពិធីករ Kodak-Y បាន​និយាយ​អម​ដោយ​តន្ដ្រី​ថា​៖ «​កុំភ្លេច​ថែ​រក្សា​សុខភាព​ទាំង​អស់​គ្នា​។ សុំ​លាង​ដៃ​ជាមួយ​សាប៊ូ និង​ទឹក​ ឬ​ជែល ​ដើម្បី​កម្ចាត់​វីរុស​។ នៅ​ផ្ទះ​! នៅ​ផ្ទះ​!»។

នៅ​លើ​ហ្វេសប៊ុក​របស់ Pontoon បាន​សរសេរ​ថា​៖ «​ឌីជេ​របស់​យើង​នៅ​ទី​នេះ និង​ត្រៀម​ខ្លួន​ជា​ស្រេច​ចំពោះ​ការ​ផ្សាយ​វីដេអូ​នូវ​ចង្វាក់​ភ្លេង​ពេញ​និយម​ដល់​អ្នក​នៅ​ផ្ទះ។ ដូច្នេះ លោក​អ្នក​អាច​បន្ដ​រីករាយ​ជាមួយ​យើង​ ខណៈ​​ចៀស​ផុត​ពី​ហានិភ័យ​ខាង​ក្រៅ​»​។

លោក វណ្ណនី មក​ពី Epic Club ដែល​សុំ​បញ្ចេញ​ត្រឹម​នាម​ខ្លួន ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា៖ «​ការ​ផ្សាយ​តន្ដ្រី​ឌីជេ​តាម​អនឡាញ​មាន​បំណង​រក្សា​ទំនាក់​ទំនង​ជាមួយ​អតិថិជន​ដែល​នៅ​ផ្ទះ​ និង​ផ្ដល់​ការ​កម្សាន្ដ​ដល់​ពួក​គេ​។ យើង​ថត​វីដេអូ​ទុក រួច​ចាក់​ផ្សាយ​ផ្ទាល់​លើ​ហ្វេសប៊ុក​ចន្លោះ​ម៉ោង ៩ ទៅ​ម៉ោង ១០ យប់​ ២ ដង​ក្នុង​​សប្ដាហ៍​»។

លោក សុខ វណ្ណា ប្រធាន​នាយកដ្ឋាន​​គ្រប់គ្រង​សេវា​កម្សាន្ដ និង​កីឡា​ទេសចរណ៍ បាន​និយាយ​ថា ឌីជេ​មិន​អាច​ប្រើប្រាស់​ក្លិប​កម្សាន្ដ​ផលិត​វីដេអូ​ ឬ​ផ្សាយ​ផ្ទាល់​តាម​បណ្ដាញ​សង្គម​បាន​ទេ ពី​ព្រោះ​វា​ខុស​ច្បាប់​។

លោក​បន្ដ​ថា​៖ «​ប៉ុន្ដែ​បើ​ពួក​គេ​ប្រើប្រាស់​ទីតាំង​ផ្សេង ដូចជា បន្ទប់​ក្នុង​ផ្ទះ​ធម្មតា វា​មិន​អីទេ​»។

លោក​បាន​ប្រាប់​ថា ការ​ផ្សាយ​វីដេអូ​​មិន​ត្រូវ​បាន​លើកលែង​ចំពោះ​បម្រាម​ស្ដីពី​ការ​ជួប​ជុំ​ទ្រង់ទ្រាយ​ធំ​នោះ​ទេ មិន​ថា​ពួក​គេ​ថត​​ចេញ​ពី​ទី​ណា​ក៏​ដោយ​។

លោក​បាន​ឲ្យ​ដឹង​ថា​៖ «​ការ​ជួប​ជុំ​ចាប់​ពី ១០ នាក់​ ឬ​អ្នក​ទស្សនា​ជុំ​គ្នា​ច្រើន​មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ​។ ប៉ុន្ដែ​បើ​ការ​ជួប​ជុំ​ត្រឹម​តែ​ឌីជេ​ម្នាក់ ពិធីករ​ម្នាក់ កាមេរ៉ា​ម្នាក់ ២ ​ ហើយ​អ្នក​ទស្សនា​ជា​លក្ខណៈ​គ្រួសារ​តូចៗ ដោយ​អនុវត្ដ​រក្សា​គម្លាត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ នោះ​វា​មិន​​អី​ទេ​»។

លើស​ពី​នេះ លោក វណ្ណា បាន​បញ្ជាក់​ថា ម្ចាស់​ក្លិប​ត្រូវ​តែ​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន​មុន​បង្ហោះ ឬ​ផ្សាយ​វីដេអូ​តាម​អនឡាញ​។

នេះ​មិន​មែន​ជា​លើក​ដំបូង ដែល​ក្លិប​រាត្រី​ផ្ដល់​ការ​កម្សាន្ដ​​តាម​អនឡាញ​នោះ​ទេ​។ ក្លិប​​នៅ​សិង្ហបុរី ​​ផ្ដល់​កម្មវិធី​ «Cloud-clubbing» សម្រាប់​ប្រិយមិត្ដ​នៅ​ផ្ទះ ខណៈ Quarantine Club នៅ​កាណាដា បង្កើត​កម្មវិធី​ជួប​ជុំ​តាម​​Zoom យ៉ាង​សប្បាយ​ផង​ដែរ៕