ភ្នំពេញ៖ ធុញ​ថប់​នឹង​ការងារ​ប្រចាំ​ថ្ងៃ​​ ជា​ពិសេស​ថ្ងៃ​បន្ទាប់​ដើម​សប្ដាហ៍​មែន​ទេ? ចង់​ក្រេប​​ភេសជ្ជៈ​ត្រជាក់ៗ​ តែ​គិត​ដល់​លំហាត់​ប្រាណ​រាងកាយ​មែន​ទេ?

អ៊ីចឹង ​​យោគៈ​ស្រាបៀរ​ អាច​ជា​លេស​ដ៏​សម​ស្រប​ដែល​ជំរុញ​ចិត្ដ​ឲ្យ​បញ្ជា​ដៃ​កាន់​កែវ​ស្រាបៀរ​ ស្រប​ពេល​ហាត់​រៀន​យោគៈ​​ផង និង​ទទួល​បាន​ភាព​រីករាយ​ផង​។

ចលនា​យោគៈ​ស្រាបៀរ​មិន​ខុស​ប្លែក​ឆ្ងាយ​ពី​ចលនា​យោគៈ​ប្រពៃណី​នោះ​ទេ​។

អ្នក​ហ្វឹកហាត់​ក៏​ត្រូវ​ធ្វើ​កាយវិការ​មូលដ្ឋាន​ ដោយ​បញ្ចូល​ជាមួយ​ការ​ក្រេប​ស្រាបៀរ​។

លោក ខូនន័រ ឈេនី ឃើស ជា​អ្នក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​ផលិត​ស្រាបៀរ TwoBirds Craft Beer ដែល​បាន​រៀបចំ​កម្មវិធី​សិក្សា​នេះ បាន​និយាយ​ថា​៖ «​ខ្ញុំ​ជឿ​ថា យោគៈ​ប្រពៃណី​គួរ​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រភេទ​កីឡា ខណៈ​យោគៈ​ស្រាបៀរ​ផ្ដល់​នូវ​ការ​កម្សាន្ដ​ក្រោយ​ពី​បំពេញ​ការងារ​នឿយ​ហត់​»។

លោក ខូនន័រ បាន​ឱ្យ​ដឹង​ថា គំនិត​របស់​លោក ​គឺ​ចង់​ផ្ដល់​ភាព​ស្រស់ស្រាយ​ដល់​អ្នក​មាន​អារម្មណ៍​នឿយ​ណាយ​ចំពោះ​ការងារ​ដោយ​ការ​រៀបចំ​កម្មវិធី​បង្រៀន​យោគៈ ​ពិសេស​នៅ​រៀង​រាល់​ថ្ងៃ​អង្គារ ជា​ថ្ងៃ​ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​វេលា​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់​បំផុត​។

TwoBirds Craft Beer មានទីតាំង​នៅ​ Factory Phnom Penh។ ហុង មិនា

អ្នក​ចូលរួម​ត្រូវ​បាន​លើក​ទឹក​ចិត្ដ​ឲ្យ​ធ្វើ​ការ​កក់​កន្លែង​ជាមុន ខណៈ​បរិវេណ​នៃ​ទី​កន្លែង​ហ្វឹកហាត់​ និង​ការ​ក្រេប​ស្រាបៀរ​មាន​កំណត់​ត្រឹម ១២ ​កម្រាល តែ​ប៉ុណ្ណោះ​។​

លោក ខូនន័រ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍​​ ទៀត​ថា​៖ «​ច្បាស់​ណាស់ មនុស្ស​ភាគ​ច្រើន​យល់​ថា ថ្ងៃ​អង្គារ​ជា​វេលា​មិន​ស្រឡះ​ចិត្ដ​ឡើយ​។ វា​ជា​ថ្ងៃ​ទី ២​ នៃ​សប្ដាហ៍​ ហើយ​ក៏​​ស្ថិត​នៅ​ឆ្ងាយ​ពី​ថ្ងៃ​ចុង​សប្ដាហ៍​»។

លោក ខូនន័រ ជា​សហស្ថាបនិក​ TwoBirds Craft Beer បាន​បន្ដ​ថា គោល​បំណង​គឺ​​មិន​សប្បាយ​ដល់​ថ្នាក់​ស្រវឹង ​និង​មិន​បង្ខំ​អ្នក​ចូលរួម​ឲ្យ​ខិតខំ​ហ្វឹកហាត់​ខ្លាំង​នោះ​ទេ​។

គោល​បំណង​ហាត់​យោគៈ​ស្រាបៀរ​ ​គឺ​ផ្ដល់​ការ​​សម្រាក​ផ្លូវ​អារម្មណ៍​ ឈប់​គិត​ពី​​រឿង​ការងារ​ និង​បញ្ហា​ផ្សេង​ៗ​មួយ​រយៈ​ខ្លី​ ដោយ​បង្វែរ​មក​ជួបជុំ​​គ្នា​បញ្ចេញ​ញើស​ និង​ការ​កម្សាន្ត​ជាមុន​សិន​។

លោក​បាន​លើក​ឡើង​​​ថា៖ «ដើម្បី​ឲ្យ​កាន់​តែ​ងាយ​ស្រួល យើង​ផ្ដល់​វេលា​ដល់​អ្នក​សកម្ម​នឹង​ការងារ​សម្រាក​ពី​​ភាព​ស្មុគស្មាញ ​១ ម៉ោង ​នៅ​ថ្ងៃ​ដ៏​មមាញឹក​ខ្លាំង​»។

ស្ថិត​ក្នុង​ចំណោម​អ្នក​ហាត់ ​កញ្ញា ស្រីលីន វ៉ាន់ បាសា បាន​យក​ដប​អាល់​កុល​បាញ់​សម្លាប់​មេរោគ​លើ​ដៃ​ទាំង ២ មុន​ពេល​ចូល​បរិវេណ​បារ៍ និង​កន្លែង​ផលិត​ស្រាបៀរ​ខ្ចី TwoBirds Craft Beer ដែល​មាន​ទីតាំង​នៅ​ Factory Phnom Penh។

មុន​ពេល​យក​ដៃ​កាន់​កែវ​ស្រាបៀរ ស្រីលីន​ វ៉ាន់ បាសា អាយុ ២៥ ឆ្នាំ បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍​ ថា​៖ «ខ្ញុំ​មិន​​ធ្លាប់​ធ្វើ​យោគៈ​សោះ​ ហើយ​ពេល​​មិត្ដភក្ដិ​ប្រាប់​ពី​កម្មវិធី​យោគៈ​ស្រាបៀរ​​នេះ ខ្ញុំ​សួរ​ខ្លួន​ឯង​ថា តើ​ហេតុ​អ្វី​ក៏​មិន​សាកល្បង​លេង​យោគៈ​ស្រាបៀរ។ ខ្ញុំ​ទើប​ចាប់​​ផ្ដើម​ធ្វើ​លំហាត់​ប្រាណ​យោគៈ​នេះ​បាន ៣ ​ដង ហើយ​ម្ដង​ជា​យោគៈ​សមាធិធម្មតា និង​ ២ ​ដង​ជា​ប្រភេទ​ ស្រាបៀរ​នេះ​»។

សកម្មភាព​ធ្វើ​ចលនា​យឺតៗ​បាន​ធ្វើ​ឱ្យ​រាងកាយ ​ស្រីលីន បែក​ញើស​ស្រោច​ខ្លួន​ពី​ក្បាល​ដល់​ចុង​ជើង​ តែ​កញ្ញា​នៅ​អាច​រំលេច​​​ស្នាម​ញញឹម​ ខណៈ​ដៃ​កាន់​កែវ​ស្រាបៀរ​​ក្រេប​ប៉ុន្មាន​ក្អឹក​។

កញ្ញា​និយាយ​ថា​៖ «យោគៈ​ស្រាបៀរ​ផ្ដល់​ការ​សប្បាយ​ជាង​ពី​ព្រោះ​វា​ធ្វើ​ឲ្យ​យើង​ស្រស់ស្រាយ​ និង​ស្បើយ​អារម្មណ៍​តានតឹង​។ ចំពោះ​យោគៈ​ធម្មតា​ខ្ញុំ​ធ្វើ​ចាប់​ពី ២០ ​នាទី ​ទៅ​វា​ធ្វើ​ឲ្យ​ធុញ​ទ្រាន់​។ ប៉ុន្ដែ​ពេល​​​យើង​ធ្វើ​យោគៈ​បណ្ដើរ​ក្រេប​ស្រាបៀរ​តិចៗ​បណ្ដើរ​វា​ធ្វើ​ឲ្យ​បែក​ញើស​ស្រួល​ខ្លួន​ ហើយ​យើង​បាន​សប្បាយ​ជាមួយ​មិត្ដភក្ដិ​ទៀត​។

កញ្ញា អានណា បាចមេន ជា​គ្រូ​បង្វឹក​យោគៈ​ដែល​មាន​បទពិសោធ​ហ្វឹកហាត់ ៦ ​ឆ្នាំ និង​បង្រៀន​ជាង ១ ​ឆ្នាំ​ ហើយ​កញ្ញា​មាន​បំណង​ចង់​សាកល្បង​បង្រៀន​យោគៈ​ស្រាបៀរ​។​ កញ្ញា​ធ្លាប់​សិក្សា​នៅ​សាលា​បារាំង Lycee Francais Rene Descartes (LFRD) ក្នុង​រាជធានី​ភ្នំពេញ​តាំង​ពី​ឆ្នាំ​ ២០០៥ ដល់​ឆ្នាំ ​២០១០​។

កញ្ញា​និយាយ​ថា​៖ «​ថ្នាក់​នេះ​ស័ក្ដិសម​សម្រាប់​លក្ខណៈ​មិត្ដភក្ដិ​ និង​ធ្វើ​លំហាត់ប្រាណ​រួម​គ្នា​។ នេះ​ប្រហែល​ជា​មធ្យោបាយ​ហ្វឹកហាត់​យោគៈ​បែប​ថ្មី​សម្រាប់​អ្នក​។ ប៉ុន្ដែ​គោល​បំណង​ចម្បង​នៃ​វគ្គ​សិក្សា​នេះ ​គ្រាន់​តែ​បង្កើត​បរិយាកាស​រីករាយ​ សប្បាយ​ៗ និង​មិន​តានតឹង​»។

លោក ខូនន័រ ​ទទួល​ស្គាល់​ថា ការ​ហាត់​ហោគៈ​ស្រាបៀរ ​ដំបូង​ស្ដាប់​ទៅ​គួរ​ឱ្យ​ចង់​សើច​បន្ដិច អ្នក​ចូលរួម​ផ្ដល់​តម្លៃ​ខ្ពស់​លើ​ភាព​រីករាយ​​ពេល​ពួក​គេ​បញ្ចប់​ការ​ហាត់​។

កញ្ញា ​ស្រីលីន មាន​ចំណាប់​អារម្មណ៍​ដែរ​ថា​៖ «បើ​យើង​ចង់​មាន​ការ​សប្បាយ​ជាមួយ​​មិត្ដភក្ដិ​ចង់​បែក​ញើស​ខ្លាំង Beer Yoga ជា​បទពិសោធ​មួយ​ដ៏​ល្អ​សម្រាប់​លំហាត់​ប្រាណ​បែប​ស្រស់​ស្រាយ​»។

យោគៈ​ស្រាបៀរ​ក្នុង ១ ម៉ោង​តម្លៃ ៨ ​ដុល្លារ នៅ​ម៉ោង ៦ ​ល្ងាច​នា​ថ្ងៃ​អង្គារ ដោយ​មិន​ចាំ​បាច់​ចុះ​ឈ្មោះ និង​ទទួល​បាន​ស្រាបៀរ​​ ១ កែវ​ឥត​គិត​ថ្លៃ​។

សម្រាប់​ព័ត៌មាន​បន្ថែម​សុំ​ចូល​ទៅ​កាន់​ហ្វេសប៊ុក​​ @TwoBirdsCraftBeer៕