ក្រុងប៉េកាំង: ស្រាទំពាំងបាយជូរមួយដបតម្លៃ ៣០០ ដុល្លារត្រូវបានលក់នៅទឹកដីសហរដ្ឋអាមេរិក និងអឺរ៉ុប បានផលិតឡើងក្នុងទីតាំងមិនសមទំនងបំផុត គឺឯជើងភ្នំហិមពាន្ដប្រទេសចិន ជាទីដែលប្រជាកសិករចិនធ្វើការបណ្ដើរ ច្រៀងចម្រៀងប្រពៃណីពេលប្រមូលផល។
ចម្ការទំពាំងបាយជូរផ្លែពណ៌ខៀវក្រមៅ ដែលជាប្រភពនៃ ការផលិតស្រាដ៏ឆ្ងាញ់នេះស្ថិតមិនឆ្ងាយប៉ុន្មានពីទីបេឡើយ។
ចម្ការទំពាំងបាយជូរ Ao Yun ស្ថិតនៅពីក្រោមភ្នំពិសិដ្ឋ ម៉ៃលី នៅកម្ពស់ ២២០០ ម៉ែត្រលើនីវ៉ូទឹកសមុទ្រឯភាគនិរតីខេត្ដយុនណាន ប្រទេសចិន។
ខណៈស្រាទំពាំងបាយជូរកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងប្រទេសចិន មិនច្បាស់ថា វាត្រូវបានផលិតឡើងពីណាឡើយ តែក្រុមហ៊ុនយក្សនៅបារាំង Moet Hennessy បានលាតត្រដាងពីទីតាំងរបស់ខ្លួនដោយការបង្ហាញទីតាំងប្រភពរុក្ខជាតិគ្រឿងផ្សំចម្បងពីប្រទេសនៅអាស៊ី ដែលអាចផលិតស្រាក្រហមលំដាប់ពិភពលោក សឹងតែមិនគួរឲ្យជឿ។
ក្រុមហ៊ុនចំណាយពេល ៤ ឆ្នាំ ស្វែងរកទីតាំងល្អបំផុតក្នុងប្រទេសដ៏ធំធេងនេះ ហើយលទ្ធផល Ao Yun មានន័យថា «ហោះលើពពក» អាចដាក់លក់ក្នុងឆ្នាំ ២០១៣។
លោកម៉ាសេន ឌូលូ នាយកគ្រប់គ្រងអចលនទ្រព្យ Ao Yun បានប្រាប់ទីភ្នាក់ងារ AFP ខណៈលោកត្រួតពិនិត្យផ្លែទំពាំងបាយជូរម្ដងផ្លែៗយ៉ាងយកចិត្ដទុកដាក់នៅចម្ការមួយរបស់លោកថា៖ «ទីតាំងនេះពិតជាល្អអស្ចារ្យ ដោយវាមានទំហំធំធេង»។
លោក ឌូលូ អាយុ ៤៣ ឆ្នាំ បានបន្ដថា លោកមានក្ដីសុបិនស្វែងរកដែនដីមាសដាំទំពាំងបាយជូរ ឬ «terroir» ជាភាសាបច្ចេកទេសបារាំងដែលអំណោយផលទាំងដី និងអាកាសធាតុក្នុងប្រទេសចិន តាំងពីលោកមកសិក្សានៅសាកលវិទ្យាល័យ។
ក្រុមហ៊ុនចង់បង្ហាញថា ស្រាទំពាំងបាយជូរល្អបំផុតអាចផលិតឡើងក្នុងប្រទេសចិន ជាទីដែលអ្នកប្រើប្រាស់ក្នុងស្រុកជឿជាក់លើស្រាបារាំងជាងផលិតផលក្នុងស្រុក។
ស្រាទំពាំងបាយជូរ Cabernet Sauvignon និង Cabernet Franc បានធ្វើឲ្យអ្នកនិយមស្រាទំពាំងបាយជូរស្រឡាំងកាំង។ យ៉ាងណាមិញ មានតែ ចំនួន ២០០០ កេសប៉ុណ្ណោះត្រូវបានផលិតឡើងក្នុង ១ ឆ្នាំ និងលក់ក្នុងប្រទេសចិន បណ្ដាប្រទេសនៅអាស៊ី សហរដ្ឋអាមេរិក ព្រមទាំងអឺរ៉ុបផងដែរ៕